«​បុណ្យ​​មាឃ​បូជា​»​​ប្រារព្ធ​រំឭក​​ដល់​​ព្រឹត្តិការណ៍​ធំ​ៗ​​៣​

19-02-2019 8:00 am 1685
  ស្តាប់
ព្រះពុទ្ធប្រារព្ទចតុរង្គ​សន្និបាត នៃ​ព្រះ​ភិក្ខុសង្ឃ​ទាំង ១២៥០​អង្គ នា​ថ្ងៃ ១៥ កើត ខែ​មាឃ​។រូបតំណាង
ស្តាប់ជាសំឡេង

​ថ្ងៃ​១៥​កើត ខែ​មាឃ ត្រូវ​និង​ថ្ងៃទី ១៩ ខែ កុម្ភៈ ជា​ថ្ងៃ​នៃ​ពិធីបុណ្យ​ព្រះពុទ្ធសាសនា​ដ៏​ធំ គឺ​«​បុណ្យ​មាឃបូជា​»​។ នៅ​ប្រទេស​កម្ពុជា ប្រជាជន​អ្នក​ប្រកាន់​នូវ​ព្រះពុទ្ធសាសនា បាននាំគ្នា​ប្រារព្ធ​ពិធី​នេះ​យ៉ាង​ឱឡារិក រួមទាំង​មាន​ការអបអរ​នៅតាម​បណ្តាញ​សង្គម​ផង​។ ឆ្លៀត​ក្នុងឱកាស​នេះ គួន សំបូរ សូមនាំ​អារម្មណ៍​លោកអ្នក​មក​ស្តាប់​ពី​ប្រវត្តិ និង គោលបំណង​ខ្លះៗ​នៃ​បុណ្យមាឃបូជា​នេះ។​

​ជា​រៀងរាល់ថ្ងៃ​១៥​កើត​ពេញបូណ៌មី ខែ​មាឃ ពុទ្ធសាសនិក​តែងតែ​នាំគ្នា​ប្រារព្ធ​ពិធី​ដ៏​ធំ​មួយ​គឺ​បុណ្យ «​មាឃបូជា​»​។ បុណ្យ​មាឃបូជា ជា​ពិធីបុណ្យ​មួយ​ដែល​គេ​ប្រារព្ធ​ឡើង ដើម្បី​រំលឹក​ដល់​ថៃ្ង​ដែល​ព្រះសម្មាសម្ពុទ្ធ ដែល​ទ្រង់​ប្រកាស​បង្កើត​ព្រះពុទ្ធសាសនា​ឡើង​ក្នុង​លោក នា​ប្រទេស​ឥណ្ឌា កាលពី​៥៨៨​ឆ្នាំ មុន​គ្រិស្តសករាជ នា​ថៃ្ង​១៥​កើត ខែ​មាឃ ក្រោយពី​ការ​ត្រាស់ដឹង​របស់​ព្រះអង្គ​ចំនួន​៩​ខែ​គត់​។

​ថ្ងៃ​មាឃបូជា គឺជា​ព្រឹត្តិការណ៍​សំខាន់​មួយ​ក្នុង​ព្រះពុទ្ធសាសនា ដើម្បី​រំឭក​ដល់​ព្រះសម្មាសម្ពុទ្ធ​បរមគ្រូ កាលពី​ទ្រង់​នៅមាន​ព្រះ​ជន្មាយុ និង ដើម្បី​ប្រារព្ធ​រំឭក​ដល់​ព្រឹត្តិការណ៍​ធំៗ​៣ គឺ​ទី​១​រំ​ឮ​ក​ដល់​ថ្ងៃ ចតុរង្គ​សន្និបាត នៃ​ព្រះ​ភិក្ខុសង្ឃ​ទាំង ១២៥០​អង្គ នា​ថ្ងៃ ១៥ កើត ខែ​មាឃ​។ ទី​២ រំឭក​ដល់​ថ្ងៃ​ព្រះសម្មាសម្ពុទ្ធ ដែល​ទ្រង់​បានដាក់​អាយុសង្ខារ និង​ទី​៣  ជា​ថ្ងៃ​ដែល​ព្រះពុទ្ធ​ព្រះ​បរមគ្រូ ព្រះសម្មាសម្ពុទ្ធ​ទ្រង់​សម្តែង ឱ​វាទ​បាតិមោក្ខ​ ។

