លោក​ហ៊ុន សែន​៖ ការងារ​អាទិភាព​៥​ចំណុច​ដើម្បី​លើកកម្ពស់​និង​គាំពារ​ស្ត្រី​

06-03-2019 8:48 am 153
  ស្តាប់
ស្តាប់ជាសំឡេង

​ពីលើ​វេទិកា​អបអរសាទរ​ខួប​ទី​១០៨ ទិវា​អន្តរជាតិ​នារី ៨​មីនា ឆ្នាំ​២១៩ ក្រោម​ប្រធានបទ «​លើកកម្ពស់​សមភាព​យេនឌ័រ និង ការ​គាំពារ​សង្គម​ដើម្បី​អភិវឌ្ឍ​ធនធានមនុស្ស​» នៅ​ថ្ងៃ​ទី​០៥ ខែ​មីនា ឆ្នាំ​២០១៩​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហាញ​នូវ​វឌ្ឍនភាព​ជាច្រើន លើ​ការលើកកម្ពស់​សមភាព​យេនឌ័រ ជាពិសេស​ការលើកតម្លៃ​របស់​ស្ត្រី​ខ្មែរ​។ ក្នុងនោះ​លោកនាយក​រដ្ឋមន្ត្រី បាន​ជំរុញ​អនុវត្ត​ការងារ​អាទិភាព​ចំនួន​៥​ចំណុច ដើម្បី​លើកកម្ពស់​សមភាព​យេនឌ័រ និង​កិច្ច​គាំពារ​សង្គម​ឱ្យមាន​ប្រសិទ្ធភាព និង​តម្លាភាព​។

​លោកនាយក​រដ្ឋមន្ត្រី បាន​ថ្លែងថា យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល ក្នុង​មុំ​ទី​៤ គឺ​ការពង្រឹង​សមភាព​យេនឌ័រ និង​ការ​គាំពារ​សង្គម ដើម្បី​លើកស្ទួយ​តួនាទី​ស្ត្រី​ដែល​ជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ច និង​សង្គមជាតិ​។ ដើម្បី​លើកកម្ពស់​សមភាព​យេនឌ័រ និង កិច្ច​គាំពារ​សង្គម​ឱ្យមាន​ប្រសិទ្ធភាព​និង​តម្លាភាព លោកនាយក​រដ្ឋមន្ត្រី បាន​អំពាវនាវ​គ្រប់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍ សង្គម​ស៊ីវិល វិស័យ​ឯកជន និង​ជនរួមជាតិ​ទូទាំង​ប្រទេស រួម​ទាំងអស់​គ្នា​ដើម្បី​អនុវត្ត​នូវ​ការងារ​អាទិភាព​ចំនួន​៥​ចំណុច​សំខាន់ៗ​។

​ទី​១៖ ត្រូវ​រួមគ្នា​យកចិត្តទុកដាក់​តា​មរយៈ​ការផ្តល់​អាទិភាព​បង្កើន​ចំនួន​ស្ត្រី​ឱ្យ​មាន​តួនាទី​ជា​ថ្នាក់​ដឹកនាំ​នៅ​គ្រប់​វិស័យ និង គ្រប់​កម្រិត ទៅតាម​សមត្ថភាព​ដែលមាន ហើយ​ត្រូវ​ជួយ​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ដែល​កើតមាន​នៅក្នុង​ឱកាស​បំពេញ​ការងារ​តាម​តួនាទី​របស់​ពួកគាត់ ។​

​ទី​២៖ ត្រូវ​រួម​គ្នា​ពង្រឹង​ការអនុវត្ត​ច្បាប់ និង​ត្រូវ​ព​នឿន​ដំណើរការ​កាត់ក្តី​ឱ្យបាន​ទាន់​ពេលវេលា ដើម្បី​ទប់ស្កាត់​អំពើហិង្សា​ទាក់ទង​នឹង​យេនឌ័រ ហើយ​ត្រូវ​សហការ​គ្នា​បង្កើតឱ្យមាន​មូលដ្ឋាន​ស្ថិតិ​រួម​ជា​ផ្លូវការ​មួយ​ដែល​អាច​តាមដាន និង​វាយតម្លៃ​អំពី​ប្រសិទ្ធភាព នៃ​ការផ្តល់​សេវា​ជួយ​ជនរងគ្រោះ​ដោយ​អំពើ​ហិង្សា​ទាក់ទង​នឹង​យេនឌ័រ​។​

​ទី​៣៖ ក្រសួង​អប់រំ​យុវជន និង​កីឡា​ត្រូវ​ធ្វើ​ការណែនាំ​ដល់​គ្រប់​គ្រឹះស្ថានសិក្សា​ទាំងអស់​ឱ្យ​ពង្រឹង​ការអនុវត្ត​វិន័យ ទន្ទឹម​នេះ​ត្រូវ​បន្ត​ផ្តល់​ឱកាស់​ដល់​ក្មេង​ស្រី​នៅ​គ្រប់​កម្រិត ដើម្បី​បាន​សិក្សា​មុខជំនាញ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា​(STEM) ដែល​ជា​យុគ​ទំនើបកម្ម​បច្ចេកវិទ្យា ។​

