ចិន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍ ផ្អាក​ការហោះហើរ​យន្តហោះ​Boeing 737 Max-8

11-03-2019 10:41 am 505

​ក្រុមហ៊ុន​អាកាសចរណ៍​ចិន បានចេញ​បញ្ជា​ឲ្យ​ផ្អាក ការធ្វើ​ប្រតិបត្តិ​ការហោះហើរ យន្តហោះ Boeing 737 Max-8 បន្ទាប់ពី​យន្តហោះ​ប្រភេទ​ដូចគ្នានេះ របស់​ក្រុមហ៊ុន​អាកាសចរណ៍​អេត្យូ​ពី បាន​ធ្លាក់​សម្លាប់​មនុស្ស​១៥៧​នាក់​នៅ​ថ្ងៃទី​១០​មីនា​ឆ្នាំ​២០១៩​។ និយតករ​អាកាសចរណ៍​ឲ្យដឹងថា ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក​ចិន ត្រូវតែ​ផ្អាក​ដំណើរការ​ហោះហើរ ដោយ​ប្រើប្រាស់​យន្តហោះ Boeing 737 Max-8 ទាំងអស់​ជា​បណ្តោះអាសន្ន នៅត្រឹម​ម៉ោង ១៨:០០ ម៉ោង​ក្នុងស្រុក​។ រដ្ឋបាល​អាកាសចរណ៍​ស៊ីវិល​ចិន និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា ខ្លួន​នឹង​ជូនដំណឹង ដល់​ក្រុមហ៊ុន​អាកាសចរណ៍​ទាំងអស់ អំពី​ពេលវេលា​ណា​ដែល​ពួកគេ អាច​បន្ត​ហោះហើរ​យន្តហោះ Boeing​ទៀត នៅពេល​ក្រោយ​។​

​ចិន​មាន​ការព្រួយបារម្ភ អំពី​សុវត្ថិភាព​នៅក្នុង​ការធ្វើ​ដំណើរ​តាម​ផ្លូវអាកាស ដោយ​ប្រើ​យន្តហោះ​ប្រភេទ​Boeing 737 Max-8 ក្រោយពី យន្តហោះ​ស៊េរី​នេះ បាន​ធ្លាក់​បន្តបន្ទាប់​គ្នា​ដល់​ទៅ​២​ដង ក្នុង​រយៈពេល​មិន​ដល់​៦​ខែ​ផង​។ លើកទីមួយ កាលពី​ខែតុលា​ឆ្នាំ​២០១៨ យន្តហោះ​របស់​ក្រុមហ៊ុន​Boeing​និង​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​Lion Air​ឥណ្ឌូនេស៊ី សម្លាប់​មនុស្ស​ជិត​១៩០​នាក់ និង​លើក​ទីរ​ពីរ នៅ​ថ្ងៃទី​១០​មីនា​ឆ្នាំ​២០១៩ របស់​ក្រុមហ៊ុន​អាកាសចរណ៍​អេត្យូ​ពី សម្លាប់​មនុស្ស​ទាំងអស់​ក្នុង​យន្តហោះ ចំនួន​១៥៧​នាក់​៕

ព័ត៌មានផ្សេងទៀត