មន្ត្រីជាន់ខ្ពស់​អាមេរិក​និង​ស្ដេច​ហ្ស៊កដានីពិភាក្សា​ពី​អនាគត​សន្តិភាពនៅ​មជ្ឈិម​បូ​ព៌ា

12-03-2019 11:32 am 123
  ស្តាប់
​លោក​Mike Pompeoនៅខាងឆ្វេងស្តេច​នៃ​ប្រទេស​ហ្ស៊កដានីAbdullah
ស្តាប់ជាសំឡេង

​លោក​Mike Pompeo​ប្រមុខ​ការទូត​អាមេរិក និង​ទីប្រឹក្សា​ជាន់ខ្ពស់​នៅ​សេត​វិមាន​លោក Jared Kushner និង​លោក Jason Greenblatt បាន​ជួបពិភាក្សា​ជាមួយ​ស្តេច​នៃ​ប្រទេស​ហ្ស៊កដានី Abdullah អំពី​អនាគត​សន្តិភាព​ប្រទេស​នៅ​មជ្ឈិម​បូ​ពា៌​។ ​ប្រភព​ដែល​ដឹង​ពី​ការប្រជុំ​ថា កិច្ចប្រជុំ​បាន​ប្រព្រឹត្តទៅ​រយៈពេល​៤៥​នាទី នៅក្នុង​គេហដ្ឋាន​របស់​ឯកអគ្គ​រដ្ឋទូត​ហ្ស៊កដានី ស្ថិតនៅក្នុង​ទីក្រុង​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​ចន្ទ​។ ព័ត៌មាន​លម្អិត​ពី​កិច្ចប្រជុំ​នេះ មិន​ត្រូវបាន​ទម្លាយ​ឲ្យដឹង​នៅឡើយ​ទេ​។ យោងទៅតាម​សេចក្តីថ្លែងការណ៍ ចេញ​ដោយ​ស្ថានទូត​ហ្ស៊កដានី​ឲ្យដឹងថា កិច្ចប្រជុំ​គឺ​គ្របដណ្តប់​នូវ​ការវិវត្តន៍​ថ្មីៗ​បំផុត នៅ​មជ្ឈឹម​បូ​ព៌ា​,​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ឈានទៅរក​ដំណោះស្រាយ​នយោបាយ ចំពោះ​វិបត្តិ​ក្នុង​តំបន់ និង​កិច្ចប្រឹងប្រែង ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ភេរវកម្ម នៅក្នុង​វិធីសាស្ត្រ​រួម និង​កិច្ចសហប្រតិបត្តិការ​ហ្ស៊កដានី - អាមេរិក​នៅក្នុង​បញ្ហា​នេះ​។​

​នៅ​ថ្ងៃ​ចន្ទ​នោះ ព្រះអង្គម្ចាស់ Abdullah​បាន​ជួបពិភាក្សា​ជាមួយ​លោក​Mike Pence​អនុ​ប្រធានាធិបតី​អាមេរិក​ផងដែរ​។ ការិយាល័យ​របស់លោក Pence បាន​និយាយថា លោក Pence​និង​ព្រះអង្គម្ចាស់​Abdullah បាន​ពិភាក្សា អំពី ការបន្ត​ប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម និង ការសម្រេចចិត្ត​របស់​លោក Trump ដើម្បី​រក្សា​វត្តមាន​កង​ទ័ព​របស់​សហរដ្ឋអាមេរិក ដែល​នៅ​សេសសល់ នៅក្នុង​ប្រទេស​ស៊ី​រី​។ ព្រះអង្គ​ក៏បាន​ជួប​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​លោក Patrick Shanahan ពិភាក្សា​ពី​កិច្ចសហប្រតិបត្តិការ​យោធា និង​ការពារជាតិ រវាង​ហ្ស៊កដានី​និង​សហរដ្ឋ​អាមេរិក​។​

​ជំនួប​ពិភាក្សា​ពី​អនាគត​សន្តិភាព​នៅ​មជ្ឈិម​បូ​ពា៌នេះ ធ្វើឡើង​ក្រោយពី ទីប្រឹក្សា​ជាន់ខ្ពស់​សេត​វិមាន​លោក Jared Kushner និង​លោក Jason Greenblatt បាន​វិលត្រឡប់​មកពី រដ្ឋ​ឈូង​សមុទ្រ​កាលពីពេល​ថ្មីៗ​នេះ​។ មន្ត្រីជាន់ខ្ពស់​ទាំងពីរ​ស្វែងរក​ការគាំទ្រ ពី​មេដឹកនាំ​អារ៉ាប់ នៃ​សំណើ​សន្តិភាព​នៅ​មជ្ឈឹម​បូ​ព៌ា ដែល​ប្រធានាធិបតី​អាមេរិក គ្រោង​បង្ហាញ​នៅ​ប៉ុន្មាន​ខែ​ខាងមុខ​។ 

​ផែនការ​សន្តិភាព​នៅ​មជ្ឈិម​បូពា៌​របស់លោក Trump គ្រោង​បង្ហាញ​យូរ​មកហើយ ប៉ុន្តែ​ត្រូវបាន​ពន្យារពេល ក្រោយពី​ប៉ាឡេ​ស្ទីន​ផ្ទុះ​កំហឹង​នៅពេល​អាមេរិក យល់ព្រម​ទទួលស្គាល់​ទីក្រុង​ជេ​រូ​សាឡឹម​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល​នៅ​ឆ្នាំ​២០១៧​។ ជេ​រ៉ូ​សាឡឹម​នៅ​ជាប់ជំពាក់​ដោយ​ជម្លោះ​រវាង​ប៉ាឡេ​ស្ទី​ននិង​អ៊ីស្រាអែល​។ យោងទៅតាម​មន្ត្រី​សេត​វិមាន​ឲ្យដឹងថា លោក​ត្រាំ​នឹង​បង្ហាញ​ផែនការ​សន្តិភាព បន្ទាប់ពី​ការបោះឆ្នោត​នៅ​ប្រទេស​អ៊ីស្រាអែល ថ្ងៃទី​៩​ខែមេសា​ខាងមុខ​។ ការបោះឆ្នោត​នេះ នឹង​សម្រេច​ជោគវាសនា របស់​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក Benjamin Netanyahu ដែលជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់លោក Trump ៕

 

ព័ត៌មានផ្សេងទៀត