លោក​ម៉ា​ឌូ​រ៉ូ​ សសើរនិង​អរគុណក​ង​ទ័ពដែល​ស្មោះស្ម័គ្រ​នឹង​លោក​

10-03-2019 1:32 pm 455
  ស្តាប់
លោក​នី​កូឡាស ម៉ា​ឌូ​រ៉ូអំឡុងពេលថ្លែងទៅកាន់អ្នកគាំទ្រ
ស្តាប់ជាសំឡេង

​លោក​នី​កូឡាស ម៉ា​ឌូ​រ៉ូ ប្រធានាធិបតីវេណេ​ហ្ស៊ូ​អេ​ឡានិ​យាយថា លោក​សូម​កោត​ស​សើរ​ដល់​ទឹកចិត្ត​កងកម្លាំង ដែល​រក្សា​ភក្តីភាព ចំពោះ​រូបលោក និង​រារាំង​ផែនការ​ធ្វើ​រដ្ឋប្រហារ ដឹកនាំ​ដោយ​អាមេរិក​និង​មេបក្ស​ប្រឆាំង​វេ​ណេ​ហ្ស៊ូ​អេ​ឡា លោក​ជូ​អាន​ហ្គៃ​ដូ​បាន​ទាន់ពេលវេលា​។ លោក​អះអាង​កាលពី​ថ្ងៃ​សៅរ៍ ថា ការ​ដាច់​ច​រន្ធ​អគ្គិសនី​នៅ​តំបន់​ជាច្រើន រួមទាំង​ក្នុង​រដ្ឋធានី​កា​រ៉ា​កាស កាលពីពេល​ថ្មីៗ​នេះ ជា​ការវាយប្រហារ ដោយ​ក្រុមចោរ​ព័ត៌មានវិទ្យា ដែលមាន​ជំនួយ​ពី​អាមេរិក​។ លោក​ថែមទាំង​មាន​ភស្តុតាង​បញ្ជាក់​ទៀតផង តែ​មិនទាន់​បង្ហាញ​ជា​សាធារណៈ​នៅឡើយ​ទេ​។ ជា​ដំណោះស្រាយ លោក​នឹង​ណែនាំ​ពី​វិធានការ​ថ្មី ដើម្បី​ការពារ​ប្រព័ន្ធ​អេឡិចត្រូនិក ពី​ពួក Hacker ផងដែរ​។​

​ថ្លែង​នៅ​ចំពោះមុខ​អ្នកគាំទ្រ​ជាច្រើន​នាក់ នៅ​ខាងក្រៅ​វិមាន​ប្រធានាធិបតី លោក​ម៉ា​ឌូ​រ៉ូក៏​បាន​បន្ត​វោហា​សាស្ត្រ​បរិហារ​ដៃគូ​ជម្លោះ​ថា លោក​ហ្គៃ​ដូ គ្រាន់តែ​ជា​តួ​ត្លុក​និង​ជា​អាយ៉ង​របស់​អាមេរិក​ប៉ុណ្ណោះ​។ លោក​ម៉ា​ឌូ​រ៉ូ​ថា ពួកគេ​បាន​អូសទាញ​កងកម្លាំងប្រដាប់អាវុធ ឲ្យធ្វើ​រដ្ឋប្រហារ​យោធា​មួយ ប៉ុន្តែ​ជា​ការឆ្លើយតប​ពួកយោធា បាន​បំបាក់​អ្នក​រួម​ផ្សំគំនិត ធ្វើ​រដ្ឋប្រហារ​ប្រឆាំងនឹង​រូបលោក​នោះ​ទៅវិញ​។ លោក​ចាត់ទុក​អាកប្បកិរិយា​នេះ ជា​ការបង្ហាញឲ្យឃើញ​យ៉ាង​ច្បាស់​ថា កងកម្លាំងប្រដាប់អាវុធ នៅតែ​ស្មោះស្ម័គ្រ ចំពោះ​រូបលោក មិន​ងាករេ​ទៅតាម​ការ​ញុះញង់ បញ្ចុះបញ្ចូល ដោយ​ក្រុមប្រឆាំង​ឡើយ​។​