​ទី​៤៖ ក្រសួងមហាផ្ទៃ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ក្រសួង​ព័ត៌មាន​ត្រូវ​គ្រប់គ្រង​ការប្រើប្រាស់​ប្រព័ន្ធ​អឺ​ន​ធឺ​ណិ​ត​នៅ​ទូទាំង​ប្រទេស​ឱ្យមាន​ប្រសិទ្ធភាព ដើម្បី​ទប់ស្កាត់​បញ្ហា​ជាច្រើន ដែល​ពាក់ព័ន្ធ​នឹង​អំពើហិង្សា ការ​កេងប្រវ័ញ្ច​លើ​ស្ត្រី និង​ក្មេង​ស្រី តាម​ប្រព័ន្ធ​អឺ​ន​ធឺ​ណិ​ត និង​បញ្ហា​ញ​ផ្សព្វផ្សាយ​ផ្សេងៗ ដែល​ធ្វើឱ្យ​បាត​ស្តាប់​ធ្នាប់​សង្គម​។​

​ទី​៥៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្រសួង​ព័ត៌មាន និង​បញ្ហា​ញ​ផ្សព្វផ្សាយ​ទាំងអស់​ត្រូវ​បន្ត​ពង្រឹង និង​លើកកម្ពស់ សីលធម៌​សង្គម តម្លៃ​ស្ត្រី និង​គ្រួសារ​ខ្មែរ តាមរយៈ​ការបង្កើត​កម្មវិធី​អប់រំ​ល្អៗ ដើម្បី​បង្ហាញ​អំពី​អត្តចរិត​ស្ត្រី​ខ្មែរ ជា​ពិ​សេ​ការ​ស្លៀកពាក់​ប្រកបដោយ​ភាពថ្លៃថ្នូរ មាន​លក្ខណៈ​ជា​ស្ត្រី​ខ្មែរ ស័ក្តិសម ជា​ប្រទេស​ដែល​មាន​អរិយធម៌​រុងរឿង​នៅ​គ្រប់​ជំនាន់​។​

​រាជរដ្ឋាភិបាល ក៏​បាន​ដាក់ចេញ​នូវ​គោលនយោបាយ ចំពោះ​ស្ដ្រី​មាន​ផ្ទៃពោះ ជា​មន្ដ្រីរាជការ ស៊ីវិល នគរបាល និង​យោធា ត្រូវ​ទទួលបាន​ប្រាក់ឧបត្ថម្ភ ពី​រាជរដ្ឋាភិបាល និង​មាន​ប្រាក់ឧបត្ថម្ភ សម្រាប់​ស្ដ្រី​ក្រីក្រ ចាប់តាំងពី​ពេល​ពរ​ពោះ រហូតដល់​ពេល​ក្រោយ​សម្រាល​ផងដែរ​។​

ថ្មីៗ​ប្រមុខ​រដ្ឋាភិបាល ក៏បាន​សម្រេច​បង្កើត​ក្រុម​មេធាវី ដើម្បី​ការពារ​ក្តី ដល់​ស្ត្រី​ក្រីក្រ​ទូទាំងប្រទេស ដែល​ស្ថិត​ក្រោម​ការគ្រប់គ្រង​ដោយផ្ទាល់ ដោយ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​។​
​ដោយឡែក សម្រាប់​ក្រសួង​ស្ថាប័ន​នីមួយៗ ក៏​បាន​បង្ហាញ​ពី​តួលេខ​មន្ត្រី​ជា​ស្ត្រី នៅក្នុង​ស្ថាប័ន​របស់​ខ្លួន​។ ក្នុង​នោះ​ក្រសួង​សុខាភិបាល បានបញ្ជាក់​ស្ថាប័ន​ខ្លួន មាន​ស្ត្រី​ជា​អ្នកបំរើ​ការងារ ចំនួន​៥៧%​។​

​យ៉ាងណាមិញ លោកនាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ដែរ​ថា ជាមួយ​កិច្ចខិតខំ​ប្រឹងប្រែង របស់​រាជរដ្ឋាភិបាល​ធ្វើ​ស្ថានភាព​របស់​ស្ត្រី​នៅ​កម្ពុជា ត្រូវបាន​គេ​មើលឃើញថា មាន​ភាព​ល្អ​ប្រសើរ​ច្រើន​បើ​ធៀប​នឹង​អតីតកាល​។

របាយការណ៍​វាយ​តម្លៃ​របស់​វេទិកា​សេដ្ឋកិច្ចពិភពលោក​ឆ្នាំ​២០១៨ បង្ហាញឱ្យឃើញថា ភាព​រីកចម្រើន​របស់​ស្ត្រី​កម្ពុជា​ក្នុង​វិស័យសេដ្ឋកិច្ច និង​វិស័យ​អប់រំ ទាំង​ស្ត្រី និង​ក្មេង​ស្រី​ទទួលបាន​លទ្ធផល​ល្អ ដោយ​ទទួលបាន​ចំណាត់​ថ្នាក់​ពី​លេខ ១១២ នៅ​ឆ្នាំ ២០១៦​មក​លេខ​៩៣ នៅ​ឆ្នាំ​២០១៨​។ ទន្ទឹមនេះ កម្ពុជា​ជា​ប្រទេស​មាន​អត្រា​ស្ត្រី​ចូលរួម​ក្នុង​កម្លាំង​ពលកម្ម​ខ្ពស់​ជាងគេ (៧៩%) ហើយ​ម្ចាស់​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម ក្នុងប្រទេស​កម្ពុជា​មាន ៦៥% ជា​ស្ត្រី​៕

ព័ត៌មានផ្សេងទៀត