នាយករដ្ឋមន្ដ្រី​​ម៉ាឡេស៊ី​​ព្រមាន​​​​ហ្វីលីពីន​​​ត្រូវប្រយ័ត្ន​ចំពោះ​​កម្ចី​​ចិន​​

08-03-2019 3:28 pm 1562
  ស្តាប់
នាយករដ្ឋមន្ដ្រីម៉ាឡេស៊ី(ឆ្វេង)​និងប្រធានាធិបតីហ្វីលីន
ស្តាប់ជាសំឡេង

​នាយករដ្ឋមន្ដ្រី​ម៉ាឡេស៊ី​លោក​ម៉ា​ហា​ធៀ មហា​ម៉េដ បាន​ព្រមាន​ប្រទេស​ហ្វីលីពីន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ពី​ការ​ក្លាយជា​កូនបំណុល​របស់​ប្រទេស​ចិន ដោយសារតែ​ហ្វីលីពីន​កំពុង​ទាញយក​មូលនិធិ​ដើម្បី​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ចាំបាច់​មួយចំនួន​។ កាលពីដើម​សប្ដាហ៍​នេះ​ព្រឹទ្ធសភា​ហ្វីលីពីន​បាន​ស៊ើបអង្កេត​លើ​អត្រា​ការប្រាក់ និង​លក្ខខណ្ឌ​គួរឲ្យ​សង្ស័យ​បង្កើតឡើង​ដោយ​រដ្ឋបា​ល​ប្រធានាធិបតី​រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែ​តេ ដែល​មានបំណង​ចង់​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុងប្រទេស​។​

​ប្រទេស​ចិន​បាន​បើកទូលាយ​ឥណទាន​ចំនួន​៩​ពាន់​លាន​ដុល្លារ​ដល់​ហ្វីលីពីន ក្នុងអំឡុង​ទស្សនកិច្ច​របស់លោក​ឌុយ​ទែ​តេ​ទៅកាន់​ទីក្រុង​ប៉េកាំង​ក្នុង​ឆ្នាំ​២០១៦​។ ក្នុងចំណោម​ទឹកប្រាក់​នេះ​យ៉ាងហោចណាស់​មាន​៣០០​លាន​ដុល្លារ ត្រូវបាន​យល់ព្រម​លើ​កម្ចី​សម្រាប់​គម្រោង​អភិវឌ្ឍ​ទំនប់​វា​រី​អគ្គិសនី​និង​ប្រព័ន្ធធារាសាស្ដ្រ​។ 

​ពាក់ព័ន្ធ​នឹង​កម្ចី​នេះ​នាយករដ្ឋមន្ដ្រី​ម៉ាឡេស៊ី​លោក​ម៉ា​ហា​ធៀ​លើកឡើងថា “​ប្រសិនបើ​អ្នក​ខ្ចីប្រាក់​យ៉ាងច្រើន​ពី​ប្រទេស​ចិន ហើយ​អ្នក​មិនអាច​សង​ត្រឡប់​ទៅវិញ អ្នកដឹង​ទេ​ថា​នៅពេល​កូនបំណុល​ម្នាក់​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ម្ចាស់បំណុល អ្នក​គួរតែ​ប្រុងប្រយ័ត្ន​ឲ្យបាន​ខ្ពស់បំផុត​។​” លោក​ម៉ា​ហា​ធៀ​ក៏បាន​លុបចោល​គម្រោង​មួយចំនួន ដែល​នាយករដ្ឋមន្ដ្រី​ម៉ាឡេស៊ី​អាណត្ដិ​មុនបាន​ចុះហត្ថលេខា​ជាមួយចិន​។​

​ពេល​ផ្ដល់​បទសម្ភាសន៍​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​មុន​ជួប​លោក​ឌុយ​ទែ​តេ លោក​ម៉ា​ហា​ធៀ​បានលើកឡើង​ផងដែរ​ពី​អន្ទាក់​បំណុល​ចិន​នៅក្នុង​តំបន់​។ លោក​ថា​នេះ​ជា​អ្វីដែល​ប្រទេស​ចិន​ត្រូវបាន​គេ​ចោទប្រកាន់ ប៉ុន្ដែ​វា​ក៏​ជា​ការព្រួយបារម្ភ​របស់​ប្រទេស​កូនបំណុល​ដូចគ្នា​។ កូនបំណុល​ក៏​អាច​គ្រប់គ្រង​ឬ​ដាក់​កម្រិត​ឥទ្ធិពល​ពី​ប្រទេស​ចិន​។ 

​ក្នុងពេល​ផ្ដល់​បទសម្ភាសន៍​នាយករដ្ឋមន្ដ្រី​ម៉ាឡេស៊ី​វ័យ​៩៣​ឆ្នាំ​រូបនេះ បាន​និយាយ​ពី​គ្រោះថ្នាក់​នៃ​លំហូរ​ចូល​ជនបរទេស​បន្ថែមទៀត ស្របពេល​ហ្វីលីពីន​កំពុង​បើកទូលាយ​ឲ្យ​ពលរដ្ឋ​ចិន​ឲ្យចូល​មក​ធ្វើការ​។ លោក​ម៉ា​ហា​ធៀ​សង្កត់ធ្ងន់ថា វត្ដ​មាន​ជនបរទេស​ច្រើនពេក​អាចធ្វើឲ្យ​រំខាន​ដល់​សមភាព​នយោបាយ​ក្នុងប្រទេស និង​មាន​បញ្ហា​ជាច្រើន​កើតឡើង​។ 

​គួរ​បញ្ជាក់ថា គិតពី​ឆ្នាំ​២០១៦​ហ្វីលីពីន​បាន​អនុញ្ញាតឲ្យ​ពលរ​ដ្ឋ​ចិន​ចូលមក​ធ្វើការ​ជាង​៣​សែន​នាក់​ហើយ​។ នៅពេល​លោក​ឌុយ​ទែ​តេ​ឈ្នះឆ្នោត លោក​បានចាត់ទុក​ចិន​ជា​ដៃគូ​សេដ្ឋកិច្ច​ដ៏​សំខាន់ ទោះបី​មាន​ជម្លោះ​នឹង​គ្នា​នៅ​សមុទ្រ​ចិន​ខាងត្បូង​ក៏ដោយ​។ លោក​ឌុយ​ទែ​តេ​ធ្លាប់​និយាយថា ទីក្រុង​ម៉ានីល​គួរតែអនុញ្ញាត​ឲ្យ​ជន​ជាតិ​ចិន​ចូលមក​បាន ព្រោះ​ទីក្រុង​ប៉េកាំង​ក៏មាន​ប្រជាជន​ហ្វីលីពីន​រស់នៅ​រាប់ពាន់នាក់​៕

ព័ត៌មានផ្សេងទៀត