កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ការរៀបចំ​កិច្ចប្រជុំ​RCEP​ដើម្បី​បញ្ចប់​ការចរចា​ទាំងស្រុង​នៅ​ឆ្នាំ​នេះ​

02-03-2019 5:28 pm 374
  ស្តាប់
ស្តាប់ជាសំឡេង

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី​២ ខែ​មីនា បាន​អញ្ជើញ​ជា​អធិបតីភាព បើក​អន្តរ​កិច្ចប្រជុំ​រដ្ឋមន្ត្រី លើក​ទី​៧ ស្តីពី​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) នៅ​សណ្ឋាគារ​សុខា​អង្គរ ខេត្តសៀមរាប ។ ថ្លែង​ក្នុង​កម្មវិធី​នៅ​ព្រឹក​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​ថា កម្ពុជា​ពិតជា​មាន​កិត្តិយស ដ៏​ឧត្ដុង្គឧត្តម​ជាថ្មី​ម្តងទៀត ក្នុងការ​ធ្វើ​ជា​ម្ចាស់ផ្ទះ រៀបចំ​អន្តរ​កិច្ចប្រជុំ​រដ្ឋមន្ត្រី លើក​ទី​៧ នាពេលនេះ ។ 

​លោកនាយក​រដ្ឋមន្ត្រី​បាន​រំលេច​ថា កន្លងមក លោក​បាន​ជំរុញ​ឱ្យ​រដ្ឋមន្ត្រី និង​ក្រុមការងារ​ចរចា​ខិតខំ​ពិភាក្សា តាម​វិស័យ​នី​មួយៗ ដើម្បី​បញ្ចប់​ការចរចា​តាម​អាណត្តិ ដែល​បាន​កំណត់​ដោយ​ថ្នាក់ដឹកនាំ កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) ទោះបីជា​កម្ពុជា​ត្រូវ​ធ្វើ​ការកែទម្រង់ លិខិតបទដ្ឋាន​ច្បាប់​មួយចំនួន និង​ត្រូវ​ធ្វើ​តាម​ការសម្របសម្រួល​ជាមួយ​បណ្តា​ប្រទេស​ដៃគូ​ដទៃទៀត​ក៏ដោយ ។ 

​ដើម្បី​ដឹង​ពី​ព័ត៌មាន​លម្អិត សូម​ស្តាប់ គង់ ឧត្តម រាយការណ៍ ដោយ​ឆ្លងឆ្លើយ​ជាមួយ​ ប៉ា សុ​ខេង ដូចតទៅ ...

​ជម្រាប​សួរ​ឧត្តម មុននឹង​ចូល​ទៅ​កាន់​ព័ត៌មាន​ស៊ីជម្រៅ ខ្ញុំ​ចង់​ឱ្យ​ឧត្តម លើកឡើង​បង្ហាញ​អំពី អ្វី​ជា​កិច្ចព្រមព្រៀង ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP)?

​បាទ​! អរគុណ​សុ​ខេង ។ កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) នេះ គឺជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​តំបន់ ដែល​កំពុង​ស្ថិត​នៅក្នុង​ដំណាក់កាល​នៃ​ការចរចា ចូលរួម​ដោយ​ប្រទេស​ចំនួន​១៦ រួមមាន​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​១០ និង​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​សេរី​អាស៊ាន​ចំនួន​៦ រួមមាន អូស្ត្រាលី​, ចិន​, ឥណ្ឌា​, ជប៉ុន​, កូរ៉េខាងត្បូង និង​ណូវែល​ហ្សេ​ឡង់ ។​

​កិច្ចព្រមព្រៀង​នេះ ជា​គំនិត​ផ្តួចផ្តើម​របស់​អាស៊ាន ដែល​ផ្អែកលើ​កុងសង់ស៊ីស សម្រាប់​ការធ្វើ​សេចក្តីសម្រេចចិត្ត ដែល​បាន​ប្រកាស​ឱ្យ​ចាប់ផ្តើម​ចរចា​ក្នុង​ឆ្នាំ​២០១២ នៅ​កម្ពុជា ។ 

​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ មាន​ទំហំ GDP ជិត​៣០% នៃ GDP ពិភពលោក គិត​ត្រឹម​ឆ្នាំ​២០១៤, មាន​ប្រជាជន​ស្ទើរតែ​ពាក់កណ្តាល​នៃ​ចំនួន​ប្រជាជន​ពិភពលោក​សរុប​, មាន​៣១,៦% នៃ​ផលិតកម្ម​ពិភពលោក​, ២៨,៥% នៃ​ពាណិជ្ជកម្ម​ពិភពលោក និង​មួយ​ភាគ​ប្រាំ​នៃ​លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស​របស់​ពិភពលោក គិត​ត្រឹម​ឆ្នាំ​២០១៦ ។​

​ចាស៎​! ឧត្តម តើ​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​លើក​ទី​៧ ស្តីពី​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​លើកឡើង​ជា​ចំណុច​សំខាន់ៗ​អ្វីខ្លះ ?

