ហេតុផល​អ្វី​ធ្វើឱ្យ​លោក​ហ៊ុន​សែន​ប្តូរ​ចិត្ត​មិន​កែ​រដ្ឋធម្មនុញ្ញ​បើកផ្លូវ​ឱ្យ​មាន​ទោស​ប្រហារជីវិត​?

11-03-2019 1:56 pm 771
  ស្តាប់
ស្តាប់ជាសំឡេង

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​នេះ បាន​ប្រកាស​មិន​មាន​ការស្នើ​ឱ្យ​កែ​រដ្ឋធម្មនុញ្ញ ដើម្បី​បើកផ្លូវ​ឱ្យមាន​ការបង្កើត​ច្បាប់​ប្រហារជីវិត​ទេ ។ ការប្រកាស​នេះ ធ្វើឡើង​ក្នុងពេលដែល​លោក​ធ្វើ​ជា​អធិតីភាព ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច នា​ព្រឹក​ថ្ងៃទី​១១ ខែ​មីនា ។ ការប្រកាស​លុប​ចោល​នេះ ធ្វើឡើង​ក្រោយ​លោក​ទទួលបាន​ការផ្តល់​មតិ​ច្រើន ពិសេស​ពី​អ្នកវិភាគ​និង​អ្នកច្បាប់ ដែល​ភាគច្រើន ពួកគេ​មិន​ចង់ឱ្យ​មាន​ច្បាប់​ប្រហារជីវិត ខណៈ​កម្ពុជា​បាន​លុបចោល​ច្បាប់​នេះ​តាំងពី​យូរ​មក​ហើយ ។ ចំណុច​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​រូប​នេះ​បារម្ភ​បំផុត​នោះ គឺ​ខ្លាច​តុលាការ​កាត់ទោស​ប្រហារជីវិត​មនុស្ស​ច្រឡំ...

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បានប្រកាស​សម្រេច​មិន​មាន​ការស្នើ​ឱ្យ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ បើកផ្លូវ​ឱ្យ​មាន​ការបង្កើត​ទោស​ប្រហារជីវិត ចំពោះ​ករណី​រំលោភបំពាន​រាងកាយ និង​ផ្លូវភេទ​ទេ ប៉ុន្តែ លោក​បាន​ដាក់ចេញ​វិធានការ​បញ្ជ្រាប​គុណធម៌ សីលធម៌ ពិសេស​គឺ​ពង្រឹង​ការអនុវត្ត​ច្បាប់​ឱ្យបាន​តឹងរឹង និង​ផ្តន្ទាទោស​ឱ្យ​ធ្ងន់ធ្ងរ​ចំពោះ​អ្នកប្រព្រឹត្ត…
​សំឡេង​លោក​ហ៊ុន សែន ៖

​ការប្រកាស​សម្រេច​មិន​ធ្វើ​ការកែប្រែ​រដ្ឋធម្មនុញ្ញ​នេះ ធ្វើឡើង​បន្ទាប់​ពី​លោក​បាន​ទទួល​ការធ្វើប្រជាមតិ ពិសេស យោង​តាម​មតិ​យោបល់​ពី​ក្រុមអ្នកវិភាគ និង​អ្នកច្បាប់ ដូចជា លោក សុក សំអឿន​, លោក អ៊ូ វីរៈ និង​លោក សុខ ទូច តាមរយៈ​សារព័ត៌មាន​ក្នុងស្រុក ។​

​ក្នុងនោះ លោក សុក សំអឿន អ្នកជំនាញ​ផ្នែក​ច្បាប់ ត្រូវបាន​ស្រង់​សម្តី​ដោយ​ភ្នំពេញ​ប៉ុស្តិ៍​ថា បទល្មើស​បែបនេះ មិន​គួរ​ត្រូវ​បាន​ទទួល​ទោស​ប្រហារជីវិត​ទេ ជាពិសេស​ក្នុង​ប្រទេស​មួយ​ដែល​ប្រព័ន្ធ​ច្បាប់​មិន​ទាន់​រឹងមាំ ។ លោក​ថា ទោស​ប្រហារជីវិត​មាន​គ្រោះថ្នាក់​ដល់​អ្នក​ដែល​មិន​បាន​ប្រព្រឹត្ត​បទល្មើស​ពិតប្រាកដ ។ 