​កាលពី​ព្រះសម្មាសម្ពុទ្ធ​ព្រះអង្គ​ទ្រុង​នៅមាន​ព្រះ​ជន្មាយុ មហាសន្និបាត​ព្រះ​ភិក្ខុសង្ឃ ប្រារព្ធ​ឡើង​នៅ​ថ្ងៃឧបោសថសីល ថ្ងៃ ១៥​កើត ថ្ងៃ​ពេញបូណ៌មី ខែ មាឃ​។ មហាសន្និបាត​នោះ ត្រូវបាន​គេ​ដាក់ឈ្មោះថា​ចតុរង្គ​មហាសន្និបាត​ប្រែ​ថា «​មហាសន្និបាត​ត​ប្រកបដោយ​អង្គ​បួន​» អង្គ​ទី​១ មាន​សមាជិក​ចូលរួម​ដល់​ទៅ​១២៥០​រូប​,​អង្គ​ទី​២  សមាជិក​ទាំងអស់នេះ សុទ្ធតែជា​ព្រះអរហន្ត​,​អង្គ​ទី​៣ សមាជិក​ទាំងអស់នេះ សុទ្ធតែជា​អ្នក​ចូល​ដោយ​ស្ម័គ្រចិត្ត​,​អង្គ​ទី​៤ គឺ​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​សម្តែង (ឱ​វាទ​បាតិមោក្ខ​) ធម្មនុញ្ញ​របស់​ព្រះពុទ្ធ ។​

​បើតាម​ការស្រាវជ្រាវរ​បស់​លោកស្រី បណ្ឌិត ជា វណ្ណី បណ្ឌិត​ផ្នែក​អក្សរសិល្ប៍ និង ជា​មន្ត្រី​ស្រាវជ្រាវ​​នៃ​រាជបណ្ឌិត្យ​សភាកម្ពុ​ជា បាន​គូសបញ្ជាក់ថា ការបង្កើត​ព្រះពុទ្ធសាសនា ក្នុងឋានៈ​ជា​អង្គការ​សាសនា​មួយ​នោះ គឺធ្វើឡើង​នៅ​ក្នុងចំណោម​ព្រះសង្ឃ​ចំនួន​១២៥០​អង្គ ជា​សមាជិក ក្នុង​អង្គ​មហាសន្និបាត​មួយ ដែល​បាន​និមន្ត​មកពី​គ្រប់​ស្រទាប់វណ្ណៈ​ទាំងអស់​។ នៅក្នុង​មហាសន្និបាត​នោះ ព្រះសម្មាសម្ពុទ្ធ​ទ្រង់​បានប្រកាស​នូវ​គោលការណ៍ ចំនួន​១១​ប្រការ សម្រាប់​ឱ្យ​សមាជិក​មហាសន្និបាត​ទាំងអស់​កាន់​យក​ជា​វិថី​ជីវិត និង សម្រាប់​យកទៅ​ផ្សព្វផ្សាយ ដល់​ជន​ដទៃទៀត​ឱ្យបាន​យល់​ពី​ពុទ្ធសាសនា​។ គោលការណ៍​ទាំង​១១​ប្រការនេះ មានឈ្មោះ​ជា​ភាសាបាលី​ថា "​ឱវាទ​បាដិមោក្ខ​" ។​

​ឱ​វាទ​បាតិមោក្ខ ជា​បច្ចេក​សព្ទ​ដែល​ព្រះពុទ្ធ​ប្រើ​សម្រាប់​ធម្មទេសនា​នឹង​ជា​សំនៀង​ជា​ភាសាបាលី​ដែល​អាច​ពន្យល់​ជា​ភាសា​ខ្មែ​រថា (​សេចក្តីណែនាំ​អំពី​កាតព្វកិច្ច​ដើម្បីអោយ​រួចផុត​ចាក​ពី​សេចក្តី​ទុក្ខ​។​