​បាទ សុ​ខេង ។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍​រំឭក​ឡើងវិញ អំពី​សាវតា​នៃ​ការចរចា​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) និង​បាន​ថ្លែងអំណរគុណ ដល់​ថ្នាក់ដឹកនាំ​ប្រទេស​ចូលរួម​ទាំងអស់ ដែល​បាន​ប្រឹងប្រែង​ជំរុញ​កិច្ច​ចរចា​នា​ពេលកន្លងមក ដើម្បី​ឈាន​ទៅ​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ដ៏​ធំ​បំផុត នៅក្នុង​តំបន់​អាស៊ី​នាពេល​អនាគត​ដ៏​ខ្លី​ខាងមុខ ដែល​នឹង​ក្លាយ​ជា​មូលដ្ឋានគ្រឹះ ដ៏​រឹងមាំ​មួយ សម្រាប់​វិបុលភាព​សេដ្ឋកិច្ចពិភពលោក ។​

​លោក​ក៏​បាន​លើកឡើង​អំពីរ​បត់​នៃ​ពាណិជ្ជកម្ម​អន្តរជាតិ និង​បញ្ហា​ប្រឈម ដែល​បង្កឡើង​ដោយ​ប្រទេស​មហាអំណាច​ធំៗ​នៅលើ​ពិភពលោក ដែល​បាន​កំពុង​អូសទាញ​ប្រទេស​សមាជិក​អាស៊ាន និង​ប្រទេស​គាំទ្រ​របប​ពាណិជ្ជកម្ម​សេរី ក្នុងទិសដៅ​ផ្សេងៗ​គ្នា ប៉ុន្តែ ទោះជា​យ៉ាងនេះក្តី កម្ពុជា និង​សមាជិក​អាស៊ាន​ទាំង​អស់ នៅតែ​អាច​បន្ត​ធ្វើការ​ជាមួយគ្នា ដើម្បី​ស្វែងរក​មូលដ្ឋាន ទិសដៅ និង​អត្ថប្រយោជន៍​រួម ។​

​លោក ហ៊ុន សែន ក៏​បាន​គូសបញ្ជាក់​អំពី​កត្តា​ប្រែប្រួល​នៃ​ភូមិសាស្ត្រ​នយោបាយ និង​ប៉ូល​សេដ្ឋកិច្ចពិភពលោក ព្រមទាំង​សារៈសំខាន់​នៃ​ការបង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) ដើម្បី​ប្រែក្លាយ​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី ទៅ​ជា​ប៉ូល​សេដ្ឋកិច្ច​ស្នូល សំដៅ​ជួយ​ទប់ស្កាត់​គោលនយោបាយ​គាំពារ​និយម និង​ការរីក​រាលដាល​នៃ​សង្គ្រាម​ពាណិជ្ជកម្ម ។​

​គាត់​បញ្ជាក់​ថា កម្ពុជា និង​ប្រទេស​សមាជិក​អាស៊ាន​ទាំង​អស់ ប្តេជ្ញា​ចិត្ត​យ៉ាង​មោះមុត ក្នុង​ការគាំទ្រ​គោលនយោបាយ​ពហុភាគី និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ហើយ​នៅតែ​បន្ត​ចូលរួម​យ៉ាង​ក្លៀវក្លា ដើម្បី​លើកកម្ពស់​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី ដែល​មាន​ភាព​បើកចំហ ដែល​ជា​មូលដ្ឋាន​ក្នុង​ការរក្សា​កំណើន និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​សាកល​ជាច្រើន​ទស្សវត្ស​កន្លងមកហើយ បើ​មិន​ដូច្នោះ ពិភពលោក នឹង​មាន​ភាពច្របូកច្របល់ អាច​បណ្តាលឱ្យ​មាន​សង្គ្រាម​សេដ្ឋកិច្ច​ក្នុង​កាលៈទេសៈ​ណា​មួយ ។​

​ជាមួយគ្នានេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​រូបនេះ ក៏បាន​លើកឡើង​ថា កម្ពុជា ក៏​ដូចជា​ប្រទេស​សមាជិក កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) ទាំងអស់ សូម​អបអរសាទរ​ចំពោះ​វឌ្ឍនភាព នៃ​ការចរចា​កិច្ចព្រមព្រៀង ដែល​កំពុង​បោះជំហាន​ដល់​ដំណាក់កាល​ការចរចា​ចុងក្រោយ ប្រកបដោយ​ជោគជ័យ និង​បាន​ថ្លែង​អរគុណ​ទៅ​ដល់​ប្រទេស​ឥណ្ឌូនេស៊ី ដែល​កំពុង​ដើរ​តួនាទី ជា​អ្នកសម្របសម្រួល​ដឹកនាំ​ការចរចា​នេះ ។​

​ម្យ៉ាងទៀត លោក ហ៊ុន សែន ក៏បាន​លើកឡើង​នូវ​៣​ចំណុច សម្រាប់​ជា​មូលដ្ឋាន​ក្នុង​ការពិចារណា និង​រៀបចំ​ការពិភាក្សា​ចរចា ដែល​ក្នុងនោះ​មានដូចជា ៖

