​ថេណា រងការរិះគន់មិនស្ទើរ ក្រោយចេញបទ អេម Emm

11-02-2019 5:40 pm
  ស្តាប់
ស្តាប់ជាសំឡេង

​ថ្មីៗ​ក្រោយ​មាន​ការរិះគន់​ជា​បន្តបន្ទាប់​លើ​បទ​ចម្រៀង “​អេម Emm” អ្នកចម្រៀង​ថេ​ណាបាន​លុប​ចម្រៀង​ខ្លួន ចេញពី​បណ្តាញ​សង្គម ក្រោយពី​ផ្សព្វផ្សាយ​បាន​១៦​ម៉ោង​។​មហាជន​បាន​រិះគន់​យ៉ាង​ចាស់ដៃ​លើ​បទ​ចម្រៀង​នេះ ដោយសារតែ​អត្ថន័យ នៃ​បទ​ចម្រៀង​មួយ​បទ​នេះ អាសអាភាស ធ្វើឲ្យប៉ះពាល់​ដល់​វប្បធម៌ ប្រពៃណី​ខ្មែរ​។ 

​តាមរយៈ​ទំព័រ​ហ្វេ​សប៊ុក របស់​តារាចម្រៀង លោកថេ​ណា បានប្រកាស​លុបចោល បទ​ចម្រៀង​របស់ខ្លួន​មួយ​បទ ដែលមាន​ចំណងជើង​ថា “​អេម Emm” ក្រោយ​ផ្សព្វផ្សាយ​បាន​១៦​ម៉ោង​។​ការ​លុប​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​ការរិះគន់​យ៉ាងខ្លាំង​ពី​មហាជន ដោយសារតែ​អត្ថន័យ បទ​ចម្រៀង​មួយ​បទ​នេះ មានន័យ​អាសអាភាស ធ្វើឲ្យប៉ះពាល់​ដល់​វប្បធម៌ ប្រពៃណី​ខ្មែរ​។​

​តារាចម្រៀង​លោកថេ​ណា បាន​អះអាងថា ខ្លួន​បាន Remove បទ​ចម្រៀង​មួយ​បទ​នេះ​ចេញ​ហើយ​។ លោក​ថា​សម្រាប់​អ្នក​ដែល​យក​video​ទៅ post លោក​មិន​ទទួលខុសត្រូវ​ទេ​”​។ មហាជន​មិនតិច​ទេ​បាន​ប្រតិកម្ម​លើ​ចម្រៀង​នោះ ដោយ​លើកឡើងថា​មាន​ភាព​អាសអាភាស និង​អត្ថន័យ​ប៉ះពាល់​ដល់​សង្គម​យ៉ាងខ្លាំង​។​

ជា​ការកត់សម្គាល់​មុននឹង​មានការ​លុប​នេះ គេ​ឃើញ​លោក​ថៃ នរៈ​សត្យា អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​បង្ហោះ​សារ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ផ្ទាល់ខ្លួន​របស់​លោកថា​«​ទស្សនៈ​យ៉ាងម៉េច​ហ្នឹង ដែល​អាចបង្កើត​គំនិត​ផលិត​ស្នាដៃ​របៀបនេះ​?​ជា​អ្នកនិពន្ធ ជា​អ្នកចម្រៀង ជា​អ្នកសិល្បៈ ជា​សាធារណៈ​បុគ្គល គួរតែ​ជា​គម្រូ​ល្អជា​សាធារណៈ​ជាពិសេស ចំពោះ​ប្អូនៗ​យើង​ជំនាន់​ក្រោយ ! តែ​នេះ​មិន​អ៊ីចឹង​ទេ បែ​ជា​បន្ទាប​បន្ថោកខ្លួន​ឲ្យក្លាយ​ជា​អ្នក​បំពុល និង​បំផ្លាញ​ខ្លួន​ក្នុង​វិស័យ​វប្បធម៌​របស់​ជាតិ​ខ្លួន​ទៅវិញ​»​។​

​លោក​ថៃ នរៈ​សត្យា បន្តថា លោក​មិន​យល់​! លោក​ចោទ​សួរថា​« តើ​សង្ឃឹម​មាន​អ្នកគាំទ្រ​ភាព​លីលា​នេះ​បាន​ប៉ុន្មាន​នាក់​ទៅ​ហ្នឹង ? បើ​គ្រាន់តែ​ងើប​ក្បាល​មក​ត្រូវ​មហាជន​សំពង​យ៉ាងតំណំ​ទៅហើយនោះ ! យក​រឿង​ដាក់ខ្លួន​មែន !!!!!»

​គួររំលឹកថា លោកថេ​ណា​ត្រូវបាន​យុវវ័យ​ជាច្រើ​ន​ស្គាល់ តាមរយៈ​បទ​ចម្រៀង Original Song ជាច្រើន ដូចជា ពលី កង់​សា​គួរ និង​បទ​ចម្រៀង​ជាច្រើន​ទៀត​៕

​ដោយ​៖ ប៉ា សុ​ខេង​

ព័ត៌មានផ្សេងទៀត