វៀតណាម​​នឹង​ចំណេញ​​អ្វីខ្លះ​​ពី​កិច្ច​ប្រជុំ​លោក​​ដូណាល់ ត្រាំ​​និង​លោក​​គីម ជុង​អ៊ុន​?

26-02-2019 4:36 pm 1249
វៀតណាមត្រៀមទទួលលោកគីម ជុងអ៊ុន​និងលោកដូណាល់ ត្រាំ

​កិច្ច​ជំនួប​លើក​ទី​ពីរ​រវាង​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន នឹង​ប្រព្រឹត្ដទៅនៅ​ថ្ងៃទី​២៧-២៨​កុម្ភៈ​នេះហើយ នៅក្នុង​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​។ មេដឹកនាំ​ទាំងពីរ​បាន​ត្រៀមខ្លួន​រួចជាស្រេច ហើយ​វៀតណាម​ដែលជា​ម្ចាស់ផ្ទះ​ក៏បាន​រៀបចំ​សណ្ដាប់ធ្នាប់ សន្ដិសុខ និង​ទីតាំង​យ៉ាង​ល្អ​បំផុត​រង់ចាំ​ទទួល​លោក​គីម​និង​លោក​ត្រាំ​។ លោក​គីម​ធ្វើដំណើរ​មកកាន់​ប្រទេស​វៀតណាម​ដោយ​ជិះ​រថភ្លើង ចំណែក​លោក​ដូណាល់ ត្រាំ​ធ្វើដំណើរ​តាម​យន្ដហោះ​។ តាម​ការគ្រោងទុក​ក្រោយពី​មកដល់​ប្រទេស​វៀតណាម នៅ​ល្ងាច​ថ្ងៃទី​២៧​មេដឹកនាំ​ទាំងពីរ​នឹង​ជួបគ្នា​មួយ​ទល់​មួយ ក្រោយមក​ចូលរួម​ពិសា​អាហារ​ជាមួយគ្នា​។ កិច្ចប្រជុំ​ផ្សេងទៀត​នឹង​រៀបចំឡើង​នៅ​ថ្ងៃទី​២៧​កុម្ភៈ​។ ក្រោយ​ទទួលបាន​សិទ្ធិ​ធ្វើជា​ម្ចាស់​រៀបចំ​កិច្ចប្រជុំ​កំពូល​នេះ តើ​វៀតណាម​នឹង​ទទួលបាន​ប្រយោជន៍​អ្វីខ្លះ​?

​ដើម្បី​ច្បាស់​ព័ត៌មាន​បន្ថែម​សូម​ស្ដាប់​នាទី​វិភាគ​ព្រឹត្ដិការណ៍​អន្ដ​រ​ជាតិ រៀបចំ​ជូន​ដោយ​ពេញ ផេង​ដូចតទៅ​៖

​សំឡេង​៖

​ចំពោះ​របៀបវារៈ​នៃ​កិច្ចប្រជុំ​នៅ​ថ្ងៃទី​២៧-២៨​កុម្ភៈ​នេះ មិនត្រូវ​បានបង្ហាញ​ឲ្យដឹង​ទេ ប៉ុន្ដែ​អ្វីដែល​សំខាន់បំផុត​មួយ​គឺ​មេដឹកនាំ​ទាំងពីរ​នឹង​ពិភាក្សា​ពី​ដំណើរការ​រំលាយ​នុយក្លេអ៊ែរ​ចេញពី​ឧបទ្វីប​កូរ៉េ ដែល​ជាប់គាំង​តាំងពី​បាន​ព្រមព្រៀង​ក្នុង​កិច្ចប្រជុំ​លើកទីមួយ​នៅ​សិង្ហ​បុរី​។ ក៏មាន​ក្ដី​រំពឹងថា​មេដឹកនាំ​ទាំងពីរ នឹង​ពិភាក្សា​ឈានទៅដល់​ការប្រកាស​បញ្ចប់សង្គ្រាម​កូរ៉េ​ឆ្នាំ​១៩៥០-១៩៥៣​ជា​ផ្លូវការ​ផងដែរ​។ យ៉ាងណាមិញ​លទ្ធផល​ជាក់ស្ដែង​ត្រូវ​រង់ចាំ​មើល​សិន​មិន​អាចសន្និដ្ឋាន​ទុក​មុន​ទេ ព្រោះ​អ្នកជំនាញ​មួយចំនួន​មើលឃើញថា​កិច្ចប្រជុំ​នេះ​មិន​ងាយស្រួល​ប៉ុន្មាន​ឡើយ​។​

