គោលនយោបាយ​​អាមេរិក​​នៅ​អាស៊ី​​ដើរ​លើផ្លូវ​​កាន់តែ​អាក្រក់​​ជាង​មុន​?

19-02-2019 3:42 pm 1075
ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ

​ប្រសិនបើ​ទង្វើ​កាលពី​ឆ្នាំមុន​ឆ្លុះបញ្ចាំង​ពី​អ្វីដែល​នឹង​អាច​កើតឡើង​នៅ​ឆ្នាំ​បន្ទាប់ នោះ​គោលនយោបាយ​អាមេរិក​នៅក្នុង​តំបន់​អាស៊ី​នឹង​ខុស​ប្រក្រតី ដែល​បម្រើ​សម្រាប់តែ​ខ្លួនឯង​ប៉ុណ្ណោះ​គ្មាន​ឥទ្ធិពល​អ្វី​លើ​អ្នកដទៃ​ទេ​។ មិនត្រូវ​ភ្លេច​ឡើយ​ថា​និយាយ​ពី​តំបន់​អាស៊ី បច្ចុប្បន្ន​មាន​ចិន​កំពុងតែ​ព្យាយាម​វាទទី ចង់​ក្ដោប​ក្ដាប់​យក​តំបន់​នេះ​ទាំងមូល​តែម្ដង មក​រឹតចំណង​មិត្ដ​ភាពជិ​ត​ស្និទ្ធ​ជាមួយ​ខ្លួន​។ ចិន​ជា​ប្រទេស​នៅ​អាស៊ី​ស្រាប់ រីឯ​អាមេរិក​ជា​អ្នកដទៃ​សុទ្ធសាធ រឿង​អី​ដែល​ចិន​ព្រលែង​តំបន់​ខ្លួន​កំពុង​ស្ថិតនៅ ឲ្យទៅ​អាមេរិកជា​អ្នកនៅ​តំបន់​ផ្សេងម​ក​ត្រួតត្រា​ងាយៗ​? គ្រាន់តែ​គិត​ក៏​ដឹងថា​មិន​ងាយស្រួល​សម្រាប់​អាមេរិក​ដែរ​។ តើ​កត្ដា​អ្វីខ្លះ ដែល​រុញច្រាន​ឲ្យ​គោលនយោបាយ​អាមេរិក​នៅ​តំបន់​អាស៊ី​កាន់តែ​អាក្រក់​ជាង​មុន​?

​ជា​បន្ដ​សូម​ស្ដាប់​នាទី​វិភាគ​ព្រឹត្ដិការណ៍​អន្ដ​រ​ជាតិ រៀបចំ​ជូន​ដោយ​ពេញ ផេង​ដូចតទៅ​៖

​សំឡេង​៖

​បញ្ហា​ប្រឈម​ជាមួយ​ចិន​

​ទោះ​នៅ​អាស៊ី​អាមេរិក​មាន​សម្ព័ន្ធមិត្ដ​ច្រើន​គួរស​ម ប៉ុន្ដែ​ចិន​គឺជា​ឆ្អឹង​ទទឹង​ក​អាមេរិក​ដដែល ក្នុង​ការពង្រីក​ឥទ្ធិពល​នៅ​ទឹកដី​មួយ​នេះ​។ រដ្ឋបាល​របស់លោក​ដូណាល់ ត្រាំ​កំពុង​ប្រឈម​បញ្ហា​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ជាមួយ​ចិន រក​ដំណោះស្រាយ​មិនទាន់​ឃើញ​ផង ខណៈ​កិច្ចចរចា​ធ្វើឡើង​ជា​បន្ដបន្ទាប់​។ វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ការសន្យា​របស់​ចិន​ថា​មិន​ទិញ​ទំនិញ​អាមេរិក រួមទាំង​ក្ដី​រំពឹង​ក្នុង​ការដោះស្រាយ​បញ្ហា​ជា​មូលដ្ឋាន ក៏​សុទ្ធ​ជា​បញ្ហា​ប្រឈម​សម្រាប់​អាមេរិក ហើយ​ការគំរាមកំហែង​បង្កឡើង​ដោយ​បណ្ដា​ក្រុមហ៊ុន​ចិន ក៏​កំពុង​តាម​លងបន្លាច​រដ្ឋបាល​អាមេរិក​។ 

