កម្ពុជា​ជាប់​ក្នុង​បញ្ជី​ប្រផេះ របស់​អង្គការ​ឃ្លាំមើល​លាងលុយកខ្វក់​

23-02-2019 4:41 pm 1982
  ស្តាប់
ស្តាប់ជាសំឡេង

​ប្រទេស​កម្ពុជា ត្រូវបាន​ដាក់​ចូល​ក្នុង «​បញ្ជី​ប្រផេះ ឬ​បញ្ជី​ឃ្លាំមើល​» នៃ​ការ​លាងលុយកខ្វក់ ដោយ​អង្គការ​ពិភពលោក​ឃ្លាំមើល​ការ​លាងលុយកខ្វក់ កាល​ពី​ម្សិលមិញ ។ លោក ផៃ ស៊ីផា​ន បាន​អះអាង​ប្រាប់​វិទ្យុ​វាយោ​ថា វា​ជា​ការ​លាប​ពណ៌​កម្ពុជា ក្នុងន័យ​នយោបាយ ដោយ​លោក​បាន​លើកឡើង​ជា​ទឡ្ហី​-​ក​រណ៍ មួយចំនួន ។ ដោយឡែក លោក​មាស នី អ្នកវិភាគ និង​ឃ្លាំមើល​សង្គម បាន​អះអាង​ថា កម្ពុជា​ជា​ប្រទេស​ដែល​ងាយ​រងគ្រោះ​ពី​សំណាក់​ភ្ញៀវ​ទុច្ចរិត ដែល​មាន​បំណង​ចង់​មក​លាងលុយកខ្វក់ ដោយសារ​ប្រទេស​កម្ពុជា នៅ​ពុំទាន់​មាន​ប្រព័ន្ធ​គ្រប់គ្រង​ហិរញ្ញវត្ថុ​រឹងមាំ និង​មាន​អំពើពុករលួយ ។ ស្រដៀង​គ្នា​នេះ លោក​ព្រាប កុល នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា បាន​លើកឡើង​ថា កម្ពុជា​ពិតជា​មាន​ហានិភ័យ​ខ្ពស់​មែន ទាក់ទង​នឹង​ការលាង​លាងលុយកខ្វក់ ព្រោះ​កម្ពុជា​មាន​យន្តការ​ទប់ស្កាត់​ទន់ខ្សោយ ...

​អង្គការ​ពិភពលោក​ឃ្លាំ​មើល​ការ​លាងលុយកខ្វក់ បាន​ដាក់​ប្រទេស​កម្ពុជា​ក្នុង​បញ្ជី​ឃ្លាំ​មើល​ការលាង​លុយ​របស់​ខ្លួន កាលពី​ថ្ងៃ​សុក្រ ទី​២២ ខែ​កុម្ភៈ ដោយសារតែ​មាន​ការព្រួយបារម្ភ​ថា កម្ពុជា​ងាយ​នឹង​ប្រព្រឹត្ត​សកម្មភាព​លាងលុយកខ្វក់ ។ នេះ​បើ​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​រ៉​យ​ទ័រ កាល​ពី​ម្សិលមិញ ។ 

​លោក មាស សុខ​ដេរ​សាន អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ប្រាប់​វិទ្យុ​វាយោ​ថា លោក​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​ទាក់ទង​នឹង​ករណី​នេះ​ទេ ដោយ​លោក​បាន​បង្វែរ​សំណួរ​ទៅកាន់​ធនាគារជាតិ​នៃ​កម្ពុជា​…
​សំឡេង​លោក មាស សុខ​ដេរ​សាន ៖

​អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​រូបនេះ បាន​ប្រាប់​បន្តថា ប្រទេស​កម្ពុជា ធ្លាប់​ប្រឹងប្រែង​ស្តារ​ស្ថានភាព​ដូច​ទៅ​ហ្នឹង​បែបនេះ កាលពី​ឆ្នាំ​២០១៥ ម្តង​រួចមកហើយ ។ លោក​ថា លោក​សង្ឃឹម​ថា​គណៈកម្មកា​រគោល​នយោបាយ​សេដ្ឋកិច្ច នឹង​យក​បញ្ហា​នេះ ធ្វើ​ជា​កម្មវត្ថុ​ក្នុង​ការជជែក​គ្នា​ផងដែរ ។​

​វិទ្យុ​វាយោ មិនអាច​ទាក់ទង​ទៅ​អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា នៃ​ធនាគារ​ជាតិ​កម្ពុជា តាមរយៈ​ទូរស័ព្ទ​លើ​តុ ដែល​ដាក់​ផ្សាយ​នៅ​លើ​គេហទំព័​រធនាគារជាតិ បាន​ទេ​នៅ​ព្រឹក ថ្ងៃទី​២៣ ខែ​កុម្ភៈ ដោយ​ទូរស័ព្ទ​ចូល តែ​ពុំ​មាន​អ្នក​លើក​ទទួល ។​

