សង្គម​ស៊ីវិល​៖ វិធានការ "វះកាត់" មន្ត្រី​ខិលខូច​គួរ​ធ្វើ​ដូច​ភ្លៀងរលឹម​

01-03-2019 5:43 pm 339
  ស្តាប់
ស្តាប់ជាសំឡេង

​នៅ​ទីបំផុត អភិបាលរង​ខេត្ត​ព្រះសីហនុ​២​រូប គឺ​លោក​ផៃ ប៊ុន​វណ្ណៈ និង​លោក​ស្រ៊ុន ស្រ៊ន់ ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ចេញ​អនុក្រឹត្យ​បញ្ចប់​មុខតំណែង​ជា​ផ្លូវការ នៅ​ថ្ងៃ​ទី​០១ ខែ​មីនា​នេះ ពាក់ព័ន្ធ​ករណី​បង្ក្រាប​ដោយ​ហិង្សា លើ​ប្រជាពលរដ្ឋ​តវ៉ា​រឿង​ដីធ្លី ស្ថិតក្នុង​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​អំឡុង​ចុង​ខែ​មករា កន្លងទៅនេះ​។ ស្របពេល​ជាមួយគ្នានេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ក៏​បាន​បញ្ជា​ឲ្យ​ពិនិត្យដក​មេបញ្ជាការ​យោធា​ខេត្ត​ព្រះសីហនុ លោក​សាវិន វិបុល ចេញពី​តំណែង​ផងដែរ​។​

​នេះ​ជា​ការចាប់ផ្តើម​អនុវត្ត នូវ​អភិក្រម​ទី​៥ គឺ “​វះកាត់​” ចំពោះ​មន្ត្រី​រូប​ណា ដែល​បង្ក​ឲ្យ​រាំងស្ទះ​ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា និង សេចក្តីសុខ​របស់​ប្រជាពលរដ្ឋ គឺ​ត្រូវតែ​ដកចេញ និង ឈានដល់​ការដាក់ទោសទណ្ឌ ទោះបី​មាន​ឋានៈ​ផ្កាយ ឬ​លោក​ខែ​ប៉ុណ្ណា​ក៏​ដោយ​។ នេះ​ជា​ប្រសាសន៍ លើកឡើង​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​មន្ទីរពេទ្យ​មិត្តភាព កម្ពុជា​-​ចិន ត្បូងឃ្មុំ នា​ថ្ងៃ​ទី​០១ មីនា​នេះ​។​

សំឡេង​

​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ ដោយ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន កាលពីដើម​អណត្តិ​ទី​៥ បាន​ប្រកាស​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​បន្ថែម លើ​កិច្ច​ការងារ​មន្ត្រី ក្នុង​ជួរ​រដ្ឋាភិបាល​របស់​លោក​។ ក្នុងនោះ លោកនាយក​រដ្ឋមន្ត្រី បាន​ប្រកាស​ពី​ការអនុវត្ត អភិក្រម​ចំនួន​៥ រួមមាន​៖ មុជទឹក ឆ្លុះ​កញ្ចក់ ដុះ​ក្អែល ព្យាបាល និង វះកាត់ ជា​សារ​ខ្លី សម្រាប់​ដាស់តឿន​មន្ត្រី​ដែល​ធ្លាប់​ស្ពឹក​ស្រពន់ និង​ខិលខូច​ពុករលួយ ឲ្យ​ភ្ញាក់រលឹក ក្នុងន័យ​កំណែទម្រង់​ស៊ីជម្រៅ នៅក្នុង​ជួរ​គណបក្ស និង ជួរ​រាជរដ្ឋាភិបាល​។

​លោក​អំ សំអាត មន្ត្រី​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​លីកាដូ បាន​ប្រាប់​វិទ្យុ​វាយោ​ថា នេះ​ជា​ជំហាន​ដ៏​ល្អ​មួយ​របស់​រដ្ឋាភិបាល ក្នុង​ការវះកាត់ សាច់​ស្អុយ ឬ​មន្ត្រី​ខិលខូច ពុករលួយ ចេញ បើទោះបីជា​រៀង​យឺត​ពេល​បន្តិ​ចក្តី​។ លោក​បន្ថែមថា ការវះកាត់​សាច់​មន្ត្រី​ស្អុយ ចេញ​នេះ អាច​ជា​គំរូ​ដ៏​ល្អ ទៅ​ថ្ងៃមុខ​បន្តទៀត សម្រាប់​គ្រប់​មន្ត្រី​ទាំងអស់ ដែល​កន្លងមក​ធ្លាប់បាន ប្រើប្រាស់​អំណាច​ធ្វើ​បាប​រាស្ត្រ ឲ្យ​ភ្ញាក់រលឹ​កថា ត្រូវធ្វើ​ជា​មន្ត្រី​ដើម្បី​បំរើ​រាស្ត្រ​។