​ក្រសួង​យុត្ដិធម៌​អាមេរិក​បាន​អនុវត្ដ​តាម​ផ្លូវច្បាប់ ចោទប្រកាន់​លើ​ការធ្វើ​ចារម្ម​ក្នុង​វិស័យ​ពាណិជ្ជកម្ម និង​ការ​លួច​វាយប្រហារ​តាម​អ៊ី​ន​ធឺ​ណេត​របស់​ចិន​។ ក៏មាន​ករណី​ចម្រូងចម្រាស​មួយទៀត​ទាក់ទង​នឹង​ការឃុំខ្លួន​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​ក្រុមហ៊ុន​ចិន​Huawei នៅក្នុង​ប្រទេស​កាណាដា ដែល​ពេលនេះ​អាមេរិក​កំពុង​បន្ដ​ស្នើ​ធ្វើ​បត្យាប័ន​អ្នកស្រី​Meng Wanzhou​ទៅ​អាមេរិក ដើម្បី​ទទួលទោស​តាម​ការចោទប្រកាន់​។ ប៉ុន្ដែ​ករណីនេះ​ក៏​ទំនង​មិន​ដំណើរការ​ដោយ​រលូន​ឡើយ ហើយ​បង្ហាញឲ្យឃើញ​បន្ថែម​ពី​ឥទ្ធិពល​អាមេរិក​មិនអា​ច​គ្រប​ទាំងស្រុង​លើ​ប្រទេស​ដទៃ ចង់​ធ្វើ​អ្វី​បាន​ស្រេច​តែ​ចិត្ដ​ទេ​។ ដោយ​គ្មាន​ការផ្លាស់ប្ដូរ​ពិតប្រាកដ​ក្នុងការ​អនុវត្ដ​ច្បាប់​ស្ដីពី​ការ​លួច​កម្មសិទ្ធិបញ្ញា គ្រាន់តែ​ផ្លាស់ប្ដូរ​តុល្យភាព​ពាណិជ្ជកម្ម​ទៅរក​ទិសដៅ​មាន​អំណោ​ចផលដល់​អាមេរិក នោះ​នឹងមិន​គ្រប់គ្រាន់​ឡើយ​ដើម្បី​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​។​

​ជា​សង្គ្រាមត្រជាក់​ថ្មី​មួយទៀត​?

​ចេតនា​របស់លោក​ត្រាំ​លើ​ប្រទេស​ចិន​មិន​ត្រឹមតែ​រឿង​ពាណិជ្ជកម្ម​ប៉ុណ្ណោះ​ទេ​។ អនុ​ប្រធានាធិបតី​អាមេរិក​លោក​ម៉ៃ ផេន ធ្លាប់​និយាយ​កាលពី​ខែតុលា​ឆ្នាំមុន​យ៉ាងច្បាស់​ហើយ ពី​ការរិះគន់​យ៉ាង​ទូលំទូលាយ​ចំពោះ​ឥរិយាបថ​របស់​ចិន​នៅ​អាមេរិក និង​ការព្យាយាម​ពង្រីក​ឥទ្ធិពល​នៅ​បរទេស ដែល​សុន្ទរកថា​នេះ​ទទួលបាន​ការស្វាគមន៍​ពី​ប្រទេស​ខ្លះ​នៅ​អាស៊ី ជា​ភស្ដុតាង​បង្ហាញថា​សហរដ្ឋអាមេរិក​ត្រៀមខ្លួន​រួចជាស្រេច​ក្នុង​ការប្រឈមមុខ​ជាមួយ​ចិន​។ ប៉ុន្ដែ​នៅ​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក ទំនាក់ទំនង​យ៉ាង​អាម៉ាស់​របស់​អាមេរិក​ជាមួយ​ចិន​ត្រូវបាន​បើកចំហ​ជា​សាធារណៈ បង្ក​ជា​ភាពស្មុគស្មាញ​កាន់តែខ្លាំង​សម្រាប់​ប្រទេស​សម្ព័ន្ធមិត្ដ​។ តើ​វា​ជា​សង្គ្រាមត្រជាក់​កើតឡើង​ថ្មី​? មិនទាន់​ចាត់ទុកជា​សង្គ្រាមត្រជាក់​បានទេ តែ​អាមេរិក​និង​ចិន​កំពុង​បន្ដ​ដើរ​កាន់តែ​ជ្រៅ​លើផ្លូវ​នេះ​។​

