អាមេរិក​​យក​​ផ្ទះ​​វៀតណាម​​ដើម្បី​​បន្សាប​​ឥទ្ធិពល​​កូរ៉េខាង​ជើង​​ក្បែ​រផ្ទះ​​ចិន​​?

27-02-2019 10:48 am 2266
រាប់ពីឆ្វេង គឺលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង និង លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ ក្នុងជំនួបលើកទី១ នៅសិង្ហ​បុរី ។រូបថតពី AP

​ជំនួប​កំពូល​លើក​ទី​២ រវាង​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ និង មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន នឹង​រៀបចំ​ធ្វើ​នៅ​ថ្ងៃទី ២៧ និង ២៨ កុម្ភៈ​ក្នុងប្រទេស​វៀតណាម​។ ការយក​វៀតណាម​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ជំនួប​លើក​ទី​២​នេះ គេ​គិតថា អាចជា​យុទ្ធសាស្ត្រ​ភូមិសាស្ត្រ​នយោបាយ​របស់​សហរដ្ឋ​អាមេរិក ដើម្បី​បង្ហាញ​មហាអំណាច​ចិន​ថា ខ្លួន​មាន​យុទ្ធសាស្ត្រ​គ្រប់គ្រាន់ អាច​បន្សាប​ឥទ្ធិពល​របស់​សម្ព័ន្ធមិត្ត​ចាស់វស្សា​ក្បែ​ររបង​ផ្ទះ​ខ្លួន​ផង និង នៅលើ​ប្រទេស​កុ​ម្មុយ​និស្ត​ផង ខណៈដែល​ខ្លួន​ជា​ប្រទេស​មូលធននិយម​។​

​វៀតណាម និង កូរ៉េខាងជើង សុទ្ធសឹងតែ​ជា​ប្រទេស​កុ​ម្មុយ​និ​ស្ត​។ ប៉ុន្តែ​ខុសគ្នា​ត្រង់​ថា វៀតណាម ផ្លាស់ប្តូរ​មេដឹកនាំ​ដោយ​ផ្ទៃក្នុង​បក្ស ខណៈ​កុ​ម្មុយ​និស្ត​នៅ​កូរ៉េខាងជើង​ផ្លាស់ប្តូ​រដោយ​តំណពូជ​។​ប្រទេស​ទាំងពីរ ធ្លាប់ជា​សម្ព័ន្ធមិត្ត​ជាមួយ​ចិន​ហើយ​ធ្លាប់​ស្ថិតក្រោម​ឥទ្ធិពល​របស់​ចិន និង មាន​ប្រវត្តិ​សង្គ្រាម​ស្រដៀង​គ្នា​ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយ​សហរដ្ឋអាមេរិក​។​

​នៅ​សម័យ​សង្គ្រាមត្រជាក់ វៀតណាម​ធ្លាប់ជា​សម្ព័ន្ធមិត្ត ឬក៏​ជា​សិស្ស​ប្អូន​មហាអំណាច​ចិន ដើម្បី​រួមគ្នា​ទប់​ឥទ្ធិពល​របស់​ពួក​សេរី​មានដូចជា អាមេរិក និង បារាំង​។ ក្រោយមក​នយោបាយ​វៀតណាម​ងាក​មក​សហរដ្ឋអាមេរិក ដើម្បី​ពឹងពាក់​សហរដ្ឋអាមេរិក​ឱ្យជួយ​ដោះស្រាយ​បញ្ហា​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដែលមាន​ជម្លោះ​ជាមួយ​ចិន និង ដើម្បី​ផលប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​។​

​កូរ៉េខាងជើង ក្រោយ​សង្គ្រាម​ឧបទ្វិ​ប​កូរ៉េ​បិទបញ្ចប់​នៅ​ឆ្នាំ​១៩៥៣ ប្រទេស​កុ​ម្មុយ​និស្ត​មួយនេះ នៅតែ​បន្ត​ឋិត​ក្រោម​ឥទ្ធិពល​របស់​ចិន​។​កូរ៉េខាងជើង មាន​គោលបំណង​យក​ចិន​ជា​បង្អែក ដើម្បី​ការពា​ររបប​ដឹកនាំពីជីតា​ខ្លួន​ឱ្យ​បន្តរ​ស់យូរអង្វែង និង ពឹងពាក់​ចិន​ជួយ​សម្រេច​បំណង​ដែល​ចង់​ប្រែក្លាយ​ប្រទេស ជា​មហាអំណាច នុយគ្លេអ៊ែ​រ ដើម្បី​មានឱកាស​ជជែក​ស្មើ​ទល់មុខ ស្មើមុខ​នឹង​មហាអំណាច​យោធា​ទី​១​។ ពោលគឺ​មិន​ចង់​ប្រើ​យន្តការ​ពហុភាគី ឬ​៦​ភាគី Six-party talk នោះទេ​។​

