លោក​ហ៊ុន​សែន​ប្រាប់​ពលរដ្ឋ​កម្ពុជា​ថា ស្ថានភាព​នយោបាយ​កម្ពុ​ជា​នៅ​មាន​ភាពល្អប្រសើរ​

12-02-2019 9:28 am 1150
  ស្តាប់
ស្តាប់ជាសំឡេង

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ព្រឹក​នេះ បាន​សរសេរ​ប្រាប់​ពលរដ្ឋ​កម្ពុជា​តាមរយៈ​ហ្វេ​សប៊ុក​របស់​ខ្លួន​ថា ស្ថានភាព​សង្គម សេដ្ឋកិច្ច និង​នយោបាយ​កម្ពុជា បច្ចុប្បន្ន នៅ​មាន​ភាពល្អប្រសើរ ពុំ​មាន​ការព្រួយបារម្ភ​អ្វី​ឡើយ ។ លោក​អះអាង​ថា តាមរយៈ​ចំណូល​ពន្ធ​កើនឡើង​ជា​លំដាប់ កម្ពុជា​ត្រូវបាន​ព្យាករណ៍​ថា នឹង​ក្លាយជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ ...

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី​១២ ខែ​កុម្ភៈ បាន​សរសេរ​អះអាង​លើ​ហ្វេ​ស​ប៊ុកខ្លួន​ថា ស្ថានភាព​នយោបាយ សង្គម និង​សេដ្ឋកិច្ច នៅក្នុង​ប្រទេស​សព្វថ្ងៃ គឺ​កំពុង​ឆ្ពោះទៅរក​ភាព​កាន់តែ​ល្អប្រសើរ ។ ចំពោះ​ចំណូល​ពន្ធគយ គឺ​បាន​កើនឡើង​ជា​បន្តបន្ទាប់ ។ សេដ្ឋកិច្ច​កម្ពុជា​ដែល​ពីមុន​ហ៊ុំ​ព័​ទ្ឋដោយ​ទារុណកម្ម និង​ការកៀបសង្កត់ ប៉ុន្តែ​ពេល​នេះ​គឺ​បាន​ងើប​លូតលាស់ និង​កាន់តែ​រឹងមាំ ។​

​ជាមួយគ្នានេះ លោក​ក៏​បាន​ថ្លែង​អរគុណ​ដល់​អាជីវករ ពាណិជ្ជករ និង​វិនិយោគគិន ដែល​បាន​បំពេញ​កាតព្វកិច្ច​បង់ពន្ធ និង​បាន​ពង្រីក​ទំហំ​ពាណិជ្ជកម្ម និង​វិនិយោគ​ឱ្យ​កាន់តែ​ធំ​ឡើង​នៅក្នុង​ប្រទេស​ជាតិ ។​

​លោក​បន្តថា ប្រទេស​កម្ពុជា ពី​មុន​ដែល​ធ្លាប់​ជា​ប្រទេស​ក្រីក្រ​ធ្លាក់​ដល់​បាត​ដា​ល ប៉ុន្តែ ឥឡូវ​គឺ​បាន​ងើប​លេចធ្លោ​រួចផុត​ពី​ភាពក្រីក្រ​ជាមួយ​នឹង​កំណើន​សេដ្ឋកិច្ច​ក្នុង​រង្វង់​៧% ។ ដោយសារ​ចំណូល​ពន្ធ​កាន់តែ​ខ្ពស់ ការព្យាករណ៍​របស់​យើង​ទៅ​ថ្ងៃ​អនាគត គឺ​កម្ពុជា​នឹង​ក្លាយជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ប្រាក់​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។​

​លោកនាយក​រដ្ឋមន្ត្រី​បញ្ជាក់ថា កម្ពុជា​មិន​អាច​រំពឹង​លើ​ជំនួយ​បរទេស​តែ​មួយ​មុខ​ទេ ហើយ​កម្ពុជា​ក៏​មិន​ត្រូវ​យក​ឯករាជ្យភាព និង​អធិបតេយ្យភាព​របស់​ខ្លួន ទៅ​ដោះដូរ​ជា​ថ្នូរ​នឹង​អ្វីមួយ​នោះដែរ ។ ប៉ុន្តែ យើង​ចង់​ធ្វើ​ជា​មិត្ត​ល្អ​ជាមួយ​បណ្តា​ប្រទេស​ដៃគូ​នានា ដែល​ចង់​ឃើញ​កម្ពុជា​កាន់​រីក​តែ​ចម្រើន​ទៅ​មុខ​ពិតប្រាកដ ដោយ​គ្មាន​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​ប្រទេស​ជាតិ ៕

ព័ត៌មានផ្សេងទៀត