សារាចរ​​ណែនាំ​​ និង បទបញ្ជាល្អ តែ​​​អនុវត្ត​​ការងារ​​ហាក់​ដូចជា​​អន់​​ឬ​?​

01-03-2019 3:11 pm 1102
រថយន្តធុនធំដឹកកុងតឺន័រ ចូលក្រុងទាំងព្រឹក នៅចំណុចស្ពានអាកាសស្ទឹងមានជ័យ បណ្តាលឱ្យមានការកកស្ទះ និង ធ្វើឱ្យបាក់ដៃស្ពាន នៅថ្ងៃទី២៦ កុម្ភៈ ឆ្នាំ២០១៩។រូបថតពី BTV

​អភិបាល​រាជធានី​ភ្នំពេញ ធ្លាប់​ចេញ​សារាចរ​បញ្ជា​ឱ្យ​អាជ្ញាធរ​ខណ្ឌ ហាមឃាត់​មិន​ឱ្យមាន​រថយន្ត​ធំៗ ចេញ​-​ចូល រាជធានី​ភ្នំពេញ នៅពេល​ថ្ងៃ​ដាច់ខាត​។ ជា​បទបញ្ជា​ចាស់​ដែល​ត្រូវតែ​ត្រូវ​ពង្រឹង​ឡើងវិញ​។​ប៉ុន្តែ​បទបញ្ជា​របស់​អភិបាល​រាជធានី​នេះ ហាក់ដូចជា​មិនទាន់មាន​ប្រសិទ្ធភាព​នៅឡើយ ដោយហេតុតែ រថយន្ត​ធំៗ​មួយចំនួន​នៅតែ​បន្ត​បើក​ផ្គើន​លើ​បញ្ជា ហើយ​បង្ក​ជា​ការរិះគន់​ពី​សំណាក់​ពលរដ្ឋ​។

​បញ្ហា​នៃ​ការដឹកជញ្ជូន​លើស​ទំងន់ ការហាមឃាត់​មិន​ឱ្យមាន​រថយន្ត​ធំៗ ចេញ​-​ចូល រាជធានី​ភ្នំពេញ នៅពេល​ថ្ងៃ គេ​តែងតែ​ឃើញ​អភិបាល​រាជធានី​ភ្នំពេញ និង នាយករដ្ឋមន្ត្រី ចេញ​នូវ​សារាចរ ឬ​បទបញ្ជា​ជា​បន្តបន្ទាប់ ដើម្បីឱ្យ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ចាត់វិធានការ​ទៅលើ​រថយន្ត​ដឹកទំនិញ​ដែល​លើស​ទំងន់ និង រថយន្ត​ធំៗ​ដែល​ចូលទៅ​ក្រុង បង្កឱ្យមាន​ការខូចខាត​ទៅដល់​ផ្លូវថ្នល់ ស្ពាន និង ស្ទះ​ចរាចរណ៍ ឬ​បង្កឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម​។ ក៏ប៉ុន្តែ​បទបញ្ជា ឬ​សារាចរ​ទាំងនោះ ត្រូវបាន​គេ​ពិនិត្យឃើញថា ហាក់​មិនទាន់មាន​ប្រសិទ្ធភាព​នៅឡើយ​។​

​ជាក់ស្តែង​ថ្មីៗ​នេះ រថយន្ត​កែច្នៃ​ធុន​ធំ​វែង ១ គ្រឿង​មាន​ដឹក​ទូ​កុងតឺន័រ​ផង បាន​បើកបរ​ចូល​ក្រុង​ទាំង​ព្រឹក​និង បង្ក​ឱ្យ​ប៉ះ​បង្កាន់ដៃស្ពាន​អាកាស​ស្ទឹងមានជ័យ ហើយ​បាន​កឿង​ជាប់​មិនអាច​ទៅមុខ​រួច ព្រោះ​ទើសនឹង​ទូ​កុងតឺន័រ​។​រូបភាព​រថយន្ត ត្រូវបាន​អ្នកលេង​បណ្តាញ​សង្គម និង សារព័ត៌មាន​ផ្សេង​នាំគ្នា​ចុះផ្សាយ យ៉ាង​ព្រោងព្រាត រិះគន់​ពី​ប្រសិទ្ធភាព​ការងារ​របស់​អាជ្ញាធរ​ដែល​បណ្តែត​បណ្តោយឱ្យរ​ថយ​ន្ត​កែច្នៃ​ធុន​ធំ​មួយ​នេះ បើក​ចូល​ក្រុង​តាមតែ​អំពើ​ចិត្ត​។​

​មហាជន​ខ្មែរ​មួយចំនួន បាន​ចោទ​ជា​សំណួ​រថា ហេតុអ្វី​បានជា​រថយន្ត​ធុន​ធំ​នេះ បើកបរ​ចូល​ក្រុង​ទាំង​ព្រឹក​ដោយ​ស្រួល​យ៉ាងនេះ​? ហើយ​ថា​តើ អាជ្ញាធរ​នៅ​ទីនោះ​ធ្វើ​អ្វី បានជា​មើលមិនឃើញ​រថយន្ត​ធន់​យក្ស​មួយគ្រឿង​នេះ​បើកបរ​ឆ្លងកាត់​ភូមិសាស្ត្រ​របស់ខ្លួន​? តើ​នេះ មកពី​ការធ្វេសប្រហែស​របស់​អាជ្ញាធរ ឬក៏​មកពី​រថយន្ត​ដឹកទំនិញ​ទាំងនោះ មាន​សិទ្ធិ​អទិភាព​ណាមួយ ដែល​ពិបាក​ដល់​អាជ្ញាធរ​ថ្នាក់ក្រោម ក្នុង​ការអនុវត្ត​ការងារ​របស់ខ្លួន​?