​តែ​បច្ចុប្បន្ននេះ ឥរិយាបថ​នយោបាយរ​បស់​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន បាន​ប្តូរ​ជា​ទន់ភ្លន់​វិញ តាមរយៈ​វិល​ចូល​តុ​ក​ចរចា​ជាមួយ​ភាគី​ជម្លោះ​មួយចំនួន​ដូចជា កូរ៉េខាងត្បូង អាមេរិក​ជាដើម​។​ឥរិយាបថ​នេះ នាំឱ្យ​លោក គីម ជុង​អ៊ុន បាន​ឱកាស​ជជែក​ទ្វេភាគី​ជាមួយ​ប្រធានាធិបតី​អាមេរិក ហើយ​ជំនួប​លើ​ទឹកដី​វៀតណាម ជា​ជំនួប​លើក​ទី​២ ដែល​ជំនួប​លើក​ទី​១​ធ្វើឡើង​នៅ​ប្រទេស​សិង្ហ​បុរី ក្នុង​ឆ្នាំ​២០១៨​។

​ចំពោះ​ការដែល​អាមេរិក​ជ្រើស​យក​វៀតណាម ដើម្បី​រៀបចំ​ជំនួប​កំពូល ​ត្រាំ-គីម ពេលនេះ អ្នកវិទ្យាសាស្ត្រ​នយោបាយ​មួយចំនួន​គិតថា ជា​ជម្រើស​នយោបាយ​របស់​ម​ហា​អំណាច ព្រោះ​អាមេរិក​សំឡឹង​ឃើញថា វៀតណាម​ជា​សម្ព័ន្ធមិត្ត​មួយ​ប្រឆាំង​ចិន​។​

​អាមេរិក ទំនងជា​មាន​គោលដៅ​ចង់បង្ហាញ​លោក គីម ជុង​អ៊ុន​ថា វៀតណាម​ជា​ប្រទេស​កុ​ម្មុយ​និ​ស្ត មាន​ព្រំដែន​ជាប់​ចិន និង ធ្លាប់ជា​សិស្ស​ប្អូន​ចិន តែ​អាច​ចាប់ដៃគ្នា​ជាមួយ​អាមេរិក ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច និង ពង្រឹង​ភូមិសាស្ត្រ​នយោបាយ​។ ចុះ​ហេតុអ្វី កូរ៉េខាងជើង​មិន​ធ្វើ​ដូច​វៀតណាម​? ទី​២ អាមេរិក អាច​ចង់យក​ប្រទេស​កុ​ម្មុយ​និស្ត​វៀតណាម ជា​កន្លែង​បន្សាប​ឥទ្ធិពល​កូរ៉េខាងជើង​ក្បែ​របង​ផ្ទះ​របស់​ចិន និង ទី​៣ ចង់បង្ហាញ​ចិន​ថា ខ្លួន​មាន​យុទ្ធសាស្ត្រ​នយោបាយ​ការបរទេស​ខ្លាំងក្លា អាច Lobby ពួកកុ​ម្មុយ​និស្ត​ឱ្យ​ក្លាយជា​សម្ព័ន្ធមិត្ត​ខ្លួន​បាន​។​

