Huawei​​ប្រជែង​នឹង​​Samsung​ បញ្ចេញ​ស្មា​ត​ហ្វូន​​បត់បាន​​តម្លៃ​កប់ក្ដោ​ង​

25-02-2019 1:45 pm 561
ទូរស័ព្ទស្មាតហ្វូនបត់បានរបស់ក្រុមហ៊ុនHuawei​

​ទោះបីជា​មួយ​រយៈពេល​ចុងក្រោយ​នេះ ក្រុមហ៊ុន​Huawei​ជួប​រឿង​មិនល្អ ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​របស់​អា​មេរិក ដែលថា​ក្រុមហ៊ុន​បាន​សហការ​ជាមួយ​រដ្ឋាភិបាល​ចិន លួច​បង្កប់​ឧបករណ៍​ស៊ើបការណ៍​សម្ងាត់​លើ​ផលិតផល​ខ្លួន ដើម្បី​តាមដាន​ព័ត៌មាន​អ្នកប្រើប្រាស់ ប៉ុន្ដែ​ក្រុមហ៊ុន​យក្ស​មួយ​នេះ​មិនបាន​បញ្ឈប់​ការអភិវឌ្ឍ​ខ្លួន​ឡើយ​។ នៅក្នុង​វេទិកា​បង្ហាញ​ទូរស័ព្ទ​ពិភពលោក​មួយ​ក្នុង​ទីក្រុង​Barcelona​ប្រទេស​អេ​ស្ប៉ាញ​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ ក្រុមហ៊ុន​Huawei​បានបង្ហាញ​កំពូល​ស្មា​ត​ហ្វូន​បត់បាន​របស់ខ្លួន​សម្រាប់​ប្រព័​ន្ធ​5G ទាក់ទាញ​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​។​

Huawei​បញ្ចេញ​ស្មា​ត​ហ្វូន​បត់បាន​Mate X ដើម្បី​ប្រជែង​ជាមួយ​ស្មា​ត​ហ្វូន​បត់បាន​របស់​Samsung​គឺ​Galaxy Fold​។ Mate X​របស់​Huawei​មាន​ទំហំ​៨​អ៊ី​ញ ធំ​ជាង​Galaxy Fold​ដែលមាន​ទំហំ​តែ​៧.៣​អ៊ី​ញ​ប៉ុណ្ណោះ​។ នៅពេល​ប្រើ​ជា​ទូរស័ព្ទ​Mate X​មាន​ទំហំ​៦.៦​អ៊ី​ញ ចំណែក​Galaxy Fold​ទំហំ​៤.៦​អ៊ី​ញ​។ លក្ខណៈពិសេស​មួយទៀត​នៅពេល​បត់​ជា​ពីរ Mate X​មាន​កម្រាស់​តែ​១១​មី​លី​ម៉ែត្រ ខណៈ​Galaxy Fold​មាន​កម្រាស់​រហូតដល់​១៧​មី​លី​ម៉ែត្រ​។ និយាយ​ពី​តម្លៃ​វិញ​ក៏​កប់​ក្ដោង​ដែរ គឺ​១,៩៦០​ដុល្លារ​មិនទាន់​គិត​ពន្ធ តែបើ​បូក​ពន្ធ​ទៀត​មានតម្លៃ​រហូតដល់​២,៦០០​ដុល្លារ​ឯណោះ​។ ទាក់ទង​នឹង​កាលបរិច្ឆេទ​ចេញលក់​ក្នុង​ទីផ្សារ​Huawei​មិនទាន់​បញ្ជាក់​ទេ ស្របពេល​Galaxy Fold​របស់​Samsung រំពឹង​នឹង​ចេញលក់​នៅ​ថ្ងៃទី​២៦​មេសា​ខាងមុខ​៕

ព័ត៌មានផ្សេងទៀត