ឱសានវាទ​​នៃ​ការ​ភ្នាល់​គ្នា​​រវាង​លោក​សម រង្ស៊ី ​និង​លោក​ហ៊ុន សែន​ អ្វី​ជា​លទ្ធផល​?​

03-03-2019 3:32 pm 2402
  ស្តាប់
ស្តាប់ជាសំឡេង

​អ្នកគាំទ្រ​គណបក្សប្រឆាំង​នៅ​កម្ពុជា ដែល​កំពុង​ទន្ទឹងរង់ចាំ​ការវិលត្រឡប់​របស់លោក​សម រង្ស៊ី និង​អ៊ុត​លទ្ធផល​ភ្នាល់ រវាង​លោក​សម រង្ស៊ី និង​លោក​ហ៊ុន សែន បាន​រលាយ​ខ្សុល​ទៅហើយ​។​

​ថ្ងៃនេះ​គឺ​ឱសានវាទ​នៃ​ការ​ភ្នាល់​គ្នា រវាង​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី​។ លោក​សម រង្ស៊ី ភ្នាល់​ថា លោក​សុខចិត្ត វិលត្រឡប់​ទៅ​ស្រុក​ខ្មែរ​វិញ បើទោះបីជា​ត្រូវ​ចាប់ខ្លួន បើ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា មិន​ត្រូវបាន​ដោះលែង​ឱ្យមាន​សេរីភាព​ពេញលេញ​វិញ នៅត្រឹម​ថ្ងៃទី​៣ មីនា នេះ​។​តែ​លោក ហ៊ុន សែន អះអាងថា រឿង​ដោះលែង​លោក​កឹម សុខា គឺ​ចាំ​ទាល់តែ​សេះ​ដុះ​ស្នែង​។​លោក​ថា បើ​លោក​ដោះលែង លោក​កឹម សុខា លោក​នឹង​សុខចិត្ត​ចុះ​ចេញពី​តំណែង​នាយករដ្ឋមន្ត្រី​ភ្លាម​។​

​ល្បែងភ្នាល់ ដែល​ផ្តើម​ការ​បបួល ដោយ​លោក សម រង្ស៊ី ត្រូវបាន​អ្នកតាមដាន​សង្គម​ចាត់ទុក​កំហុស​មួយ​ដ៏​ធំ​ផ្នែក​គុណធម៌ ។ លោក​សម រង្ស៊ី រង​ការរិះគន់​យ៉ាងខ្លាំង ពិសេស​ពី​ក្រុម​និយម​លោក​កឹម សុខា​។​

​សូមបញ្ជាក់​ពី​សាវតារ​ខ្លះៗ​នៃ​ល្បែងភ្នាល់ គឺ​លោក​សម រង្ស៉ី កាលពី​ថ្ងៃទី​០៩ វិច្ឆិកា ឆ្នាំ​២០១៨ បាន​ចេញមក​បបួល​លោក​ហ៊ុន សែន ភ្នាល់​គ្នា​ជុំវិញ​ការដោះលែង​លោក​កឹម សុខា ឲ្យមាន​សេរីភាព​ឡើងវិញ​។ លោក​សម រង្ស៉ី បាន​លើកឡើងថា ក្រោម​សម្ពាធ​អន្តរជាតិ​លោក​ហ៊ុន សែន នឹងត្រូវ​បង្ខំចិត្ត​ដោះលែង លោក​កឹម សុខា អាច​ថ្ងៃទី​២៩ ធ្នូ ឆ្នាំ​២០១៨ ឬក៏​យ៉ាងយូរបំផុត​ថ្ងៃ​០៣ មីនា ឆ្នាំ​២០១៩​។ លោក​សម រង្ស៊ី ដាក់​លក្ខខណ្ឌ​ថា បើ​ថ្ងៃទី​២៩ ធ្នូ ឆ្នាំ​២០១៨ ឬ​យ៉ាងយូរបំផុត​ថ្ងៃទី​០៣ មីនា ឆ្នាំ​២០១៩​នេះ លោក​ហ៊ុន សែន មិន​ដោះលែង​លោក​កឹម សុខា នោះ​សម រង្ស៊ី នឹង​វិល​ចូល​ប្រទេស​ដើរ​ចូលក្នុង​ពន្ធនាគារ​។​ផ្ទុយទៅវិញ​បើ​លោក​កឹម សុខា ត្រូវបាន​ដោះលែង​នោះ លោក​ហ៊ុន សែន ត្រូវតែ​ចុះ​ចេញពី​តំណែង​នាយករដ្ឋមន្ត្រី​កម្ពុជា​។​

