អាល្លឺម៉ង់​​មិន​ចង់​​ហាមឃាត់​​ក្រុមហ៊ុន​​Huawei​​ពី​ការអភិវឌ្ឍ​​បណ្ដាញ​​5G​ទេ​

08-03-2019 2:37 pm 743
ឡូហ្គោសម្គាល់​ក្រុមហ៊ុន​Huawei

​អាល្លឺម៉ង់​មិន​ចង់​ហាមឃាត់​ក្រុមហ៊ុន​Huawei​ក្នុង​ដំណើរការ​អភិវឌ្ឍ​គម្រោង​5G​ឡើយ នេះ​បើតាម​ការបញ្ជាក់​ពី​រដ្ឋមន្ដ្រីក្រសួង​សេដ្ឋកិច្ច​អាល្លឺម៉ង់​លោក​Peter Altmaier​។ ថ្លែង​ក្នុង​កម្មវិធី​ទូរទស្សន៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក​Altmaier​បញ្ជាក់ថា រដ្ឋាភិបាល​ពិតជា​គ្មាន​គម្រោង​ក្នុង​ការដកចេញ​ក្រុមហ៊ុន​ណាមួយ​ឡើយ ប៉ុន្ដែ​រដ្ឋាភិបាល​នឹង​ផ្លាស់ប្ដូរ​ច្បាប់​ដើម្បី​ធានា​ពី​សុវត្ថិភាព ក្នុង​ការប្រើប្រាស់​បណ្ដាញ​5G​។ រដ្ឋាភិបាល​នឹង​កំណត់ឲ្យ​ក្រុមហ៊ុន​ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ​គម្រោង​5G​នេះ ធានាថា​ពួកគេ​មិន​រំលោភបំពាន​ច្បាប់ មិន​ប្រឆាំង​ច្បាប់​ការពារ​ទិន្នន័យ​។​

​សូមបញ្ជាក់ថា ក្រុមហ៊ុន​Huawei​កំពុង​ជួប​រឿង​មិនល្អ ដោយ​អាមេរិក​ចោទថា​ក្រុមហ៊ុន​នេះ​សហការ​ជាមួយ​រដ្ឋាភិបាល​ចិន បំពាក់​ឧបករណ៍​សម្ងាត់​លើ​ផលិតផល​ដើម្បី​លួច​ធ្វើ​ចារកម្ម​។ ក្រោយ​អាមេរិក​បង្ហាញ​ព័ត៌មាន​បែបនេះ បណ្ដា​ប្រទេស​មួយចំនួន​ក៏​លុបចោល​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​Huawei​។ ប៉ុន្ដែ​ការអះអាង​របស់​អាមេរិក​គ្មាន​ភស្ដុតាង​បង្ហាញ​ជា​សាធារណៈ​ឡើយ ហើយក៏​ត្រូវ​ក្រុមហ៊ុន​បដិសេធចោល​ដែរ​៕

ព័ត៌មានផ្សេងទៀត