​ហេតុអ្វី​វៀតណាម​ត្រូវបាន​ជ្រើសរើស​យក​ធ្វើជា​ទីតាំង​សម្រាប់​កិច្ចប្រជុំ​?

​ងាក​ចេញពី​ព័ត៌មាន​មួយចំនួន​ទាក់ទង​នឹង​កិច្ចប្រជុំ យើង​មក​ចាប់អារម្មណ៍​ពី​មូលហេតុ​សំខាន់ៗ​ដែល​វៀតណាម​ត្រូវ​បានជ្រើសរើស ជា​ទីតាំង​សម្រាប់​កិច្ច​ជំនួប​លើក​ទី​ពីរ​របស់លោក​ត្រាំ​និង​លោក​គីម​វិញ​ម្ដង​។ អ្វីដែល​មើលឃើញ​ជាក់ស្ដែង​គឺថា វៀតណាម​គឺជា​ប្រទេស​ដែលមាន​ទំនាក់ទំនង​ល្អប្រសើរ ទាំង​ជាមួយ​អាមេរិក​និង​កូរ៉េខាងជើង​។ ប្រទេស​ទាំងពីរ​ក៏​សុទ្ធតែ​មាន​ស្ថានទូត​នៅ​វៀតណាម​ដូចគ្នា ហេតុនេះ​ការពិភាក្សា​និង​ជូនដំណឹង​ពី​ការរៀបចំ​កិច្ចប្រជុំ​មាន​ភាពងាយស្រួល ហើយក៏​កក់ក្ដៅ​ទាំងសងខាង​។ 

​ចំណុច​មួយទៀត វៀតណាម​ក៏​ជា​ប្រទេស​កុម្មុយនីស្ដ កូរ៉េខាងជើង​ក៏​ជា​ប្រទេស​កុម្មុយនីស្ដ ហើយ​ថែមទាំង​មាន​សេដ្ឋកិច្ច​រីក​ច្រើន​ទៀត អាចជា​គំរូ​មួយ​សម្រាប់​កូរ៉េខាងជើង​រៀនសូត្រ​តាម​។ តាម​ការគ្រោងទុក​លោក​គីម ជុង​អ៊ុន​ត្រូវធ្វើ​ទស្សនកិច្ច​ទៅកាន់​ខេត្ដ​ចំនួន​ពីរ​របស់​វៀតណាម ដើម្បី​ពិនិត្យមើល​ការអភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច​ក្រោយ​បញ្ចប់សង្គ្រាម​។ លោក​នឹង​កត់សម្គាល់​យុទ្ធសាស្ដ្រ​សំខាន់ៗ សម្រាប់​ជា​បទពិសោធន៍​និង​ចំណេះដឹង​ដើម្បី​អភិវឌ្ឍ​ប្រទេស​របស់លោក​។ ជា​ប្រទេស​មាន​បរិបទ​នយោបាយ​តាមបែប​កុម្មុយនីស្ដ​ដូចគ្នា ហេតុនេះ​មិនជា​ពិបាក​ខ្លាំង​ទេ​សម្រាប់​កូរ៉េខាងជើង ក្នុង​ការរៀនសូត្រ​ពី​វៀតណាម​។ 