​លោក សុក សំអឿន បាន​លើក​ជា​ឧទាហរណ៍​ការអនុវត្ត​ទោស​ប្រហារជីវិត​ក្នុងសម័យ​ខ្មែរក្រហម ដោយ​លោក​ថា បានធ្វើឱ្យ​មនុស្ស​រាប់លាន​នាក់​ស្លាប់​ដោយ​គ្រាន់តែ​ការ​លួច​ដំឡូង ។​

​អ្នកជំនាញ​ផ្នែក​ច្បាប់​រូបនេះ​បន្តថា លោក​គិតថា មនុស្ស​មិន​ភ័យខ្លាច​ទោស​ប្រហារជីវិត​ទេ បញ្ហា​គឺ​ការអនុវត្ត​ច្បាប់ ។ ទី​១ ប៉ូលិស​ត្រូវតែ​ខ្លាំង ទី​២ ត្រូវ​មាន​ការអប់រំ​ផ្នែក​សីលធម៌ ។ យើង​ឃើញ​មាន​ការកើនឡើង​ការអប់រំ​ផ្លូវចិត្ត ប៉ុន្តែ​មិន​ទាន់​មាន​គុណភាព ។​

​គាត់​ថា រៀងរាល់​យប់ យើង​ឮ​ធម៌​ទេសនា​ដោយ​ព្រះសង្ឃ​ច្រើនណាស់​តាម​វិទ្យុ ។ ដូច្នេះ ការអប់រំ​កំពុង​ដើរ​ទៅ​មុខ ។ លោក សុក សំអឿន ថ្លែងថា បទល្មើស​រំលោភ​សេពសន្ថវៈ​មាន​លក្ខណៈ​ស្រាល​ជាង​បទល្មើស​គ្រឿងញៀន ឃាតកម្ម និង​បទ​ក្បត់ជាតិ ។​

​លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​បាន​យល់​ឃើញ​ប្រហាក់ប្រហែល​នេះដែរ ។ លោក​ថ្លែងថា​៖ «​យើង​ខ្លាច​ថា​មាន​អ្វីមួយ​កើតឡើង​។ ឧទាហរណ៍​អ្នក​ណា​ម្នាក់​គាត់​ចង់​សម្លាប់​អ្នក​ណា​ម្នាក់ គាត់​ធ្វើឱ្យ​មាន​អី​កើតឡើង ហើយ​ទម្លាក់​កំហុស​លើ​អ្នក​ផ្សេង ។ តើ​អ្នកណា​អាច​រកឃើញ​ថា អ្វី​បាន​កើតឡើង​ពិតប្រាកដ​? ជីវិត​មិន​អាច​រស់​ឡើងវិញ​បាន​ទេ​» ។​

​ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​រូបនេះ បាន​ចោទសួរ​ពី​ឯករាជ្យភាព​នៃ​ព្រះរាជអាជ្ញា និង​ចៅក្រម ក្រមសីលធម៌ និង​វិជ្ជាជីវៈ​របស់​ពួកគេ ក្នុង​ការកាត់ទោស​បទ​ល្មើស​បែបនេះ ។ លោក​ថា ទោស​ប្រហារជីវិត​គួរ​កើត​មាន​ក្រោយពេល​មាន​ការ​ស្រា​ជ្រាវ និង​ភ័ស្តុតាង​ច្បាស់លាស់ ។​

​អ្នកស្រី ចក់ សុភាព នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ថ្លែងថា ទោស​ប្រហារជីវិត​មិនគួរ​ប្រើប្រាស់​ឡើងវិញ​ក្នុង​សង្គម​កម្ពុជា​ទេ ក្រោយពេល​ប្រទេស​នេះ បាន​ឆ្លងកាត់​ការសម្លាប់​រង្គាល​អំពើ​ប្រល័យ​ពូជសាសន៍ ។ នៅពេលដែល​មាន​និទ្ទណ្ឌភាព​អំពើពុករលួយ និង​កង្វះ​ឯករាជ្យភាព​របស់​តុលាការ​កើតមាន ច្បាប់​នេះ អាច​ត្រូវបាន​ប្រើ​តាម​ទំនើងចិត្ត ។​

