គណៈកម្មការ​ជាតិ​អូឡាំពិក​បកស្រាយ​ជុំវិញ​រឿង​ប្រាក់រង្វាន់​មេដាយមាស​

08-03-2019 6:39 pm 669
  ស្តាប់
ស្តាប់ជាសំឡេង

​គណៈកម្មការ​ជាតិ​អូ​ឡា​ពិ​ក​កម្ពុជា នៅ​ថ្ងៃ​ទី​០៨ ខែ​មីនា​នេះ បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន ដើម្បី បកស្រាយ​ជុំវិញ​រឿង​បាត់​លុយ​ប្រាក់រង្វាន់ លើកទឹកចិត្ត​សម្រាប់​ការដណ្តើម​មេដាយមាស​ពី​ការប្រកួត​។ សន្និសីទ​នេះ ធ្វើឡើង​បន្ទាប់​ពី​មាន​ការផ្ទុះ​ប្រតិកម្ម ពី​ម្ចាស់​មេដាយមាស កីឡា​កាយ​វប្ប​កម្ម កីឡាករ សំបូរ សុភ័ណ្ឌ ដែល​បាន​អះអាងថា ក្រសួង​អប់រំ បាន​ទម្លាក់​ប្រាក់រង្វាន់​របស់ខ្លួន ពី​១២០​លាន​រៀល មក​ត្រឹមតែ​២០​លាន​រៀល​។ ចង់ដឹងថា គណៈកម្មការ​ជាតិ​អូឡាំពិក​កម្ពុជា បកស្រាយ​ពន្យល់​យ៉ាងណា​ខ្លះ​នោះ​?

​លោក សំបូរ សុភ័ណ្ឌ ជា​កីឡាករ​កាយ​វប្ប​កម្ម ដែល​ទទួលបាន​មេដាយមាស ពី​ការប្រកួត​លំដាប់ថ្នាក់​ពិភពលោក បាន​សុំ​កិច្ច​អន្តរាគមន៍ ពី​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ដោយ​បាន​អះអាង​ថា ខ្លួន​មាន​បញ្ហា​ទាក់ទង​នឹង​ប្រាក់​រង្វាន់​លើកទឹកចិត្ត ដោយ​ក្រសួង​អបរំ បាន​ទម្លាក់​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ពី​១២០​លាន​រៀល នៅត្រឹមតែ​២០​លាន​រៀល ដោយ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​។​
​ជុំវិញ​បញ្ហា​នេះ គណៈកម្មការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​រៀបចំ​សន្និសីទ​សារព័ត៌មាន ដើម្បី​ស្រាយ​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ​។ សេចក្តីបំភ្លឺ​បានឲ្យដឹងថា ក្រសួង​អប់រំ​មិន​បាន​ទម្លាក់​ប្រាក់​រង្វាន់​លើកទឹកចិត្ត សម្រាប់​ពានរង្វាន់​មេដាយមាស​នោះទេ​។ ជាគោលការណ៍​រួម សម្រាប់​ប្រាក់រង្វាន់ មេដាយមាស គឺ​ទទួលបាន​២០​លាន​រៀល​តែប៉ុណ្ណោះ​។

​សំឡេង​

​ក៏​មាន​ចម្ងល់​ផងដែរ​ថា តើ​មេដាយ​កម្រិត​ពិភពលោក​ណាមួយ ដែល​ឈាន​ដល់​ការ​ផ្តល់​កិត្តិយស​ពី​ថ្នាក់ដឹកនាំ ដូច​ជា​រដ្ឋមន្ត្រី​ក្រសួង​អប់រំ និង​ក្រសួង​ទេសចរណ៍ អញ្ជើញ​មក​ទទួល​បដិសណ្ឋារកិច្ច ក៏ដូចជា​ស្នើ​ពិសេស​ទៅ​រាជរដ្ឋាភិបាល ដើម្បី​ទទួលបាន​ប្រាក់​រង្វាន់​លើកទឹកចិត្ត​បន្ថែម​នោះ​? ក្នុង​នោះ​មន្ត្រី​គណៈកម្មការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​បកស្រាយ​ថា​...៖

សំឡេង​

​សហព័ន្ធ​កាយ​វប្បកម្ម​កម្ពុជា បានបញ្ជាក់​ថា ចំពោះ​បាតុភាព​ដែល​បាន​កើតឡើង​ក្នុងពេល​បច្ចុប្បន្ន​តាម​បណ្តាញ​សង្គម​ហ្វេ​ស​បុក ដោយសារ​មាន​ការភាន់ច្រឡំ​ចំពោះ​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ដល់​កីឡាករ​ដែល​ក្រសួង​អនុម័ត​ផ្តល់​ក្នុង​ពេល​ថ្មីៗ​នេះ​កំ​រឹត​មេដាយមាស​ពិភពលោក​មាន​ចំនួន​ត្រឹមតែ​២០​លាន​រៀល​តែប៉ុណ្ណោះ​។

​សហព័ន្ធ​បន្តថា នា​ពេល​កន្លងមក​នៅ​ឆ្នាំ​២០១៦ និង​ឆ្នាំ​២០១៧ កីឡាករ​កាយ​វប្បកម្ម​របស់​យើង​បាន​ទទួល​ប្រាក់​លើក​ទឹក​ក្នុង​ល័ក្ខខ័ណ្ឌ​ពិសេស​ពីរ​លើក​ពី​រាជរដ្ឋាភិបាល ក្នុងនោះ​មេដាយមាស​ពិភពលោក​ទទួលបាន​ចំនួន​១២០​លាន​រៀល​ពិតមែន​។ ​ដោយឡែក​សំរាប់​ឆ្នាំ​២០១៨​នេះ កីឡាករ សំបូរ សុភ័ណ្ឌ បាន​ទទួល​មេដាយមាស​ពី​កម្មវិធី​ប្រកួត​ជ្រើសរើស​ជើងឯក​កីឡា​កាយ​វប្បកម្ម​ពិភពលោក​លើក​ទី​១០ នៅ​ទីក្រុង​ឈៀង​ម៉ៃ ប្រទេស​ថៃ ក្រសួង​មិន​បាន​ស្នើសុំ​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ពិសេស យោង​តាម​អនុក្រឹត​លេខ ៥៣២ អនក្រ​.​បក ចុះ​ថ្ងៃ​ទី​២៥ វិច្ឆិកា ២០១៣ ទៀត​ទេ ដូចនេះ​កីឡាករ​ត្រូវ​ទទួលបាន​ប្រាក់​លើក​ទឹក​តាម​សេចក្តីប្រកាស​អន្តរក្រសួង លេខ ៧១៦ សហវ​.​ប្រក ចុះ​ថ្ងៃ​ទី​០៧ កក្កដា ២០១៥​។​

​សារជាថ្មី​ម្តងទៀត ក្រសួង​មិន​បាន​កាត់​យក​ប្រាក់រង្វាន់​នោះឡើយ ដោយសារ​យើង​មិន​ធ្លាប់​ដឹង​ពី​សេចក្តីប្រកាស​អន្តរក្រសួង កាលពី​លើក​មុន​មក ដូចនេះ​ទើប​ធ្វើឲ្យ​យើង​មាន​ការភាន់ច្រឡំ​៕
 

ព័ត៌មានផ្សេងទៀត