​ម្យ៉ាងវិញទៀត វៀតណាម​ជា​ទីតាំង​ដែល​លោក​គីម ជុង​អ៊ុន​អាច​ធ្វើដំណើរ​តាម​រថភ្លើង​បាន​មិនចាំបាច់​ជិះ​យន្ដហោះ​។ ដូច​បានដឹងហើយថា​លោក​គីម ជុង​អ៊ុន​មិន​ចូលចិត្ដ​ធ្វើ​ដំណើរតាម​យន្ដហោះ​ទេ ព្រោះ​លោក​យល់ថា​រថភ្លើង​រប​ស់លោក​មាន​សុវត្ថិភាព​ខ្ពស់បំផុត​។ ជាក់ស្ដែង​ពេល​ទៅ​វៀតណាម​លោក​គីម​សុខចិត្ដ​ជិះ​រថភ្លើង​ក្នុង​ចម្ងាយ​ផ្លូវ​៤​ពាន់​គីឡូម៉ែត្រ ចំណាយពេល​ប្រមាណ​៦០​ម៉ោង ជាជាង​ធ្វើដំណើរ​តាម​យន្ដហោះ​។ 

​ក្រៅពីនេះ​រឿង​ដែល​វៀតណាម​ត្រូវ​បានជ្រើសរើស​ជា​ម្ចាស់ផ្ទះ សម្រាប់​កិច្ចប្រជុំ​លោក​ត្រាំ​និង​លោក​គីម វា​ជា​ការព្យាយាម​ខ្នះខ្នែង​របស់​វៀតណាម បង្ហាញ​ភាពខ្លាំង​អន្ទងចិត្ដ​អាមេរិកនិ​ង​កូរ៉េខាងជើង រហូត​មេដឹកនាំ​ទាំងពីរ​សម្រេច​ទៅ​ជួបគ្នា​នៅ​វៀតណាម​។ វា​ក៏​បង្ហាញឲ្យឃើញពី​ភាពខ្លាំ​ង​នៃ​នយោបាយ​ការបរទេស​វៀតណាម​ផងដែរ​។ និយាយ​ពី​បញ្ហា​សន្ដិសុខ សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព អំពើ​ឧក្រិដ្ឋកម្ម​ឬ​ករណី​ហិង្សា​នានា​មាន​តិចតួច​បំផុត​នៅ​វៀតណាម អាច​និយាយបានថា​វៀតណាម​ជា​ប្រទេស​មាន​សុវត្ថិភាព​ខ្ពស់​។​

​វៀតណាម​អាច​ទទួល​ផលចំណេញ​អ្វីខ្លះ​ពី​កិច្ចប្រជុំ​នេះ​?

​គិតពី​ផលប្រយោជន៍​ដែល​វៀតណាម​អាច​ទទួលបាន ពី​កិច្ចប្រជុំ​លោក​ត្រាំ​និង​លោក​គីម​គឺមាន​ច្រើន​។ ដំបូង​និយាយ​ពី​ផលប្រយោជន៍​នៃ​ទំនាក់ទំនង​ទ្វេភាគី ក្នុងនាម​ជា​ប្រទេស​រៀបចំ​កិច្ចប្រជុំ​ជំរុញ​ស្វែងរក​សន្ដិភាព​នៅលើ​ឧបទ្វីប​កូរ៉េ វៀតណាម​នឹងមាន​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​ជាមួយ​សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និង​ប្រទេស​កូរ៉េខាងជើង​។  ភាពជា​ដៃគូ​ជាមួយ​បណ្ដា​ប្រទេស​ទាំងបី​នេះ​នឹង​រឹតតែ​ស្អិតល្មួត​ជាង​មុន​។ ដូច្នេះ​នៅពេល​វៀតណាម​ត្រូវការ​ដៃគូ​ប្រកបដោយ​ភាពវាងវៃ​និង​ការប្ដេជ្ញាចិត្ដ​ខ្ពស់ ឲ្យជួយ​គាំទ្រ​គោលនយោបាយ​ការ​បរទេសរ​បស់ខ្លួន ពិសេស​ជួយ​ដោះស្រាយ​វិបត្ដិ​ធំៗ​ដែល​វៀតណាម​ជួបប្រទះ ជាក់ស្ដែង​មាន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ជាដើម ទំនាក់ទំនង​ល្អប្រសើរ​ជាមួយ​អាមេរិក កូរ៉េខាងត្បូង និង​កូរ៉េខាងជើង នឹង​ធ្វើឲ្យ​វៀតណាម​រឹតតែ​មាន​ទំនុកចិត្ដ​ខ្ពស់​។ វៀតណាម​កាន់តែ​រឹងមាំ​ក្នុង​ការរៀបចំ​ផែនការ​សេដ្ឋកិច្ច សន្ដិសុខ និង​រក​ដំណោះស្រាយ​បញ្ចប់​ជម្លោះ​។​

