ស្ត្រី​ម្នាក់ជាប់​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​បងប្រុស​លោក​គីម ជុង​អ៊ុនត្រូវបាន​ដោះលែង​

11-03-2019 11:50 am 242
នាងSiti Aisyahបានចាកចេញទីតុលាការឡើងជិះរថយន្តស្ថានទូត

​អ្នកនាង Siti Aisyah​ជនជាតិ​ឥណ្ឌូនេស៊ី ដែល​រង​នូវ​ការចោទប្រកាន់ ទាក់ទង​នឹង​ការធ្វើឃាត លោក​គីម ជុង​ណា​ម ត្រូវជា​បងប្រុស​លោក​គីម ជុង​អ៊ុន ប្រធានាធិបតី​កូរ៉េខាងជើង ត្រូវបាន​ដោះលែង​ឲ្យមាន​សេរីភាព​ហើយ បន្ទាប់ពី​ព្រះរាជអាជ្ញា​ម៉ាឡេស៊ី សម្រេច​ទម្លាក់​ចោទ​បទចោទប្រកាន់​លើ​រូបនាង នៅ​ថ្ងៃទី​១១​មីនា​ឆ្នាំ​២០១៩​នេះ​។ ចៅក្រម បាន​យល់ព្រម​ទម្លាក់ចោល បទចោទប្រកាន់​លើ​ស្ត្រី​វ័យ​២៦​ឆ្នាំ​រូបនេះ តាម​សំណើ​របស់​ព្រះរាជអាជ្ញា ដោយ​ពុំមាន​ការពន្យល់​មូលហេតុ​អ្វី​ឡើយ​។ 

​សូម​រម្លឹកថា លោក​គីម ជុង​ណា​ម​ត្រូវ​បានសម្លាប់​កាលពី​ថ្ងៃទី​១៣​កុម្ភៈ​ឆ្នាំ​២០១៧ នៅក្នុង​អាកាសយានដ្ឋាន ក្នុង​ទី​ក្រុងកូឡា​ឡាំ​ពួរ​ប្រទេស​ម៉ាឡេស៊ី ខណៈ​លោក​ត្រៀម​ចេញដំណើរ​ទៅ​ទីក្រុង​ម៉ា​កាវ​។ លោក​ត្រូវបាន​គេ​យកសារ​ធាតុគីមី​ពុល​កម្រិត​ខ្លាំង​បំផុត​ឈ្មោះថា VX លាប​លើ​ផ្ទៃមុខ​បណ្តាលឲ្យ​ស្លាប់​ភ្លាមៗ​។ ករណីនេះ គេ​បាន​ចោទប្រកាន់ លើ​នារី​ពីរ​នាក់ ម្នាក់​ជា​ជនជាតិ​ឥណ្ឌូនេស៊ី​ឈ្មោះ Siti Aisyah និង​ម្នាក់ទៀត​ជនជាតិ​វៀតណាម​ឈ្មោះ Doan Thi Huong​។ ប៉ុន្តែ​នារី​ទាំង​ពីររូប បាន​ច្រានចោល​ការ​ចោទ​នេះ ដោយ​អះអាងថា ពួកនាង​ត្រូវគេ​បោកប្រាស់ ដោយ​កុហកថា មក​សម្តែង​ក្នុង​ការថត នូវ​កម្មវិធី​កម្សាន្ត​របស់​ទូរទស្សន៍​៕

ព័ត៌មានផ្សេងទៀត