​អ្នកស្រី​បន្ត​ថា បន្ថែម​លើ​ការអនុវត្ត​ច្បាប់ ការអប់រំ​អំពី​ហិង្សា​ផ្លូវភេទ ក៏​ដើរ​តួនាទី​យ៉ាង​សំខាន់​ផង​ដែរ ។ ជនរងគ្រោះ​ដោយ​ការរំលោភ​សេពសន្ថវៈ រងគ្រោះ​ដល់​ទៅ​២​ដង គឺ​ទី​១ ដោយ​អំពើ​រំលោភបំពាន ហើយ​ទី​២ គឺ​ដោយសារតែ​ការបង្ហាញ​ការពិត​ដែល​ធ្វើឱ្យ​ក្រុមគ្រួសារ​បាត់បង់​កិត្តិយស ។​

​លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត បាន​សរសេរ​លើ​ទំព័រ​ហ្វេ​សប៊ុក​របស់ខ្លួន កាលពី​ថ្ងៃ​ទី​១០ ខែ​មីនា ថា «​ច្បាប់​ប្រហារជីវិត​មិន​មាន​ប្រសិទ្ធភាព​ទេ ហើយ​អាច​បង្ក​ឱ្យ​ប្រើប្រាស់​មិន​ត្រឹមត្រូវ ។ នៅ​អាមេរិក​មាន​ការប្រហារជីវិត​មនុស្ស​ខុស​ច្រើនណាស់ » ។​

​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា បាន​សរសេរ​លើ​ទំព័រ​ហ្វេ​សប៊ុក​របស់ខ្លួន នៅ​ល្ងាច​ថ្ងៃទី​១០ ខែ​មីនា ថា លោក​មិន​គាំទ្រ​ជា​ដាច់ខាត ចំពោះ​ច្បាប់​ដាក់ទោស​ប្រហារជីវិត ។ លោក​ថា វា​ជា​សិទ្ធិ​ក្នុង​ការបង្កើត​ច្បាប់​អ្វី​មួយ តែ ពុំ​គួរ​បង្កើត​ក្តី​ឈឺចាប់​ជា​ន់​ពី​លើ​គ្នា និង​ពុំ​គួរ​យក​អាយុជីវិតរ​បស់​មនុស្ស លាង​ភាពឈឺចាប់​មួយគ្រា​ទេ ។​

​លោក​បន្តថា អ្វី​ដែល​គួរ​ធ្វើ គឺ​រួមគ្នា​ដាស់សតិ​ជន​ទាំងឡាយ​ដែល​កំពុង​ល្មោភកាម​ទើប​ប្រសើរ​ជាង ហើយ​អ្វី​ដែល​សំខាន់ គឺ​រួមគ្នា​លុបបំបាត់​ហេតុ​ដែល​នាំឱ្យ​កើតឡើង​នូវ​ការចាប់រំលោភ​ឱ្យអស់​ពី​កម្ពុជា ទើប​មាន​ប្រសិទ្ធភាព​ជាង​ការសម្លាប់​គ្នា​ដើម្បី​សង​ភាពឈឺចាប់ ។​

​ប្រធាន​បក្ស​រូបនេះ​លើក​ជា​សំណួរ​ថា កូន​ត្រូវ​ឪពុក​ចាប់រំលោភ​រង​ភាពឈឺចាប់ ខណៈ​ឪពុក​ត្រូវ​ច្បាប់​ប្រហារជីវិត ហើយ​កូន​នៅក្នុង​បន្ទុក​ផ្សេងទៀត​ដែល​មិន​ពាក់ព័ន្ធ នឹង​ត្រូវ​កំព្រា​ឪពុក គ្រួសារ​បែកបាក់ គ្មាន​ទីពឹង កូន​បែក​មេបា​ក្លាយ​ជា​ជនអនាថា តើ​នរណា​ជា​អ្នកទទួលខុសត្រូវ ។​