​ក្រោយ​ការ​បបួល​ភ្នាល់​នេះ​ភ្លាមៗ លោក​ហ៊ុន សែន ក៏​ព្រម​ភ្នាល់ ជាមួយ​លោក​សម រង្ស៊ី ដោយ​យក​សារព័ត៌មាន Fresh News ដែល​ស្និទ្ធ​នឹង​លោក ជា​សាក្សី​។ លោក​ហ៊ុន សែន បញ្ជាក់ថា ការព្រម​ភ្នាល់​របស់លោក ដោយសារ​លោក​សម រង្ស៉ី ជា​អ្នក​បង្ខំ​។​

​ក្រោយ​មេដឹកនាំ​នយោបាយ​ទាំងពីរ ប្រកាស​ភ្នាល់​គ្នា​បែបនេះ ទាំង​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ ពិតជា​ភ្ញាក់ផ្អើល​ជាខ្លាំង​។​ការណ៍​នេះ ក៏​ក្លាយជា​ប្រធានបទ​ក្តៅគគុក សម្រាប់​អ្នកតាមដាន​ស្ថានការណ៍​សង្គម​នៅ​កម្ពុជា លើក​មក​ជជែក​តាម​តុ​កាហ្វេ និង​បណ្តាញ​សង្គម​ផ្ទាល់ខ្លួន ជា​ហូរហែ​។ 

​អ្នកវិភាគ​នយោបាយ​មួយចំនួន យល់ថា ការ​ភ្នាល់​គ្នា​នេះ​មិនមាន​អ្នកចាញ់​ទេ និង​ថា នេះ​ទំនង​គ្រាន់តែ​ជា​ការយក​ប្រៀប​ផ្នែក​នយោបាយ​ដោយ​មិន​ជឿថា​មាន​ភាគី​ណាមួយ​នឹង​អនុវត្តតាម​ការ​ភ្នាល់​គ្នា​នោះឡើយ​។​

​កន្លងមក ក្រោយ​មេដឹកនាំ​ទាំងពីរ​ប្រកាស​ភ្នាល់​ភ្លាម លោក​មាស នី ធ្លាប់បាន​លើកឡើងថា លើក​មើលឃើញ​អ្នកនយោបាយ​ខ្លះ បានត្រឹមតែ​និយាយ​ភ្នាល់ តែ​ភាពក្លាហាន​មែនទែន គឺ​មិន​អាចទៅរួច​ទេ ហើយ​ឃើញ​ការ​ភ្នាល់​របស់លោក​សម រង្ស៊ី ក៏​វា​ជា​ផ្នែក​មួយ​ចង់​រុញឲ្យ​លោក​ហ៊ុន សែន ទល់​ជញ្ជាំង គ្មាន​ច្រកចេញ បើទោះបីជា​ចង់​ដោះលែង​ក៏ត្រូវ​បញ្ឈប់​ការដោះលែង ដើម្បីឲ្យ​ឈ្នះ​ចិត្ត​គ្នា ប៉ុណ្ណោះ​។​លោក​ចាត់ទុក​ល្បែង​នេះ ជា​សកម្មភាព​មួយ​ដែល​អសីលធម៌​ទៅលើ​ជោគវាសនា​លោក​កឹម សុខា​។​