​ពាក់ព័ន្ធ​ទំនាក់ទំនង​ពហុភាគី​វិញ ចាប់តាំងពី​ចុង​ទសវត្ស​ឆ្នាំ​១៩៨០ វៀតណាម​បានប្រកាស​រក្សា​គោលការណ៍​ជា​មិត្ដ និង​ភាពជា​ដៃគូ​អាច​ទុកចិត្ដបាន​ជាមួយ​ប្រទេស​ទាំងអស់​ក្នុងសហគមន៍​អន្ដរ​ជាតិ ដោយ​វៀតណាម​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ដំណើរការ​កិច្ចសហប្រតិបត្ដិការ​ក្នុង​តំបន់​និង​អន្ដរជាតិ​។ វៀតណាម​បាន​ព្យាយាម​លើកកម្ពស់​តួនាទី​របស់ខ្លួន​ក្នុង​កិច្ចការ​តំបន់​និង​អន្ដរជាតិ តាមរយៈ​ការរៀបចំ​កិច្ចប្រជុំ​កំពូល និង​ធ្វើ​យុទ្ធនាការ​នានា​សម្រាប់​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ​។ ហេតុនេះ​នៅ​ថ្ងៃ​ណាមួយ​បើ​វៀតណាម​ចង់​ក្លាយជា​ប្រទេស​មហា​អំណាចកណ្ដាល វត្ដ​មាន​របស់គេ​នៅក្នុង​កិច្ចការ​អន្ដរជាតិ​អាច​ផ្ដល់​ភាពងាយស្រួល​ក្នុង​ការទាក់ទាញ​ចំណាប់អារម្មណ៍​ពី​ដៃគូ​អន្ដរជាតិ ព្រោះ​ពួកគេ​នឹងមិន​ស្ទាក់ស្ទើរ​ច្រើន​ទេ​។ 

​នៅពេល​ដែលមាន​ទំនាក់ទំនង​ជាមួយ​អន្ដរជាតិ​ល្អប្រសើរ គោលនយោបាយ​ការបរទេស​វៀត​ណា​នឹង​កាន់តែខ្លាំង​ជាង​មុន មាន​ទឹកមាត់ប្រៃ​ជាង​មុន​ក្នុង​ការជជែក​ជាមួយ​ភាគី​អន្ដរជាតិ​។ ចង់​ឬ​មិន​ចង់បាន​ក្លាយជា​ប្រទេស​រៀបចំ​កិច្ចប្រជុំ​របស់លោក​ត្រាំ​និង​លោក​គីម​ទៅហើយ នរណា​មិន​សរសើរ​វៀតណាម​។ ពីមុន​ធ្លាប់ជា​ប្រទេស​កុម្មុយនីស្ដ​ឯកោ​ដូច​កូរ៉េខាងជើង​បច្ចុប្បន្ន ប៉ុន្ដែ​មិនបាន​ប៉ុន្មាន​ឆ្នាំ​បាន​ផ្លាស់ប្ដូរ​មុខមាត់​យ៉ាង​ឆាប់រហ័ស ច្បាស់​ណាស់​នឹងមាន​ប្រទេស​ជាច្រើន​ចង់​រៀនសូត្រ​តាម ដោយ​សូម្បី​លោក​គីម ជុង​អ៊ុន ក៏​ចង់បាន​យុទ្ធសាស្ដ្រ​ពន្លឿន​សេដ្ឋកិច្ចពីវៀ​ត​ណាមដែ​រ​នោះ​។​