​យ៉ាងណាម៉ិញ លោក ផៃ ស៊ីផា​ន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រាប់​វិទ្យុ​វាយោ​ថា ការសម្រេច​ដាក់បញ្ចូល​កម្ពុជា​ទៅក្នុង​បញ្ជី​ប្រផេះ នៃ​ការឃ្លាំមើល​ការ​លាងលុយកខ្វក់ របស់​អង្គការ​ពិភពលោក​ឃ្លាំមើល​នេះ គឺ​មាន​និន្នាការ​នយោបាយ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​មិន​អាច​ទទួលយកបាន ។ 

​លោក​ថា ជា​ទឡ្ហី​-​ក​រណ៍ ដែល​លោក​ហ៊ាន​អះអាង​បែបនេះ លោក​បាន​រៀបរាប់​រួមមាន បញ្ហា EBA, សហរដ្ឋអាមេរិក និង​ចុងក្រោយ​នេះ គឺ​ការ​ដាក់​កម្ពុជា​ចូល​ក្នុង​បញ្ជី​ប្រផេះ នៃ​ការឃ្លាំមើល​ការ​ចរាចរ​លុយកខ្វក់​នេះ​តែម្តង ។​

​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​រូប​នេះ​ថា បញ្ហា​នេះ ធ្វើឡើង​ដើម្បី​វាយប្រហារ​ព័ត៌មាន​មក​លើ​កម្ពុជា ដោយសារ​កម្ពុជា​មានច្បាប់​ទម្លាប់ ហ៊ាន​ប្រឆាំង​ក្នុងការ​លាងលុយកខ្វក់ ម្យ៉ាងទៀត ក្នុង​វិធានការ​ទប់ស្កាត់​នេះ កម្ពុជា​មាន​មន្ត្រី​ពី​អន្តរជាតិ ដែល​សហការ​ជាមួយ​ធនាគារជាតិ​នៃ​កម្ពុជា ដែល​ទាំងនេះ ធ្វើ​ឱ្យ​ពិបាក​មានការ​ចរាចរ​លុយកខ្វក់​នៅ​កម្ពុជា ។​

​គាត់​បាន​អះអាង​ថា បញ្ហា​នេះ​ត្រូវ​បាន​កើតឡើង ដើម្បី​វាយប្រហារ​ទៅលើ​អ្នក​វិនិយោគទុន​ចិន​មក​កម្ពុជា​តែប៉ុណ្ណោះ ដែល​ចំណុច​នេះ រដ្ឋាភិបាល​កម្ពុជា​ពិតជា​មិន​អាច​ទទួលយក​បាន​ទេ​…
​សំឡេង​លោក ផៃ ស៊ីផា​ន ៖

​លោក ផៃ ស៊ីផា​ន បាន​លើក​ជា​ចម្ងល់​ថា កម្ពុជា​បាន​ចូលរួម​ក្នុង​យុទ្ធនាការ​ឃ្លាំមើល និង​សហការ​ទប់ស្កាត់​ការ​ចរាចរ​លុយ​កខ្វក់​១០០​ភាគរយ តែ​ហេតុ​អ្វី​បាន​ជា​កម្ពុជា​ត្រូវបាន​ចាត់​ចូលក្នុង​បញ្ជី​ឃ្លាំមើល​ការ​លាងលុយកខ្វក់​? ដោយហេតុនេះ លោក​អះអាង​ថា វា​ជា​ការ​លាប​ពណ៌​កម្ពុជា​ក្នុង​ន័យ​នយោបាយ ។​

​ដោយឡែក លោក មាស នី អ្នកវិភាគ និង​តាមដាន​សង្គម បាន​ប្រាប់​វិទ្យុ​វាយោ​ថា ជាធម្មតា ក្រុម​អ្នក​លាងលុយកខ្វក់ តែង​សំដៅ​មក​ប្រទេស​ដែល​មាន​ប្រព័ន្ធ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ទន់ខ្សោយ ពិសេស​មាន​អំពើពុករលួយ ហើយ​ស្ថានភាព​កម្ពុជា​បច្ចុប្បន្ន ក៏​ជាប់​លេខ​ខ្ពស់​នៃ​ការប្រព្រឹត្ត​អំពើពុករលួយ​ផងដែរ ដែល​ហេតុនេះ កម្ពុជា​ជា​ទិសដៅ​របស់​ក្រុម​អ្នក​លាងលុយកខ្វក់ ។​

​លោក​បន្តថា អ្វី​ដែល​សំខាន់​មួយទៀត គឺ​ការកើនឡើង​នៃ​ចំនួន​កាស៊ីណូ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ដ៏​ច្រើន ដែល​នៅ​លើ​ពិភពលោក ការ​លាងលុយកខ្វក់ ត្រូវបាន​ក្រុម​ទុច្ចរិត យកមក​លាង​តាមរយៈ​អាជីវកម្ម​កាស៊ីណូ​នេះ​តែម្តង ។ គាត់​អះអាង​ថា កម្ពុជា​ជា​ប្រទេស​ដែល​ងាយ​រងគ្រោះ​ពី​សំណាក់​ភ្ញៀវ​ទុច្ចរិត ព្រោះ​យើង​មិនទាន់​រឹង​មាំ​ក្នុង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ ។​

