កូរ៉េខាងជើង កំពុង​រៀបចំ​បាញ់​មី​ស៊ី​ល​ឬ​ផ្កាយរណប​

10-03-2019 9:49 am 160
  ស្តាប់
រូបភាពនៅSanumdongដែលថតបានដោយផ្កាយរណប
ស្តាប់ជាសំឡេង

​ភាព​មមាញឹក នៅ​ជុំវិញ​ទីតាំង​មួយ​ដែលមាន​ឈ្មោះថា  Sanumdong ជា​កន្លែង​ប្រមូលផ្តុំ​មី​ស៊ី​ល​ផ្លោង និង​គ្រាប់​រ៉ុក​ក្កែ​ត​កូរ៉េខាងជើង បាន​កើនឡើង​ជាង​ពេលមុនៗ​។ នៅ​ក្នុងនោះ គេ​ឃើញ​មាន​រថយន្ត​ធំៗ​បំលាស់​ទី​ជុំវិញ Sanumdong សកម្មភាព​នេះ ស្រដៀង​ទៅនឹង​អ្វីដែល​កូរ៉េខាងជើង​ធ្លាប់ធ្វើ​កាលពី​អតីតកាល​។ ពោល កាលពី​ពេលមុនៗ​សកម្មភាព​របស់​កូរ៉េខាងជើង​បែបនេះ បង្ហាញថា​ទីក្រុង​ព្យុងយ៉ាង​កំពុង​ដឹកជញ្ជូន មី​ស៊ី​ល ឬ​រ៉ុក​ក្កែ​ត​ប្រភេទ​ខ្លះ ទៅកាន់​តំបន់​បាញ់​បង្ហោះ​។ នេះ​បើ​យោងទៅតាម​រូបភាព​ផ្កាយរណប​របស់​អាមេរិក​។​

​រូបភាព​នេះ​ធ្វើឲ្យ​គេ​ដាក់​ការសង្ស័យ​កាន់តែ​ខ្លាំង​ថា កូរ៉េខាងជើង​កំពុង​រៀបចំ​បាញ់​មី​ស៊ី​ល ព្រោះតែ​វា​គាប់​ជួន​គ្នា​នឹង​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​កូរ៉េខាងត្បូង បាន​រកឃើញ​សញ្ញា​ថា កូរ៉េខាងជើង​កំពុង​រៀបចំ​ឡើងវិញ នូវ​ទីតាំង​ធ្វើតេស្ដ​មី​ស៊ី​ល​មួយកន្លែង​កាលពីដើម​សប្តាហ៍​នេះ​។ អ្នកជំនាញ​បញ្ជាក់ថា​កំពុងមាន​សកម្មភាព​ការងារ នៅ​ទីតាំង​ធ្វើតេស្ដ​មី​ស៊ី​ល​Tongchang-ri ដោយមាន​ការផ្លាស់ប្ដូរ​ដំបូល​និង​ទ្វារ​នៅ​កន្លែង​នោះ​។ ទីតាំង​ធ្វើតេស្ត​មី​ស៊ី​ល​នេះ កូរ៉េខាងជើង​បានចាប់ផ្ដើម​រុះរើ​និង​ផ្អាក​ដំណើរការ បន្ទាប់ពី​សន្យា​ក្នុង​កិច្ចប្រជុំ​លើកទីមួយ ជាមួយ​ប្រធានាធិបតី​អាមេរិក​នៅ​សិង្ហ​បុរី​កាលពី​ឆ្នាំមុន​។​

​តាមរយៈ​រូបភាព​ដែល​ថត​បាន​ដោយ​ផ្កាយរណប​ជា​បន្តបន្ទាប់ មានការ​ប្រទាក់ក្រឡា​គ្នា​ណាស់ គឺ​ដំបូង​កូរ៉េខាងជើង​ចាប់ផ្តើម​ត្រួតពិនិត្យ រៀបចំ​និង​ជួសជុល​ឡើងវិញ កន្លែង​បាញ់​មី​ស៊ី​ល​ឲ្យបាន​ត្រឹមត្រូវ ហើយ​បន្ទាប់មក កូរ៉េខាងជើង​ចាប់ផ្តើម​ដឹកជញ្ជូន​មី​ស៊ី​ល​ឬ​រ៉ុក្កែត មក​តម្លើង​ដើម្បី​ធ្វើតេស្ត​តែម្តង​។ យ៉ាងណាក៏ដោយ សម្រាប់​អ្នកវិភាគ​បាន​សន្និដ្ឋានថា ដំណាក់កាល​នេះ កូរ៉េខាងជើង​អាច​កំពុងតែ​រៀបចំ​បាញ់​បង្ហោះ​ផ្កាយរណប​ច្រើនជាង​ធ្វើតេស្ត​មី​ស៊ី​ល​។​

​ការងា​ក​ទៅ​សើរើ​ឡើងវិញ នៅ​កន្លែង​ធ្វើតេស្ត​មី​ស៊ី​ល​របស់​កូរ៉េខាងជើង ធ្វើឡើង​ក្រោយ​កិច្ចប្រជុំ​លើក​ទី​ពីរ រវាង​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក និង​លោក​គីម ជុង​អ៊ុន​ប្រធានាធិបតី​កូរ៉េខាងជើង នៅក្នុង​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម កាលពី​ថ្ងៃទី​២៧-២៨​កុម្ភៈ  បិទ​បញ្ចប់​ដោយ​គ្មាន​កិច្ចព្រមព្រៀង​។ មានមតិ​លើកឡើងថា ជា​កិច្ចប្រជុំ​បរាជ័យ ដោយសារតែ​លោក​ត្រាំ​មិន​យល់ព្រម ធ្វើតាម​ការស្នើ​របស់លោក​គីម សុំឲ្យ​អាមេរិកដក​ទណ្ឌកម្ម​ចេញ​។ បើទោះជា​បែបនេះ​ក្តី លោក​ត្រាំ នៅតែ​បើកទូលាយ ចំពោះ​ការចរចា​ជាថ្មី ជាមួយ​លោក​គីម ជុង​អ៊ុន ជុំវិញ​ការរំលាយ​នុយក្លេអ៊ែរ​ចេញពី​ឧបទ្វីប​កូរ៉េ ខណៈ​កូរ៉េខាងត្បូង ក៏បាន​ប្រកាស​នឹង​ជួយ​ភាគី​ទាំងពីរ ឲ្យទទួល​ជោគជ័យ​៕ 


ព័ត៌មានផ្សេងទៀត