​បច្ចុប្បន្ន ពិធី​បុណ្យមាឃបូជា ជាទូទៅ​ត្រូវ​ពុទ្ធបរិស័ទ ឬ​អ្នក​កាន់​ព្រះពុទ្ធសាសនា​ប្រារព្ធ ប្រារព្ធ​ឡើង​នៅតាម​វត្ត​អារាម ឬមួយ​ធ្វើ​នៅឯ​ព្រះ​សក្យមុនី​ចេតិយ ជាទី​តម្កល់​ព្រះ​បរម​សារីរិកធាតុ​ព្រះសម្មាសម្ពុទ្ធ​។ ពុទ្ធសាសនិក​ខ្មែរ​ភាគច្រើន​ឱ្យតែ​ដល់​បុណ្យមាឃបូជា​ម្តងៗ គេ​តែងតែ​នាំគ្នា​រៀបចំ​ចាត់ចែង ទុកដាក់​បោស​ជូត​សំអាត នៅតាម​វត្ត​អារាម ដោត​ទង់ជាតិ ទង់​សាសនាព្រះពុទ្ធ មាន​ការប្រគុំ​ភ្លេងពិណពាទ្យ គ្រឿង​ប្រដាប់​ប្រដាល​បូជា​ផ្សេងៗ​។​

​ក្នុង​ថ្ងៃ​ប្រារព្ធ​ពិធី​បុណ្យមាឃបូជា​នេះ ពុទ្ធសាសនិក​នៅ​កម្ពុជា​ភាគច្រើន​បានធ្វើ​ចង្ហាន់​ដើម្បី​ប្រគេន​ព្រះសង្ឃ​នៅតាម​វត្ត​អារាម​នានា គោរព​តាម​នូវ​ពុទ្ធឱវាទ​ដោយ​នាំគ្នា​រក្សាសីល រួមមាន​សីល​៥ និង​សីល​៨ ជាដើម​។ ស្របគ្នា​នេះ ដែរ ពុទ្ធបរិស័ទ​នៅតាម​វត្ត​អារាម​មួយចំនួន​ក៏បាន​ដង្ហែ​ក្បួន​ដាក់​បង្ហាញ​គំនូរ​ដែល​និយាយ​ពី​ពុទ្ធ​ប្រវត្តិ​។​

​គោលបំណង​ព្រះពុទ្ធសាសនា ក៏​ជា​គោលបំណង​របស់​ពុទ្ធសាសនិក គឺ​សែ្វង​រក​និព្វាន “ សភាវ​ប្រាសចាក​ទុក្ខ មិនមាន​សេចក្តី​ទុក្ខ មិនមាន​បញ្ហា​នៅក្នុង​ផ្លូវចិត្ត​របស់ខ្លួន​។ ពាក្យ​និព្វាន​នេះ មានន័យ​ស្មើ​និង​ពាក្យ​ថា "​សន្តិ " ដែល​ប្រែ​ថា " សេចក្តី​ស្ងប់ " ។ ព្រះពុទ្ធសាសនា មាន​គោលដៅ​ធ្វើយ៉ាងណា​បង្រៀន​ឱ្យ​ពុទ្ធសាសនិក ប្រឹងប្រែង​បង្កើត​សន្តិភាព​ដល់​ខ្លួន និង អ្នកដទៃ ដើម្បី​ចូលរួមចំណែក​ដល់​សន្តិ​ភាព​សង្គម និង ពិភពលោក​។​

​គួរ​បញ្ជាក់ថា ប្រទេស​កម្ពុជា ជា​ប្រទេសមួយ​ដែល​គោរព​តាម​ព្រះពុទ្ធសាសនា​។ ប្រជាពលរដ្ឋ​កម្ពុជា​ជាង​៩៥​ភាគរយ ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា​។ រដ្ឋធម្មនុញ្ញ​កម្ពុជា បានចាត់ទុក​ព្រះពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ​៕

ព័ត៌មានផ្សេងទៀត