​តែ​យ៉ាងណាក៏ដោយ មន្ត្រី​សិទ្ធិមនុស្ស​រូបនេះ ស្នើ​ឲ្យ​រដ្ឋាភិបាល គួរតែ​អនុវត្ត​នូវ​វិធានការ​កាត់​សាច់​ស្អុយ​នេះ ធ្វើឡើង​ដូច​ភ្លៀងរលឹម កុំ​ធ្វើ​ជា​លក្ខណៈ​ភ្លើង​ចំបើង​។​

​សំឡេង​

​ទន្ទឹម​នឹង​ការ​សាទរ​ចំពោះ វិធានការ​កាត់​សាច់​ស្អុយ របស់​រដ្ឋាភិបាល លោក​សន ជ័យ អ្នកឃ្លាំមើល​ស្ថានការណ៍​សង្គម បានបញ្ជាក់​ថា កន្លងមក​រដ្ឋាភិបាល តែងតែ​ប្រើប្រាស់ នូវ​វិធានការ​ភ្លើង​ចំបើង ដែល​ងាយ​ឆេះ ហើយ​ឆាប់​រលត់​។ ប៉ុន្តែ​សម្រាប់​ការប្រើប្រាស់ អភិក្រម​ទី​៥ “​វះកាត់​”​នេះ លោក​សង្ឃឹមថា រដ្ឋាភិបាល​នឹង​ធ្វើ​ជា​លក្ខណៈ​ភ្លៀងរលឹម ដោយ​បន្ត​តាមដាន​ពិនិត្យ និង​អនុវត្ត​នូវ​ច្បាប់ ឬ​វិធានការ​ដែលមាន​ស្រាប់ ដើម្បី​ជា​ផលប្រយោជន៍​សម្រាប់​សង្គម​ជាតិ និង​ប្រជាពលរដ្ឋ​ទៅ​ថ្ងៃ​ខាងមុខ​។​

​សំឡេង​

លោក​សន ជ័យ បន្ថែមថា ការអនុវត្ត​នូវ​វិធានការ វះកាត់​មន្ត្រី​ខិលខូច​នេះ លោក​មិន​បាន​មើលឃើញថា ដោយសារតែ​មាន​សម្ពាធ​ពី​អន្តរជាតិ​ឡើយ ប៉ុន្តែ​លោក​មើលឃើញថា គឺ​កើត​ចេញពី​ឆន្ទៈ​ពិត​របស់​រដ្ឋាភិបាល ក្នុងការ​ធ្វើ​កំណែទម្រង់​ចំពោះ​មន្ត្រី​ខិល​ខួច ឬ​ស្ពឹក​ស្រ​ពន់ ឲ្យ​ភ្ញាក់រលឹក​។​

សំឡេង

​មិន​ខុស​គ្នា​នោះឡើយ សម្រាប់​លោក​អំ សំអាត បាន​យល់ឃើញថា​....៖

សំឡេង

​លោក​ផៃ ស៊ីផា​ន អ្នកនាំពាក្យ​រដ្ឋាភិបាល បាន​មានប្រសាសន៍ថា រដ្ឋាភិបាល​នឹង​បន្ត​អនុវត្ត​នូវ​វិធានការ វះកាត់ នេះ​ជា​បន្តបន្ទាប់​ចំពោះ​មន្ត្រី​ណា ដែល​មិន​ព្រម​ចូលរួម​រក្សា​សង្គម​ឲ្យមាន​យុត្តិធម៌ ហើយ​វិធានការ​នេះ មិនមែន​ធ្វើ​ឡើង​របៀប​ភ្លៀង​ខ្យល់ព្យុះ​មួយ​ឆាវ​នោះទេ​។​

សំឡេង​

​សូមបញ្ជាក់​ថា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ក្រោយ​ការដក​តំណែង​អភិបាលរង​ខេត្ត​ព្រះសីហនុ ២​រូប លោក​បាន​មានប្រសាសន៍ថា សម្រាប់​ការងារ​បន្ដ គឺជា​ភារកិច្ច អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ក្រសួង​មហាផ្ទៃ​៕   

ព័ត៌មានផ្សេងទៀត