​ប៉ុន្តែ នៅ​ថ្ងៃទី​២០ កុម្ភៈ លោក​សម រង្ស៊ី បាន​ចោទប្រកាន់​លោក​ហ៊ុន សែន ថា បាន​កែប្រែ​លក្ខខណ្ឌ​នៃ​ការ​ភ្នាល់​គ្នា​លើ​ករណី​ដោះលែង ឬ មិន​ដោះលែង​លោក កឹម សុខា នៅមុន​ថ្ងៃទី ០៣ មីនា​។ ពេលនោះ នៅលើ​ទំព័រ​ហ្វេ​ស​បុក​របស់លោក​សម រង្ស៊ី ថា​ការកែប្រែ​លក្ខខណ្ឌ​ជា​ឯកតោភាគី​នេះ ត្រូវបាន​ចាត់​ទុកជាមោឃៈ​។ ភ្លាមៗ​នេះ លោក​ហ៊ុន សែន បាន​បង្ហោះ​បទ​ចម្រៀង «​ទទា​យំ​ឆ្លង​» ឌឺដង​ឲ្យ​លោក​សម រង្ស៊ី ថា​«...​លុយ​ក៏​អស់ ឆ្នាំង​ក៏​ប្រេះ តើ​នឹងរ​ត់ទៅ​ជ្រក​ឯណា​?»​។ 

​បន្ថែម​លើ​នេះ លោក សម រង្ស៊ី ក៏​បានបង្ហាញ​ជំហរ​មិន​វិល​ត្រលប់មក​កាន់​ប្រទេស​កម្ពុជា​វិញ នៅក្រោយ​ថ្ងៃទី ០៣ មីនា ដែលជា​ឱសានវាទ​ចុងក្រោយ នៃ​ការ​ភ្នាល់​នេះ​ទេ​។​

ការប្រកាស​ជំហរ​អលឯក​ជាថ្មី​ពី​ការវិល​ចូល​ស្រុក​របស់លោក​សម រង្ស៉ី បានធ្វើឲ្យ​មនុស្ស​ជាច្រើន ពិសេស​ក្រុម​កឹម សុខា និយម សម្តែង​ការ​ខឹងសម្បា និង​ស្តីជេរ​ធ្ងន់ៗ​ចំពោះ​ភាព​កំសាក​របស់លោក​សម រង្ស៊ី​នេះ​។​
​ការប្រកាស​មោឃភាព​នៃ​ការ​ភ្នាល់​ពី​សំណាក់​លោក​សម រង្ស៊ី ក៏​ត្រូវបាន​លោក​ហ៊ុន សែន ចាត់ទុកថា ចុះចាញ់​មុន​បញ្ចប់​ការប្រកួត ហើយ​លោក​ហ៊ុន សែន ក៏​និពន្ធ​បទ​ចម្រៀង​មួយ​បទ​ទៀត ជាការ​ឌឺដង និង​បញ្ឈឺចិត្ត​លោក​សម រង្ស៉ី ថា​ជា​មនុស្ស​កំសាក​ផងដែរ​។ លោក​សរសេរ​ក្នុង​បទ​ចម្រៀង​ដែលមាន​ចំណងជើង​ថា «​ទទា​យំ​ឆ្លង បង​អើយ​រត់​អី​លឿន​ម្ល៉េះ​» ត្រូវបាន​ក្រុម​អ្នកចម្រៀង​របស់លោក​យកមក​ច្រៀង​បញ្ចើ​ច​បញ្ជើ​ឲ្យ​លោក​សម រង្ស៉ី យ៉ាង​ព្រោងព្រាត​ទាំង​លើ​បណ្តាញ​សង្គម Facebook Youtube និង​នៅតាម​កម្មវិធី​ផ្សេងៗ របស់លោក​ហ៊ុន សែន ផងដែរ​។​

