ភ្លើង​ឆេះ​សាកលវិទ្យាល័យ​ខេមរៈ ពលរដ្ឋ​រិះគន់ថា សមត្ថកិច្ច​ខ្វះ​ជំនាញ​សង្គ្រោះ​មនុស្ស​

22-02-2019 6:01 pm 930
  ស្តាប់
ស្តាប់ជាសំឡេង

​នៅ​យប់​រំលង​អាធា​ត្រ​ឈានចូល​ថ្ងៃទី​២២ ខែ​កុម្ភៈ មាន​ករណី​គ្រោះ​អគ្គីភ័យ បាន​ឆាបឆេះ សាកលវិទ្យាល័យ​ខេមរៈ របស់​លោក​សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​។ គ្រោះ​អគ្គីភ័យ​នេះ បាន​បណ្តាលឲ្យ​ស្ត្រី​ជនជាតិ​ចិន​៤​នាក់​រងរបួស​ធ្ងន់ និង​ស្រាល​។ ក្នុងនោះ​ស្ត្រី​រងគ្រោះ​២​នាក់ បាន​សម្រេចចិត្ត​លោត​ចុះ​ពីលើ​អគារ ដោយសារ​ការភ័យខ្លាច និង​២​នាក់​ទៀត បាន​ជ្រុល​រអិល​ធ្លាក់​ចុះ​ពីលើ​អគារ ខណៈ​ក្រុម​សមត្ថកិច្ច​ឡើងទៅ​ជួយសង្គ្រោះ​។​

​អ្វី​ជា​ការកត់សម្គាល់ ក្នុង​ហេតុការណ៍​គ្រោះ​អគ្គីភ័យ​នេះ ប្រជាពលរដ្ឋ​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​សប៊ុក បាន​រិះគន់​ទៅលើ​សកម្មភាព​ជួយសង្គ្រោះ របស់​ក្រុម​សមត្ថកិច្ច​ថា ខ្វះ​ជំនាញ​បច្ចេកទេស និង​មាន​ភាពយឺតយ៉ាវ ខណៈ​ដែល​អគារ​នីមួយៗ ហាក់​មិនសូវ​គិតគូ​ពី​ស្តង់ដា​សុវត្ថិភាព ពេល​មាន​គ្រោះអាសន្ន​ជាយថាហេតុ​។​

​តាមរយៈ​ស្តាប់​សម្តី​អ្នក​រាយការណ៍​ព័ត៌មាន និង​វីដេអូ ដែល​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក បានឲ្យដឹងថា ស្ត្រី​រងគ្រោះ​បាន​ឈរ​នៅលើ​បង្កាន់ដៃ​បង្អួច​អគារ រង់ចាំ​ការជួយ​សង្គ្រោះ​ យ៉ាងយូរ ប៉ុន្តែ​នៅ​មិនឃើញ​មាន ការ​យក​សម្ភារៈ​សង្គ្រោះ ដូចជា​ជណ្តើ​រវែង​សម្រាប់​សង្គ្រោះ​ឡើយ​។ ម្យ៉ាងវិញទៀត នៅពេលដែល​សមត្ថកិច្ច បាន​ឡើង​ទៅ​សង្គ្រោះ ប៉ុន្តែ​បែរ​ដូច​ជា​ទៅ​ទាញ​ឲ្យ​ស្ត្រី​រងគ្រោះ​ធ្លាក់​ចុះ​មក​ក្រោយ​ទៅវិញ​។ ទិដ្ឋភាព​បែប​នេះ បាន​ធ្វើ​ប្រជាពលរដ្ឋ ដែល​ឈរ​មើល​ពី​ខាង​ក្រោម បាន​បន្លឺសំឡេង ដោយ​ក្តីតក់ស្លុត និង​ថ្នាំងថ្នាក់​ចិត្ត​យ៉ាង​ខ្លាំង​។​

​លោក​ហួរ ម៉េង​វាង​ អធិការ​ខណ្ឌ​សែន​សុខ បាន​បញ្ជាក់​ប្រាប់​វិទ្យុ​វា​យោ នៅ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ​នេះ​ថា តាមពិត​កម្លាំង​សមត្ថកិច្ច បាន​ខិតខំ​ព្យាយាម​ជួយសង្គ្រោះ​ស្ត្រី​រងគ្រោះ ប៉ុន្តែ​ដោយសារ​ការ​ភ័យ​តក់ស្លុត​ខ្លាំងពេក ទើប​បណ្តាលឲ្យ​ស្ត្រី​រងគ្រោះ​លោត​ពីលើ​អគារ ដោយ​ខ្លួនឯង​។​

​លោក​អធិការ​រូបនេះ បាន​បន្ថែមទៀតថា សមត្ថកិច្ច​មាន​សម្ភារៈ​គ្រប់គ្រាន់ ដូចជា​ជណ្តើ​រវែង​សម្រាប់ ជួយសង្គ្រោះ ដល់​ជនរងគ្រោះ  ក៏​ប៉ុន្តែ​ក្រុម​អន្តរាគមន៍ ក៏​ត្រូវ​ចំណាយ​ពេលវេលា​សម្រាប់​ធ្វើដំណើរ​ដឹក​សម្ភារៈ​ផងដែរ​។​

​សូមបញ្ជាក់​ថា ហេតុការណ៍​អគ្គីភ័យ​នេះ ត្រូវ​បាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ជាច្រើន​គ្រឿង បាន​ចេញមក​ជួយ​អន្តរាគមន៍ ទើប​អាច​ទប់ស្កាត់ នៃ​ការឆេះ​នេះ មិន​ឲ្យ​រាលដាល​ទៅ​កន្លែង​ផ្សេង​ទៀត​។ បើ​តាម​របាយការណ៍រ​បស់​នាយការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ​រាជធានី​ភ្នំពេញ លោក ព្រហ្ម យ៉​ត បានបញ្ជាក់​ថា គ្រោះ​អគ្គិភ័យ​នេះ​ត្រូវបាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​១៥​គ្រឿង ហើយ​អគ្គិភ័យ​ត្រូវ​បាន​ពន្លត់​នៅ​ម៉ោង​១៖៤៥​នាទី​រំលង​អាធ្រា​ត្រ​ថ្ងៃ​ដដែល​។​

​ហេតុការណ៍​នេះ បណ្តាលឲ្យ​មាន​ស្ត្រី​ជនជាតិ​ចិន​ចំនួន​៤​នាក់ បាន​រងរបួស​ធ្ងន់​ស្រាល ត្រូវ​បាន​រថយន្ត​សង្គ្រោះបន្ទាន់​ដឹកយក​ទៅ​សង្គ្រោះ​ភ្លាមៗ​នៅ​ឯ​មន្ទីរពេទ្យ ចំណែកឯ​សម្ភារ​មួយចំនួន ដែល​នៅ​ជាន់​ខាងក្រោម នៃ​សកល​វិទ្យាល័យ ត្រូវ​បាន​ឆាបឆេះ​គ្មាន​សល់​អ្វី​ឡើយ​។ ចំពោះ​មូលហេតុ ត្រូវ​សមត្ថកិច្ច​បញ្ជាក់ថា ដោយសារ​ឆ្លង​ចរន្តអគ្គិសនី​៕

ព័ត៌មានផ្សេងទៀត