មនុស្ស​១៥៧​នាក់​ក្នុង​យន្តហោះ​ធ្លាក់​ម្សិលម៉ិញ​នៅ​អេត្យូ​ពី​ស្លាប់​ទាំងអស់​

11-03-2019 9:16 am 734
  ស្តាប់
យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍អេត្យូពីនិងសាកសពអ្នកដំណើរដែលគេវេចខ្ចប់
ស្តាប់ជាសំឡេង

​យន្តហោះ​ដឹក​អ្នកដំណើរ​មួយគ្រឿង របស់​ក្រុមហ៊ុន អាកាសចរណ៍​អេត្យូ​ពី ជើងហោះហើរ ET302 បាន​ធ្លាក់​នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី​១០​ខែ​មីនាឆ្នាំ​២០១៩​។ នៅក្នុង​យន្តហោះ ផ្ទុក​មនុស្ស​សរុប​១៥៧​នាក់ បាន​ស្លាប់​ទាំងអស់ គ្មាន​នរណា​រស់រានមានជីវិត​ឡើយ​។ អ្នកដំណើរ​មកពី​ជាង៣០​ប្រទេស​ផ្សេងគ្នា ដែល​នៅ​ក្នុងនោះ មាន​ជនជាតិ​កេន​យ៉ា​ច្រើនជាងគេ ចំនួន​៣២​នាក់ និង​កាណាដា​១៨​នាក់​។ ក្នុងចំណោម​អ្នកដំណើរ​ទាំងអស់ មាន​១៩​នាក់ ជា​បុគ្គលិក​អង្គការសហប្រជាជាតិ​ផងដែរ​។​

​យន្តហោះ​បាន​ធ្លាក់ ក្រោយ​ហោះហើរ​បាន​៦​នាទី​ប៉ុណ្ណោះ ពី​អាកាសយានដ្ឋាន ក្នុង​ទីក្រុង Addis Ababa នៃ​ប្រទេស​អាត្យូ​ពី ទៅកាន់​ប្រទេសកេន​យ៉ា​។ ទីតាំង​យន្តហោះ​ធ្លាក់ ស្ថិតនៅ​ក្បែរ​ទីក្រុង Bishoftu ចម្ងាយ​៦០​គីឡូម៉ែត្រ ពី​ភាគ​អាគ្នេយ៍​នៃ​រដ្ឋធានី​។ មុនពេល​ធ្លាក់ អ្នកបើក​យន្តហោះ​បាន​ជូនដំណឹង ពី​ផល​លំបាក​នៅក្នុង​ការហោះហើរ និង​ស្នើសុំ​បញ្ជា​យន្តហោះ​បក​ត្រឡប់ក្រោយ​វិញ​ដែរ​។​

​យ៉ាងណា មូលហេតុ​ពិត​ប្រាកដ ដែល​បណ្តាលឲ្យ​យន្តហោះ​មួយគ្រឿង​នេះ​ធ្លាក់ នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ​។ ពេលនេះ មាន​ការរៀបចំ​បើក​ការស៊ើបអង្កេត ដើម្បី​ស្វែងរក​មូលហេតុ​ពិត ហើយ​ការស៊ើបអង្កេត​នេះ ដឹកនាំ​ដោយ​អាជ្ញាធរអេត្យូ​ពី និង​ធ្វើ​ការសម្របសម្រួល ជាមួយ​ក្រុម​អ្នកជំនាញ​មកពី​ក្រុមហ៊ុន Boeing និង​ក្រុមប្រឹក្សា​សុវត្ថិភាព​ដឹកជញ្ជូន​ជាតិ​អាមេរិក​។ ដំបូង​គេ​ត្រូវ​ស្វែងរក​ប្រអប់​ខ្មៅ​មួយគូ របស់​យន្តហោះ ដែល​ផ្ទុក​ទិន្នន័យ​នានា រួមទាំង​សំឡេង​សន្ទនា របស់​អ្នកបើក​យន្តហោះ​។​

​នេះ ជា​លើក​ទី​ពី​រហើយ ក្នុងពេល​មិន​ដល់​៦​ខែ​ផង ដែល​យន្តហោះ​របស់​ក្រុមហ៊ុន Boeing​737​បាន​ធ្លាក់​។ លើកទីមួយ កាលពី​ខែតុលា​ឆ្នាំ​២០១៨ យន្តហោះ​របស់​ក្រុមហ៊ុន Boeing និង​ជា​កម្ម​សិទ្ធ​របស់​ក្រុមហ៊ុន​អាកាសចរណ៍Lion Air​ឥណ្ឌូនេស៊ី សម្លាប់​មនុស្ស​ជិត​១៩០​នាក់​។ លើក​ទីរ​ពីរ គឺ​របស់​ក្រុមហ៊ុនអាកាសចរណ៍​អេត្យូ​ពី​នេះឯង​។ ក្រុមហ៊ុន Boeing របស់​សហរដ្ឋអាមេរិក កំពុង​ប្រឈម​នឹង​ការ​ចោទសួរ​នូវ​សំណួរ​ជាច្រើន​ពាក់ព័ន្ធ​នឹងរ​ណី​នេះ​៕

ព័ត៌មានផ្សេងទៀត