​លោក​ពន្យល់​ថា ឈឺចាប់​ខូចអនាគត​ក្មេង​មួយផ្នែក​ទៅហើយ តែ​មក​ឈឺចាប់​កូន​ព្រាត់​ឪពុក និង​បែកបាក់​គ្រួសារ​ថែម​មួយកម្រិត​ទៀត សួរថា តើ​ច្បាប់​នេះ សង្គ្រោះ​កុមារី ឬ​បន្ថែម​ទុក្ខ​ដល់​កុមារី​? កុមារី​រងគ្រោះ​នឹង​ទទួលបាន​យុត្តិធម៌ តែ​កុមារ​ដែល​មិនមែន​ជា​ជនរងគ្រោះ​នឹង​ក្លាយជា​ជនរងគ្រោះ​ដោយសារ​ឪពុក​ត្រូវបាន​ច្បាប់​កាត់ទោស​ប្រហារជីវិត ។​

​កាលពី​ព្រឹក​ថ្ងៃទី​១០ ខែ​មីនា បន្ទាប់​ពី​ចុះទៅ​ជួប​សួរសុខទុក្ខ​កុមារកំព្រា ដែល​ទទួល​រងគ្រោះ​ដោយ​ការរំលោភបំពាន​រាងកាយ និង​ផ្លូវភេទ ធ្វើឡើង​ដោយ​ឪពុក​បង្កើត​, ជីតា​បង្កើត​, មារ​បង្កើត និង​បងប្អូន​បង្កើត នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ស្តារនីតិសម្បទា​យុវនារី អាហ្វេស៊ីប (AFESIP) ទុំ​ឌី លោក​បាន​ពិចារណា​ថា ចង់​ស្នើ​ឱ្យ​មាន​វិសោធកម្ម​រដ្ឋធម្មនុញ្ញ បើក​ឱ្យមាន​ការដាក់ទោស​ប្រហារជីវិត​ឡើងវិញ ។​

​ក៏​ប៉ុន្តែ​លោក​បញ្ជាក់ថា សំណើ​កែប្រែ​រដ្ឋធម្មនុញ្ញ​អំពី​ការដាក់ទោស​ប្រហារជីវិត គឺ​មិន​អាច​ស្នើ​ដោយ​នាយករដ្ឋមន្ត្រី​តែម្នាក់ឯង ឬ​ដោយ​សមាជិក​រដ្ឋសភា​បានឡើយ តែ គឺ​អាច​ធ្វើបាន​តាម​រយៈ ការសុំ​ធ្វើ​ប្រជាមតិ​ទូទាំងប្រទេស ។​

​មាត្រា​២៣៩​នៃ​ក្រម​ព្រហ្មទណ្ឌ បានចែង​ថា ចំពោះ​ការផ្តន្ទាទោស​ទៅលើ​បទ​ល្មើស​រំលោភ​សេពសន្ថវៈ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៥​ឆ្នាំ ទៅ​១០​ឆ្នាំ ។ ការផ្តន្ទាទោស​នេះ សំដៅ​តែ​លើ​បទ​ល្មើស​រំលោភ​សេពសន្ថវៈ​ធម្មតា ដែល​មិន​មាន​ស្ថាន​ទម្ងន់​ទោស​តែប៉ុណ្ណោះ ។ 

​ឯ​ត្រង់​មាត្រា​២៤៤​វិញ គឺ​បទល្មើស​រំលោភ​សេពសន្ថវៈ ដែល​បណ្តាលឱ្យ​ជនរងគ្រោះ​ស្លាប់​ដោយ​គ្មាន​ចេតនា​សម្លាប់ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ ពី​១៥ ឆ្នាំ ទៅ ៣០ ឆ្នាំ ។ ក្រៅពី​ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ មានទោស​បន្ថែម​ផ្សេងៗ​ទៀត ដែល​អាច​ត្រូវ​ប្រកាស​ចំពោះ​ជនល្មើស ហើយ​ទោស​បន្ថែម​ទាំងនោះ មានចែង​ក្នុង​មាត្រា​២៤៥ នៃ​ក្រម​ព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕

ព័ត៌មានផ្សេងទៀត