​មួយវិញទៀត សូម​រម្លឹក​បន្ដិច​កាល​សិង្ហ​បុរី​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ច​ជំនួប​លើកទីមួយ​ឆ្នាំមុន ដែល​ព្រឹត្ដិការណ៍​កាលនោះ​ទទួលបាន​ជោគ​ជ័យ​អស្ចារ្យ​បំផុត​។ រូបភាព​នៃ​ប្រទេស​សិង្ហ​បុរី​ត្រូវបាន​ផ្សព្វផ្សាយ​លើ​បណ្ដា​ទូរទស្សន៍​ធំៗ រួមទាំង​បណ្ដាញ​សង្គម​ផងដែរ​ដូចជា​ហ្វេ​ស​ប៊ុកនិង​ធ្វី​ត​ទ័​រ​ជាដើម ពី​ព្រឹត្ដិការណ៍​មុន ក្នុងអំឡុងពេល និង​ក្រោយ​កិច្ចប្រជុំ​បញ្ចប់​។ ដូច្នេះ​ជំនួស​ឲ្យ​ការ​ចំណាយប្រាក់​រាប់លាន​ដុល្លា​រទិញ​ម៉ោង​ផ្សាយ​នៅ​ទូរទស្សន៍​CNN ប្រទេស​វៀតណាម​នឹង​ទទួលបាន​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដោយ​ឥតគិតថ្លៃ នៅលើ​កញ្ចក់​ទូរទស្សន៍​CNN BBC និង​ទូរទស្សន៍​ជាច្រើន​ទៀត នៅពេលដែល​វៀតណាម​រៀបចំ​បានល្អ និង​ផ្ដល់​ភាពងាយស្រួល​សម្រាប់​ការតាមដាន​កិច្ចប្រជុំ​។ វៀតណាម​បានប្រកាស​ដែរថា នឹង​ស្វាគមន៍​បណ្ដាញសារព័ត៌មាន​អន្ដរជាតិ​ដែល​មានបំណង​ចង់​តាមដាន​កិច្ចប្រជុំ​នេះ​។ 

​គិតពី​ចរន្ដ​សេដ្ឋកិច្ច​ក្នុងស្រុក​វិញ អាជីវកម្ម​មួយចំនួន​បាន​ផលិត​ជា​សម្ភារ វត្ថុ​អនុស្សាវរីយ​មាន​រូបលោក​ត្រាំ​និង​លោក​គីម តួយ៉ាង​ដូចជា​អាវយឺត​ដែលមាន​រូបភាព​លោក​ត្រាំ​លោក​គីម​ជាដើម លក់​ជូន​ភ្ញៀវ​ជាតិ​និង​អន្ដរជាតិ​។ ទោះបីជា​មួយ​រយៈពេល​ខ្លី​ប៉ុន្ដែ​ក៏​ទទួលបាន​ការគាំទ្រ​ខ្លាំង​ពី​អតិថិជន​។ ចំពោះ​ការវិនិយោគ​ពី​បរទេស ក៏​រំពឹង​មាន​ការកើនឡើង​ដោយសារតែ​វៀតណាម​ចាប់ផ្ដើម​ល្បីឈ្មោះ មាន​គេ​ស្គាល់​កាន់តែច្រើន ដែល​ធ្វើឲ្យ​អន្ដរជាតិ​មាន​ទំនុកចិត្ដ​កាន់តែខ្លាំង​។​

​ជារួម​មក​កិច្ចប្រជុំ​រវាង​លោក​ត្រាំ​និង​លោក​គីម វៀតណាម​ពិតជា​គិត​ត្រូវ​ដែល​អាច​ដណ្ដើម​តំណែង​ម្ចាស់ផ្ទះ​បាន ហើយក៏​ជា​ឱកាស​មិនគួរ​ខកខាន​សម្រាប់​វៀតណាម​។ អ្វីដែល​ចាំបាច់​នៅពេលនេះ​គឺ​រង់ចាំ​មើល​លទ្ធផល​ជាក់ស្ដែង​ក្រោយ​បញ្ចប់​កិច្ចប្រជុំ ថា​តើ​ទទួលបាន​ជោគជ័យ​ដូច​នៅ​សិង្ហ​បុរី​ដែរ​ឬ​យ៉ាងណា​៕

ព័ត៌មានផ្សេងទៀត