​វា​គឺជា​សំណួរ​ចំហ​មួយ​ថា​តើ​ទីក្រុង​វ៉ាស៊ីនតោន អាច​ប្រឈម​នឹង​ការប្រកួតប្រជែង​ជា​យុទ្ធសាស្ដ្រ ប្រកបដោយ​ចីរភាព​ជាមួយ​ក្រុង​ប៉េកាំង ហើយ​អាច​រក្សាបាន​នូវ​សម្ព័ន្ធភាព​ក្នុង​តំបន់​ដែល​ចាំបាច់​បាន​ឬទេ​។​

​បញ្ហា​ប្រឈម​ទី​ពីរ​សម្រាប់​ទីក្រុង​វ៉ាស៊ីនតោន គឺ​ការសម្រេច​ឲ្យបាន​ការ​សន្យា​កាត់បន្ថយ​ការគំរាមកំហែង អះអាង​ដោយ​លោក​ត្រាំ​និង​លោក​គីម ជុង​អ៊ុន​ក្នុង​កិច្ចប្រជុំ​នៅ​សិង្ហ​បុរី​ឆ្នាំមុន​។ លោក​ត្រាំ​ពេញចិត្ដ​ក្នុង​ការប្រកាស​ពី​ភាពជោគជ័យ​ផ្នែក​ការទូត​ជាមួយ​លោក​គីម ប៉ុន្ដែ​ទីភ្នាក់ងារ​ផ្ទាល់ខ្លួន​របស់លោក​ជំទាស់​ថា លោក​គីម​មិនបាន​រៀបចំ​រំលាយ​នុយក្លេអ៊ែរ​ដូច​សន្យា​ទេ​។ កាលពី​ឆ្នាំមុន​ដើម្បី​ភាព​ច្បាស់ការ កូរ៉េខាងជើង​មិន​បានធ្វើ​មី​ស៊ី​ល​ឬ​អាវុធ​នុយក្លេអ៊ែរ​ឡើយ ប៉ុន្ដែ​គ្មាន​ដំណើរការ​រំលាយ​នុយក្លេអ៊ែ​រ និង​គ្មាន​ការបើកទ្វារ​ទីតាំង​ផលិត​នុយក្លេអ៊ែរ ដើម្បីឲ្យ​ក្រុម​ជំនាញ​អន្ដរជាតិ​ចូល​ត្រួតពិនិត្យ​ទេ​។ 

​ដោយឡែក​សម្រាប់​កិច្ចប្រជុំ​លើក​ទី​ពីរ​រវាង​លោក​ត្រាំ​និង​លោក​គីម នៅ​ថ្ងៃទី​២៧-២៨​កុម្ភៈ​នេះ​រៀបចំ​ក្នុងប្រទេស​វៀតណាម ក៏​មិនទាន់​ដឹងថា​សម្រេចបាន​លទ្ធផល​យ៉ាងណា មិនដឹង​អាចជួយ​ពន្លឿន​ដំណើរការ​រំលាយ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​បានឬក៏​អត់​។ 