​តែ​យ៉ាងណា បំណង​របស់​អាមេរិក​នេះ​អាច​និង​មិនសូវ​ជោគជ័យ​ប៉ុន្មាន​នោះទេ ដោយហេតុថា ទំនាក់ទំនង​រវាង​កូរ៉េខាងជើង និង ចិន នៅតែ​ស្អឹ​តរ​មួ​ត​ដដែល​។​គេ​កត់សម្គាល់​ឃើញថា​មុន​លោក​គីម ជុង​អ៊ុន មកជួប​លោក​ដូណាល់ ត្រាំ លោក​បាន​ស្កាត់​ជួប​ជាមួយ​ចិន ដើម្បី​ទទួល​ដំបូន្មាន​។​ម្យ៉ាងទៀត របប​កុ​ម្មុយ​និស្ត​កូរ៉េខាងជើង គឺ​ប្តូរ​តាម​ពូជ ដូច្នេះ​លោក​គឹម មិនអាច​ប្រថុយ​ទុកចិត្ត​លើ​លោក​ត្រាំ ជាង​ទុកចិត្ត​លើ​ចិន​បានទេ​។ តាម​អ្នកស្រាវជ្រាវ ដើម្បី​ការពារ​ត្រកូល​គីម របប​កុ​ម្មុយ​និស្ត​កូរ៉េខាងជើង ចាំបាច់​ត្រូវការ អាវុធ​នុយគ្លេអ៊ែរ ការគាំទ្រ​ពី​មហាអំណាច​ចិន និង រក្សា​ស្ថេរភាព​ព្រំដែន​ជាប់​ជាមួយ​ចិន​ជាដើម​។​

​ដូច្នេះ​គេ​មានក្តី​រំពឹងតិច​ណាស់ថា កូរ៉េខាងជើង អាច​ដើរ​នយោបាយ​ការបរទេស​យកតាម​គំរូ​កុម្មុយនិស្ត​វៀតណា​ម​។​ បើយកគំរូតាមវៀតណាម មានន័យថា កូរ៉េខាងជើងប្រឆាំងនឹងប្រទេស​ចិនដែលធ្លាប់​គាំទ្រទាំង​សេដ្ឋកិច្ច និង យោធានាពេលកន្លងមក។កូរ៉េខាងជើងទំនងជាចង់សិក្សាពីគំរូសេដ្ឋកិច្ចវៀតណាម ដើម្បីជំរុញការអភិវឌ្ឍប្រទេសខ្លួន និង ​ដើម្បីកាត់​បន្ថយ​ការពឹង​តែនៅ​លើចិន​ទាំងស្រង់​។​បើតាមអ្នកតាមដានបើ​កូរ៉េខាងជើង ស្វែងរក​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង ការបើកចំហ​សេដ្ឋកិច្ច​ជាមួយ​អាស៊ី និង ជាមួយ​ពិភពលោក ប្រទេស​នេះ​អាចនឹងទទួល​បាន​ប្រយោជន៍​ច្រើន​ដូច​ប្រទេស​វៀតណាម​ដែរ​។​

​បច្ចុប្បន្ន​វៀតណាម កំពុងតែ​ជោគជ័យ​ក្នុង​វិស័យ​នយោបាយ​ការបរទេស​របស់ខ្លួន ដោយ​សារភាព​ឆ្លាត​វៃ​នៃ​ថ្នាក់ដឹកនាំ និង ចាប់​អាមេរិក​ជា​ខ្នងបង្អែក​។ វៀតណាម មាន​សមត្ថភាព​អាច​ទាញមហាអំណាច​អាមេរិក និង កុ​ម្មុយ​និស្ត​ចាស់​ឆ្នាំ មក​ជជែក​គ្នា​នៅលើ​ទឹកដី​របស់ខ្លួន ក្នុងន័យ​បង្ហាញ​ពិភពលោក​ថា ប្រទេស​ខ្លួន​មាន​ស្ថេរភាព​នយោបាយ​គ្រប់គ្រាន់ អាចជា​សេចក្តីទុកចិត្ត​ដល់​អ្នកវិនិនយោគ​ធំ​​។ តែ​គេ​មិន​ប្រា​ដក​ថា វៀតណាម​បន្ត​ចាប់​អាមេរិក​ជាប់​រហូត​នោះទេ វា​អាច​ប្រែប្រួល​តាម​តម្រូវការ​ភូមិសាស្ត្រ​នយោបាយ ហើយ​បើ​វៀតណាម​ចាប់​អាមេរិក​យូរ វៀតណាម​អាច​នឹង​ជួប​មេរៀន​ដូច​ប្រទេស​នៅ​មជ្ឈិមបូព៌ា​អ៊ីចឹង​ដែរ​៕

ព័ត៌មានផ្សេងទៀត