​អ្នកតាមដាន​សង្គម លោក​មាស នី ចោទ​សួរថា អ្វីខ្លះ​ដែល​ជាការ​ចាញ់​ឫ​ឈ្នះ​ក្នុងការ​ភ្នាល់​រវាង​លោក​ហ៊ុន សែន​និង​លោក​សម រង្សី​? លោក​មើលឃើញថា មកទល់​ថ្ងៃនេះ​ពេល​ផុតកំណត់​នៃ​ការ​ភ្នាល់​របស់​មេដឹកនាំ​ទាំងពីរ តែ​គូ​បក្ខដិ​បក្ខ​ទាំងពីរ​នៅតែ​ព្យាយាម​អះអាង​យក​ប្រៀប​ឈ្នះ​រៀងៗ​ខ្លួន​។​

​លោក​មាស នី និយាយថា ល្បែងភ្នាល់​នេះ​គឺថា លោក​ហ៊ុន សែន ជា​អ្នក​បោះ​មេ ព្រោះ​យើង​ដឹង​ច្បាស់​តាំងពី​ដំបូង​ថា​សន្លឹក​បៀរ​គឺ​ស្ថិតនៅក្នុង​ដៃ​លោក​ហ៊ុនសែន ហើយ​លោក​ហ៊ុន សែន​ពិតជា​ឈ្នះ តែ​អ្វី​ដែលជា​ចំណោទ​សួរ​សំខាន់​នោះ​ថា​តើ​ទំហំ​នៃ​ទឹក​លុយ​ដែល​គាត់​បាន​ដាក់ចូល​សម្រាប់​ភ្នាល់ និង​ការ​ឈ្នះ​នេះ​មានន័យ​យ៉ាងណា​សម្រាប់​គណបក្ស​? សម្រាប់​លោក​ហ៊ុន សែន ផ្ទាល់​? និង​សម្រាប់​ប្រទេស​កម្ពុជា​ទាំងមូល​? តើ​លោក​ហ៊ុន សែន បានទទួល​អ្វី​សំខាន់​ពី​លោក​សម រង្សី​តាមរយៈ​ការ​ឈ្នះ​ល្បែងភ្នាល់​នេះ​? លោក​មាស នី ដាក់​សំណួរ​បែប​ឡកឡឺយ​មួយ​ថា​៖«​ឈ្នះ​ដើម្បី​ខាត ឬ​ចាញ់​ដើម្បី​ឈ្នះ​?»

​ឯ​លោក​ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​បុក​របស់លោក​ថា ល្បែងភ្នាល់​នយោបាយ​ខ្នាត​ធំ​នេះ ត្រូវបាន​គេ​ដឹង​លទ្ធផល​ជាមុន តាំងពី​ថ្ងៃ​ចាប់ផ្តើម​ភ្នាល់​នោះ​មកម្ល៉េះ​ថា លោក​សម រង្សី នឹង​ចាញ់​នៅក្នុង​ការ​ភ្នាល់​នេះ​។ ប៉ុន្តែ​លោក​ព្រាប កុល បញ្ជាក់ថា អ្វីដែល​គេ​ប្រហែល​មិនបាន​គិតដល់​នោះ គឺ សម រង្សី បានលើកឡើង​ពី​ការ​ភ្នាល់​គ្នា​នេះ ដើម្បី​បានឈ្នះ​ក្នុង​ការតស៊ូ​មតិ​លើ​ឆាក​អន្តរជាតិ​តែប៉ុណ្ណោះ ពិសេស​ទាក់ទង​ទៅនឹង​ដំណើរការ​ត្រួតពិនិត្យ EBA របស់​សហភាព​អឺរ៉ុប​ជាដើម​។ លោក​ព្រាប កុល ដឹងថា លោក​សម រង្សី នឹងមិន​ធ្វើតាម​សន្យា​ក្នុងការ​ភ្នាល់​នេះ​ទេ ខណៈដែល​ក្រុម​មេធាវី និង​ក្រុម​អ្នកគាំទ្រ​លោក​កឹម សុខា បាន​ថ្កោលទោស​ចំពោះ​ការយក​សេរីភាព​របស់លោក កឹម សុខា មក​ធ្វើជា​កម្មវត្ថុ​នៃ​ការ​ភ្នាល់​គ្នា​នេះ​៕

ព័ត៌មានផ្សេងទៀត