​អ្នកវិភាគ និង​តាមដាន​សង្គម​រូបនេះ បានបញ្ជាក់​ថា ក្រៅ​ពី​កម្ពុជា​នៅ​មាន​ភាពទន់ខ្សោយ​ក្នុង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ និង​មាន​អំពើពុករលួយ កត្តា​នយោបាយ​ក៏​ជា​បញ្ហា​មួយ​ដែរ ដែល​បាន​ជំរុញ​ឱ្យ​កម្ពុជា ត្រូវបាន​ដាក់បញ្ចូល​ក្នុង​បញ្ជី​ប្រផេះ នៃ​ការឃ្លាំមើល​ការ​លាងលុយកខ្វក់​នេះ​…
​សំឡេង​លោក មាស នី ៖

​វិទ្យុ​វាយោ មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​ពី​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ អំពី​ស្ថានភាព​អំពើពុករលួយ​នៅ​កម្ពុជា​បាន​ទេ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែ​កុម្ភៈ ដោយ​ទូរស័ព្ទ​ចូល តែ​ពុំ​មាន​អ្នក​លើក​ទទួល ។​

​លោក ព្រាប កុល នាយក​ប្រតិបត្តិ​របស់​អង្គការ​តម្លាភាព​កម្ពុជា បាន​ប្រាប់​វិទ្យុ​វាយោ​តាមរយៈ​សារ​ពី​ហ្វេ​សប៊ុក​ថា «​កម្ពុជា​ពិតជា​មាន​ហានិភ័យ​ខ្ពស់​មែន ទាក់ទង​នឹង​ការ​លាងលុយកខ្វក់ ព្រោះ​យន្តការ​ទប់ស្កាត់​មាន​លក្ខណៈ​ទន់ខ្សោយ​» ។ លោក​អះអាង​ថា «​អំពើពុករលួយ​នៅ​កម្ពុជា មាន​កម្រិត​ធ្ងន់ និង​ជា​ប្រព័ន្ធ​» ។​

​យោងតាម​របាយការណ៍​របស់​អង្គការ​តម្លាភាព ចេញផ្សាយ​កាលពី​ចុង​ខែ​មករា ដើមឆ្នាំ​នេះ បាន​រកឃើញថា ប្រទេស​កម្ពុជា​បាន​ទទួល​ចំណាត់ថ្នាក់​ទី​១៦១ ក្នុងចំណោម​ប្រទេស​ចំនួន​១៨០ ក្នុង​ឆ្នាំ​២០១៨ ។ តាមរយៈ​ពិន្ទុ​នេះ កម្ពុជា​នៅតែ​ជា​ប្រទេស​ដែល​មាន​កម្រិត​អំពើពុករលួយ​ខ្ពស់ ។​

​បើ​តាម​របាយការណ៍រ​បស់​ក្រុម​ការងារ​សកម្មភាព​ហិរញ្ញវត្ថុ (Financial Action Task Force - FATF) ដែល​ចេញផ្សាយ​ដោយ​សារព័ត៌មាន​រ៉​យ​ទ័រ កាល​ពី​ម្សិលមិញ​បាន​លើកឡើង​ថា ការបញ្ចូល​ប្រទេស​កម្ពុជា​ទៅ​ក្នុង​បញ្ជី​ឃ្លាំ​មើល​ការ​លាងលុយកខ្វក់ កើតមាន​ឡើង​ក្រោយ​អង្គការ​FATF ចេញ​របាយការណ៍​វាយតម្លៃ​អំពី​នយោបាយ​កម្ពុជា ប្រឆាំង​នឹង​ការ​លាងលុយកខ្វក់ និង​ហិរញ្ញវត្ថុ​ភេរវកម្ម ធ្វើឡើង​នៅ​ឆ្នាំ​២០១៧ ។​

​អង្គការ FATF បាន​និយាយ​ក្នុង​របាយការណ៍​នេះ​ថា ប្រទេស​កម្ពុជា​មិន​ដែល​ធ្វើការ​កាត់ទោស​ការលាង​លុយ​កខ្វក់ ហើយ​ប្រព័ន្ធតុលាការ​នៅ​កម្ពុជា​ពុករលួយ​ខ្លាំង ។​

​សារព័ត៌មាន​រ៉​យ​ទ័រ បាន​ចេញផ្សាយ​ថា កម្ពុជា​ត្រូវបាន​ដកចេញ​ពី​«​បញ្ជី​ប្រផេះ​»​របស់ ក្រុម​ការងារ​សកម្មភាព​ហិរញ្ញវត្ថុ (FATF) នៅក្នុង​ឆ្នាំ​២០១៥ ដូច្នេះ ការចុះបញ្ជី​ថ្មី​នេះ នឹង​បង្ហាញ​ថា វា​បាន​ដើរ​ថយក្រោយ លើ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ប្រឆាំង​នឹង​ការ​លាងលុយកខ្វក់ ៕

ព័ត៌មានផ្សេងទៀត