​រដ្ឋបាល​អាមេរិក​កំពុង​ប្រឈម​បញ្ហា​ផ្ទៃក្នុង

​បញ្ហា​ដែល​ជះឥទ្ធិពល​អាក្រក់​ដល់​គោលនយោបាយ​ការបរទេស​អាមេរិក ប្រហែល​មិនមែន​មកពី​ឥរិយាបថ​តួអង្គ​ដទៃ​នៅក្នុង​ពិភពលោក នៅក្នុង​តំបន់​អាស៊ី ឬ​នៅ​តំបន់​ណាមួយ​ឡើយ ប៉ុន្ដែ​វា​បង្កឡើង​ដោយសារ​បញ្ហា​ផ្ទៃក្នុង​អាមេរិក​ផ្ទាល់​តែម្ដង​។ ភាពមិន​ចុះសម្រុង​ក្នុង​រដ្ឋាភិបាល ឧទាហរណ៍​ដូចជា​ផ្នែក​រដ្ឋបាល​ជាមួយ​ផ្នែក​នីតិប្បញ្ញតិ និង​ផ្នែក​ច្បាប់​ជាដើម ធ្វើឲ្យ​មាន​ភាពខ្វែង​គំនិតលើ​ការរៀបចំ​គោលន យោ​បាយ​ការបរទេស​។ បើ​គិត​តាំងពី​ការបិទទ្វារ​រដ្ឋាភិបាល រហូតដល់​ករណី​ស៊ើបអង្កេត​របស់​ប្រធាន​ក្រុមប្រឹក្សា​ពិសេស លើ​ករណី​ចោទប្រកាន់​បទល្មើស​ព្រហ្មទណ្ឌ ការ​ពិនិត្យពិច័យ​កាន់តែខ្លាំង​នៅ​សភា​លើ​រដ្ឋាភិបាល ទាំងអស់នេះ​នឹង​ក្លាយជា​ការគាបសង្កត់​ក្នុងស្រុក​មួយ សម្រាប់​ប្រធានាធិបតី​អាមេរិក​និង​សេត​វិមាន​។​

​វិបត្ដិ​ផ្ទៃក្នុង​ដែល​បង្ក​ជា​ផលវិបាក​ដល់​នយោបាយ​ការបរទេស​ដូច្នេះ មិនអាច​មើលរំលង​បានទេ​។ កន្លងមក​ការសម្រេចចិត្ដ​របស់​រដ្ឋបាលលោ​ក​ដូណាល់ ត្រាំ បានធ្វើឲ្យ​បាត់បង់​អ្នកជំនាញ​គោលនយោបា​យ​ការបរទេស​រួចម​ក​ហើយ ជាក់ស្ដែង​មាន​លោក​ជី​ម ម៉ា​ធី​ស អតីត​រដ្ឋមន្ដ្រីក្រសួង​ការពារជាតិ​ជាដើម​។ បន្ថែម​លើ​នេះ​នៅក្នុង​សេត​វិមាន​ហាក់​ថយចុះ​ខ្លាំង ការជជែក​ដេញដោល​ក្នុង​ការរៀបចំ​យុទ្ធសាស្ដ្រ​ជា​អាទិភាព​របស់​អាមេរិក​។ 

​អ្នកខ្លះ​គិតថា លោក​ប្រធានាធិបតី​បច្ចុប្បន្ន​មានអំណាច​បន្ថែមទៀត ដើម្បី​ធ្វើ​សកម្មភាព​តាម​មហិច្ឆតា​របស់លោក ដូច្នេះ​គោលនយោបាយ​ការបរទេស​នឹង​កាន់តែ​ស៊ីគ្នា​ជាមួយ​ការសន្យា​របស់លោក ដែល​លោក​ធ្លាប់​ប្រកាសថា​គិត​អាមេរិក​ដំបូង​គេ​។ នេះ​ប្រហែលជា​ការពិតហើយ និង​លែងមាន​អ្នកជំទាស់​ជាមួយ​លោក​ទៀត​ដែរ​។ ប៉ុន្ដែ​ទោះបីជា​មាន​អ្នកជំនាញ​តិចតួច​នៅក្នុង​រដ្ឋាភិបាល  រង់ចាំ​ជជែក​ដេញដោល​ចំពោះ​ចក្ខុវិស័យ​របស់លោក​ត្រាំ​ក៏ដោយ ក៏​លោក​នៅតែ​អនុវត្ដ​គោលដៅ​បានកំណត់ ហើយ​រឿងនេះ​ប្រហែលជា​ពិបាក​ជាង​ពេលមុនៗ​ទៅទៀត​។ វិបត្ដិ​ផ្ទៃក្នុង​ផ្ទុះឡើង​កាន់តែខ្លាំង នោះ​នឹង​ធ្វើឲ្យ​មានប្រតិកម្ម​កាន់តែខ្លាំង ទៅលើ​ការសម្រេចចិត្ដ​របស់​លោក​ប្រធានាធិបតី ហើយ​ពិបាក​ឈានដល់​កិច្ចព្រមព្រៀង​ដែល​សម្ព័ន្ធមិត្ដ​អន្ដរជាតិ និង​ពិភពលោក​ទាំងមូល​អាច​ទទួលយកបាន​។​