​តាមពិតទៅ ករណី​ខាងគេ​កត់សម្គាល់​ឃើញថា មិនមែនជា​លើកទីមួយ​នោះទេ​។​កាលពី​ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង​៨​ព្រឹក នៅ​ចំណុច​ស្តុប​មុខវិទ្យាល័យ​បឹងត្របែក​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៍​គួរឱ្យ​រន្ធត់​មួយ ក៏បាន​កើតឡើង​ដោយមាន​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍ បើក​ចូល​ក្រុង ហើយ​បុក​រះ និង កិន​ម៉ូតូ​ជាច្រើន​គ្រឿង បង្ក​ឱ្យ​គ្រូបង្រៀន​វិទ្យាល័យ​បឹងត្របែក​ម្នាក់​រងរបួស​ធ្ងន់​រហូត​ទទួលមរណភាព​។​

​ជា​ការពិត ករណី​ទាំងនេះ គឺជា​លទ្ធផល​មួយ​ដែល​ស្តែង​ចេញពី​ការធ្វេសប្រហែស​របស់​អាជ្ញាធរ​ថ្នាក់ក្រោម ក្នុង​ការអនុវត្ត​សារាចរ ឬ​បទបញ្ជា​របស់​រាជរដ្ឋាភិបាល ជាពិសេស បញ្ជា​នាយករដ្ឋមន្ត្រី​។ លោក ហ៊ុន សែន ធ្លាប់​ថ្លែង​ព្រមាន​ថា បើ​រថយន្ត​ធុន​ធំ​កាត់ត​កែឆ្នៃ បើកបរ​ឆ្លងកាត់​នៅ​ខេត្ត​ណា ឬ​ស្រុក​ណា គឺ​ត្រូវ​ចាប់​ទុក​ទាំងអស់ ទាំង​រដ្ឋមន្ត្រី ទាំង​ចៅហ្វាយខេត្ត ទាំង​ចៅហ្វាយស្រុក គឺ​ត្រូវ​ទទួលខុសត្រូវ​ដែល​អាច​ប្រឈម​នឹង​ការដក​តួនាទី​មុខតំណែង​។​

​ដូច្នេះ វា​គួរតែ​ដល់​ពេលដែល​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ផ្លាស់ប្តូរ​ឥរិយាបថ​ក្នុង​ការអនុវត្ត​ការងារ​របស់ខ្លួន ហើយ​វា​គួរតែ​ដល់ពេល​ហើយ​ដែរ ដែល​អាជ្ញាធរ​កម្ពុជា គួរផ្តល់​សេវាសាធារណៈ​ជូន​ដល់​ប្រជាពលរដ្ឋ​ប្រកបដោយ​ប្រសិទ្ធភាព និង ប្រកបដោយ​ការជឿទុកចិត្ត​ពី​សំណាក់​ប្រជាពលរដ្ឋ ពោលគឺ​សារាចរ  សេចក្តីណែនាំ ឬ​បទបញ្ជា​របស់​នាយករដ្ឋមន្ត្រី គួរ​ត្រូវបាន​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​ជាង​នេះ​។​

​ជារួមអាជ្ញាធរ​គួរតែមាន​ចំណាត់ការ​តឹងរ៉ឹង និង ផាកពិន័យ​ឱ្យបាន​ធ្ងន់ធ្ងរ ចំពោះ​ក្រុមហ៊ុន​ដែលមាន​រថយន្ដ​ធុន​ធំ ដែល​នៅតែ​បន្ដ​បើកបរ​ចូល​ក្រុង​ខុស​ពេលវេលា និង មិន​គោរព​ច្បាប់​។ ជា​វិធានការ​ធ្វើឡើង​ដោយ​តម្លៃភាព​គ្មាន​ការ​រើ​ង​អើ​ង ឬ​ខ្លាចរអា​អំណាច​របស់​បុគ្គល​ណាមួយ​ឡើយ​។​ធ្វើ​យ៉ាង​ដូច្នេះ គឺ​ដើម្បី​បង្ហាញ​ពី ប្រសិទ្ធភាព​ការងារ​របស់​អាជ្ញាធរ​ក្នុងនាម​ជា​អ្នកផ្តល់​សេវា​ដល់​ប្រជាពលរដ្ឋ និង ដើម្បី​ផ្តល់​សេចក្តីទុកចិត្ត​បន្ថែម​ដល់​ប្រជាពលរដ្ឋ​ក្នុងនាម​ជា​អ្នកទទួល​សេវាសាធារណៈ​ពី​រដ្ឋ​។​

​តែ​យ៉ាងណា ដើម្បីឱ្យ​ការងារ​នេះ​កាន់​តែមាន​ប្រសិទ្ធភាព​សម្រាប់​ថ្ងៃ​អនាគត គឺ​ត្រូវ​ទាមទារ​ឱ្យមាន​ការចូលរួម​គោរព​ច្បាប់​ទាំងអស់គ្នា ទាំង​ភាគី​ក្រុមហ៊ុន ពលរដ្ឋ និង អាជ្ញាធរ​ពាក់ព័ន្ធ​។ បើ​គ្មាន​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទេនោះ ភាពអនាធិបតេយ្យ និង សោកនាដកម្ម​នៅតាម​ដងផ្លូវ​ក្នុងសង្គម​ខ្មែរ នៅតែ​បន្ត​កើតមាន គ្មាន​ថ្ងៃ​ទីបញ្ចប់​នោះឡើយ​៕

ព័ត៌មានផ្សេងទៀត