ប្រធានាធិបតី​អ៊ីរ៉ង់​ទស្សនកិច្ច​លើកដំបូង​ក្នុងប្រទេស​អ៊ីរ៉ាក់ ផ្តោតលើ​ការពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​

11-03-2019 4:31 pm 143
  ស្តាប់
លោក​ហាសាន រ៉ូ​ហានីប្រធានាធិបតី​អ៊ីរ៉ង់
ស្តាប់ជាសំឡេង

​នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ ប្រធានាធិបតី​អ៊ីរ៉ង់​លោក​ហាសាន រ៉ូ​ហានី បានចាប់ផ្តើម​ទស្សនកិច្ច​រយៈពេល​៣​ថ្ងៃ នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​។ គោលបំណង​នៃ​ការបំពេញ​ទស្សនកិច្ច​លើកដំបូង ជា​ប្រវត្តិសាស្ត្រ ទៅកាន់​ប្រទេស ​មួយ​នេះ ដើម្បី​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​។ ​លោក​ហាសាន រ៉ូ​ហានី​និយាយ​នៅឯ​ព្រលានយន្តហោះ​Mehrabad​នៃ​ទីក្រុង​តេ​អ៊ីរ៉ង់ ដោយ​បង្ហាញ​ចំណាប់អារម្មណ៍ ក្នុង​ការពង្រីក​ទំនាក់ទំនង​ជាមួយ​អ៊ីរ៉ាក់​... ជាពិសេស​កិច្ចសហប្រតិបត្តិកា​រវិស័យ​ដឹកជញ្ជូន​តែម្តង​។ មន្ត្រីជាន់ខ្ពស់​អមដំណើ​រលោក​រ៉ូ​ហានី​និយាយថា អ៊ីរ៉ាក់​គឺជា​ច្រក​មួយ​ផ្សេងទៀត សម្រាប់​អ៊ីរ៉ង់ ដើម្បី​ចៀសវាង​ការដាក់ទណ្ឌកម្ម ដោយ​អ​យុត្តិធម៍​របស់​អាមេរិ​ក .... ការបំពេញ​ទស្សនកិច្ច​ផ្លូវការ​នេះ នឹង​ផ្តល់ឱកាស ដល់​ការជំរុញ​សេដ្ឋកិច្ច​អ៊ីរ៉ង់​។ 

​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​អ៊ីរ៉ង់ IRNA​ឲ្យដឹងថា អំឡុងពេល​បំពេញ​ទស្សនកិច្ច​រយៈពេល​៣​ថ្ងៃ​ក្នុងប្រទេស​អ៊ីរ៉ាក់ មាន​កិច្ចព្រមព្រៀង​សំខាន់ៗ​មួយចំនួន ត្រូវ​ចុះហត្ថលេខា​ជា​បន្តបន្ទាប់​។ នៅ​ក្នុងនោះ មានដូចជា វិស័យ​ថាមពល ដឹកជញ្ជូន កសិកម្ម ឧស្សាហកម្ម​និង​សុខាភិបាល​។ ចំណែក​ការិយាល័យ​ប្រធានាធិបតី​អ៊ីរ៉ាក់​ឯណេះ​វិញ​ឲ្យដឹងថា លោក​រ៉ូ​ហានី​នឹង​ទស្សនកិច្ច​ទៅ​កាន់ ទី​សក្ការបូជា​មូស្លីម Shi'ite នៅ​ក្នុងស្រុក Khadhimiya នៃ​ទីក្រុង​បា​ដា​ដ​ផងដែរ​។​

​ដំណើរ​ទស្សនកិច្ច​លើកដំបូង របស់លោក​រ៉ូ​ហានី​ទៅកាន់​ប្រទេស​អ៊ីរ៉ាក់ ក៏​ជា​ការផ្ញើ​សារ​ដ៏​ស្រួចស្រាវ​ទៅកាន់​អាមេរិក និង​ប្រទេស​សម្ព័ន្ធមិត្ត​នៅក្នុង​តំបន់ ថា​អ៊ីរ៉ង់​នៅតែ​ដើរតួនាទី​លេចធ្លោ នៅក្នុង​នយោបាយ​អ៊ីរ៉ាក់​។ អ៊ីរ៉ង់​បាន​ស្ទុះស្ទារ​ពង្រីក​ទំនាក់ទំនង​ពាណិជ្ជកម្ម ជាមួយ​ប្រទេសជិតខាង ព្រោះ​សេដ្ឋកិច្ច​អ៊ីរ៉ង់​ជួប​ឧបស័គ្គ ដោយសារតែ​អាមេរិក​ដាក់ទ័ណ្ឌកម្ម​។ អ៊ីរ៉ង់​បាន​រង​សម្ពាធ​ទណ្ឌកម្មសេដ្ឋកិច្ច​កាន់តែ​ខ្លាំង ក្រោយ​អាមេរិក​ដកខ្លួន​ដោយ​ឯកតោភាគី ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ កាលពី​ខែឧសភា​កន្លងទៅ​។ អាមេរិក​ដកខ្លួន​ចេញ ក្រោម​ហេតុផល​ថា អ៊ីរ៉ង់​នៅតែ​បន្ត​អភិវឌ្ឍ​នុយក្លេអ៊ែ​រ​។​

​ក្រៅពី​អ៊ីរ៉ង់ ប្រទេស​មួយចំនួន​ផ្សេងទៀត ក៏​នឹងត្រូវ​អាមេរិក​ដាក់ទណ្ឌកម្ម​ដូចគ្នា បើ​ហ៊ាន​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​អ៊ីរ៉ង់ ប្រឆាំងនឹង​ទណ្ឌកម្ម​។ ទណ្ឌកម្ម​អាមេរិក​មាន​វិសាលភាព​ធំធេង រហូត​ក្រុមហ៊ុន​អឺរ៉ុប​ក្លាចរអា ក្នុង​ការរកស៊ី​ជាមួយ​អ៊ីរ៉ង់​។ អ៊ីរ៉ង់​បាន​គំរាម ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ជាមួយ​ភាគី​ដែល​នៅ​សេសសល់ ប្រសិនបើ​មហាអំណាច​សហភាព​អឺរ៉ុប មិនអាច​ការពារ​ផលប្រយោជន៍​សេដ្ឋកិច្ច​របស់ខ្លួន​បានទេ​៕


ព័ត៌មានផ្សេងទៀត