​ទី​១. ប្រទេស​សមាជិក​នៃ​ភាគី​ចរចា​ទាំងអស់ នៃ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) ត្រូវ​ចាត់ទុក​ការចរចា​នាពេលនេះ គឺជា​ដំណើរការ «​ឈ្នះ​ឈ្នះ​» ដែល​គ្រប់​ភាគី អាច​ទទួល​បាន​ទាំងអស់​គ្នា ហើយ​លទ្ធផល​នៃ​ការចរចា​កិច្ចព្រមព្រៀង​នេះ នឹង​ផ្តល់​ផល​ប្រយោជន៍​យ៉ាងច្រើន​ដល់​គ្រប់​ភាគី ទោះ​ក្នុង​កម្រិត​ខុស​គ្នា​យ៉ាងណា​ក៏ដោយ ។ 

​ទី​២. ប្រទេស​សមាជិក​នៃ​ភាគី​ចរចា​ទាំងអស់ ទោះបីជា​មាន​របៀបវារៈ​សេដ្ឋកិច្ច​ផ្សេងៗ​គ្នា ត្រូវតែ​នាំគ្នា​ពិនិត្យ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) នេះ ដោយ​ស្មារតី​ទទួលខុសត្រូវ ទៅលើ​ទិដ្ឋភាព​ជា​រួម ដែល​មាន​សក្តានុពល និង​អត្ថប្រយោជន៍ ដើម្បី​ឱ្យ​ដំណើរការ​នៃ​ការចរចា អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ហើយ​ជម្នះ​បាន​នូវ​ឧបសគ្គ ដែល​នៅ​សេសសល់ ដើម្បី​បញ្ចប់​កិច្ចចរចា​ឱ្យបាន​ទាន់ពេលវេលា ដែល​បាន​កំណត់​ប្រកបដោយ​តម្លាភាព ។​

​និង​ទី​៣. លោក​បាន​អំពាវនាវ​ប្រទេស​សមាជិក ដែល​ចូលរួម​ចរចា​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) ទាំងអស់ ត្រូវ​មាន​ឆន្ទៈ​នយោបាយ ហើយ​សូម​ផ្តល់​ការណែនាំ​ដល់​សមាជិក នៃ​គណៈកម្មាធិការ​ចរចា​ពាណិជ្ជកម្ម​នេះ ប្រកប​ដោយ​ភាពទន់ភ្លន់ ការយោគយល់​គ្នា និង​ការផ្តល់​ផលប្រយោជន៍​ឱ្យ​គ្នា​ទៅវិញ ទៅមក ស្រប​តាម​គោលការណ៍​ណែនាំ ដែល​បាន​ឯកភាពគ្នា កាលពី​ឆ្នាំ​២០១២ នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​២១ នៅ​ទីក្រុង​ភ្នំពេញ ។ 

​លោក​បន្តថា ជាពិសេស ចំពោះ​បញ្ហា​ប្រទេស​សមាជិក កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) ដែល​ជា​ប្រទេស​អភិវឌ្ឍ មាន​ស្ថានភាព​សេដ្ឋកិច្ច​ល្អប្រសើរ ត្រូវ​មាន​ឆន្ទៈ​ក្នុង​ការផ្តល់​ប្រព្រឹត្ត​កម្ម​ពិសេស និង​ការបើក​ច្រក​ទីផ្សារ​ដល់​ប្រទេស​អភិវឌ្ឍ​តិចតួច ដែល​មាន​ទំហំ​សេដ្ឋកិច្ច​នៅ​តូច ដើម្បី​ជំរុញ​ការលើកទឹកចិត្ត​ប្រទេស​ទាំងនោះ ឱ្យ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ចលនា​ពាណិជ្ជកម្ម​សេរី​ពហុភាគី​ប្រកបដោយ​តម្លាភាព ។​

​ចាស៎ ឧត្តម មួយ​សំណួរ​ចុងក្រោយ យើង​ចង់​ដឹង​ថា តើ​កិច្ចប្រជុំ កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) នេះ ធ្វើឡើង​ដើម្បី​អ្វី​?

​បាទ​! កិច្ចប្រជុំ​នេះ គឺ​ធ្វើឡើង​ដើម្បី​បន្ត​ការចរចា និង​ដោះស្រាយ​បញ្ហា​សេសសល់​នានា បន្ទាប់ពី​កិច្ចប្រជុំ​គណៈកម្មការ​ចរចា​ពាណិជ្ជកម្ម លើក​ទី​២៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ដែល​បាន​ធ្វើឡើង កាលពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី សំដៅ​ឈាន​ទៅ​បញ្ចប់​ការចរចា​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) ទាំងស្រុង នៅក្នុង​ឆ្នាំ​២០១៩ តាម​អាណត្តិ ដែល​ផ្តល់ឱ្យ​ដោយ​ថ្នាក់​ដឹកនាំ​នៃ​ប្រទេស​ចរចា RCEP ទាំង​១៦ នៅ​អំឡុង​កិច្ចប្រជុំ​កំពូល RCEP លើក​ទី​២ កាលពី​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ប្រទេស​សិង្ហ​បុរី ៕

ព័ត៌មានផ្សេងទៀត