​ប្រធានាធិបតី​មិនទាន់​ជួប​ការគំរាមកំហែង​ផលប្រយោជន៍​អាមេរិក​ពិតប្រាកដ​ទេ​

​អតីត​អនុ​រដ្ឋមន្ដ្រីការបរទេស​អាមេរិក​លោក​Anthony Blinke បានចង្អុលបង្ហាញ​ថា សម្រាប់​ការពិភាក្សា​ពី​វិបត្ដិ​ទាំងអស់​របស់​រដ្ឋបាល​លោក​ដូណាល់ ត្រាំ លោក​ប្រធានាធិបតី​នៅ​ពុំទាន់​ជួប​ការគំរាមកំហែង​ពិតប្រាកដ ទៅលើ​ផលប្រយោជន៍​របស់​អាមេរិក​ទេ​។ វិបត្ដិ​អាច​បង្ហាញ​ពី​ការសម្រេចចិត្ដ​របស់​រដ្ឋាភិបាល និង​ការបែងចែក​នៅក្នុង​រដ្ឋាភិបាល​។ សភា​ត្រូវ​ធ្វើការ​កាន់តែ​សកម្ម​ដើម្បី​ដើរតួនាទី​ក្នុង​ការដោះស្រាយ​វិបត្ដិ ជាមួយនឹង​សមាជិកសភា​ខ្លះ​ត្រូវ​ស្នើសុំ​ឲ្យ​កំណត់លើ​បទបញ្ជា​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រធានាធិបតី​។ ភាពជោគជ័យ​របស់​អា​មេរិក​ក្នុង​ការកាត់បន្ថយ​ភាព​តានតឹង​ជាមួយ​ចិន មិន​ទំនង​កើតឡើង​ស្រួលៗ​ទេ ហើយក៏​គ្មាន​ប្រធានាធិបតី​អាមេរិក​ណាមួយ អាច​រកឃើញ​យុទ្ធសាស្ដ្រ​បញ្ចុះបញ្ចូល​ឲ្យ​ទីក្រុង​ព្យុងយ៉ាង​បោះបង់​នុយក្លេអ៊ែរ​បានដែរ​។ ក្រៅពីនេះ​ទីក្រុង​វ៉ាស៊ីនតោន​មើលទៅ​គ្មាន​កន្លែង​ល្អ  ដើម្បី​ជួយ​មិត្ដភក្ដិឬ​សម្ព័ន្ធមិត្ដ​ដោះស្រាយ​បញ្ហា​ផ្ទាល់ខ្លួន​របស់​ពួកគេ​បានទេ​។​

​ជារួម​មក​សញ្ញា​មួយ​ដែល​គួរឲ្យ​ព្រួយបារម្ភ លោក​ត្រាំ​ពិតជា​ចង់​ដកខ្លួន​ពី​សន្ធិសញ្ញា​អាមេរិក ដែល​បាន​ប្ដេជ្ញាចិត្ដ​ចំពោះ​សម្ព័ន្ធមិត្ដ​ណាតូ កូរ៉េខាងត្បូង និង​សូម្បីតែ​ប្រជ​ប៉ុន​។ ឆ្នាំ​២០១៩​នឹង​ក្លាយជា​ទី​ជម្រាល​ដ៏​ធំធេង​មួយ​នៃ​គោលនយោបាយ​ការបរទេស​សហរដ្ឋអាមេរិក ដាក់​ឆ្ពោះទៅកាន់​តំបន់​អាស៊ី និង​អាច​ក្លាយជា​រឿង​ដែល​គ្រប់គ្នា​មិន​ធ្លាប់​គិតដល់​ក៏​ថា​បាន​៕

ព័ត៌មានផ្សេងទៀត