​សន្ទរកថា របស់លោក​ម៉ា​ឌូ​រ៉ូ ធ្វើឡើង​ចំពេល​មាន​ការប្រមូលផ្តុំ​តវ៉ា ពី​ក្រុម​អ្នកគាំទ្រ​រូបលោក​ផង និង​អ្នកគាំទ្រ​មេបក្ស​ប្រឆាំង​លោក​ហ្គៃ​ដូផង ក្នុង​ទីក្រុង​កា​រ៉ា​កាស​កាលពី​ថ្ងៃ​សៅរ៍​។ នៅក្នុង​ការតវ៉ា​នេះ ក្រុម​អ្នកគាំទ្រ​លោក​ហ្គៃ​ដូ បាន​រង​នូវ​ការបង្ក្រាប​ដោយ​ប៉ូលិស​ផងដែរ នៅពេលដែល​ពួកគេ មានះ រុញច្រាន​ប៉ូលិស​បង្ក្រាប​កុប្បកម្ម​។ ចំណែក​មេបក្ស​ប្រឆាំង​វិញ ទំនង​ចាញ់​ប្រៀប​គូប្រជែង លោក​បាន​អះអាងថា នឹង​ធ្វើដំណើរ​ជុំវិញ​ប្រទេស ដើម្បី​ប្រមែប្រមូល​អ្នកគាំទ្រ ឲ្យមក​ចូលរួម​តវ៉ា​ទ្រង់ទ្រាយ​ធំ រៀបចំ​ធ្វើ​ក្នុង​ទីក្រុង​កា​រ៉ា​កាស នៅពេល​ឆាប់ៗ​ខាងមុខ​។​

​ភាព​តានតឹង​ផ្នែក​នយោបាយ​ក្នុងប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា បានកើនឡើងកាន់តែ​ខ្លាំង​ឡើងៗ ក្រោយពេល​លោក​ហ្គៃ​ដូ ប្រកាស​តាំង​ខ្លួនឯង​ជា​ប្រធានាធិបតី​បណ្តោះអាសន្ន ដោយមាន​អាមេរិក​និង​ប្រទេស​ប្រមាណ​ជាង​៥០​ផ្សេងទៀត គាំទ្រ​និង​ទទួលស្គាល់​។ លោក​ហ្គៃ​ដូ​និង​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក ជំរុញ​ឲ្យ​លោកម៉ា​ឌូ​រ៉ូ ដែល​ដឹកនាំ​ធ្វើឲ្យ​ប្រទេ​សធ្លាក់​ចូលក្នុង​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ ចុះ​ចេញពី​តំណែង និង​អំពាវនាវ​ឲ្យ​កងទ័ព​ឈប់​គាំទ្រ​លោក​ម៉ា​ឌូ​រ៉ូ ហើយ​ងាក​មក​ទទួលស្គាល់​មេដឹកនាំ​ថ្មី​ជំនួស​វិញ​។ ប៉ុន្តែ​កន្លងមក តាម​ព័ត៌មាន​បរទេស​ផ្សេងៗ​ចុះផ្សាយ មាន​កងទ័ព​តិចតួច​ប៉ុណ្ណោះ ដែល​រត់ចោលជួរ​។ ពោល លោក​ម៉ា​ឌូ​រ៉ូ នៅតែ​រក្សាបាន​ការគាំទ្រ​ពី​ពួកយោធា និង​បង្កើន​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ ជាមួយ​មហាអំណាច​រុស្ស៊ី​និង​ចិន ចាប់តាំងពី​គូប្រជែង​ប្រកាស​តាំងខ្លួន ជា​ប្រធានាធិបតី​បណ្តោះអាសន្ន កាលពី​ថ្ងៃទី​២៣​ខែមករា​ឆ្នាំ​២០១៩៕
 

ព័ត៌មានផ្សេងទៀត