អង្គការ​GIZ​ របស់​អាល្លឺម៉ង​​បើក​កម្មវិធី​​«​អភិវឌ្ឍន៍​​សហគ្រាស​​ខ្នាត​មីក្រូ​ តូច​ និង​មធ្យម​»​

11-02-2019 3:43 pm
  ស្តាប់
រូបភាពពីFN
ស្តាប់ជាសំឡេង

​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​អង្គការ​GIZ ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​អាល្លឺម៉ង បានប្រកាស​បើក​ជា​ផ្លូវការ កម្មវិធី​អភិវឌ្ឍន៍​សហគ្រាស​ខ្នាត​មីក្រូ តូច និង​មធ្យម នៅ​កម្ពុជា​។​

​លោក​សុន សេង​ហួត អនុរដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម លើកឡើងថា ការប្រកាស​បើក​កម្មវិធី​អភិវឌ្ឍន៍ សហគ្រាស​ខ្នាត​មីក្រូ តូច និង​មធ្យម មាន​សារៈសំខាន់​បំផុត ក្នុងការ​ផ្តល់នូវ​បច្ចុប្បន្នភាព ព័ត៌មាន ក៏ដូចជា​គោលនយោបាយ​ថ្មីៗ ដែលជា​មូលដ្ឋានគ្រឹះ​សម្រាប់​ការអនុវត្ត បន្ត​នូវ​ការងារ​ជំរុញ​លើកទឹកចិត្ត ដល់​វិស័យ​សហគ្រាស​ខ្នាត​មីក្រូ​តូច និង​មធ្យម នៅក្នុង​កម្ពុជា​។​

​លោក​បន្ថែមថា វេទិការ​នេះ​ក៏បាន​ចូលរួម​ស្តាប់​អំពី​លទ្ធផល នៃ​កម្មវិធី​អភិវឌ្ឍន៍​សហគ្រាស​ខ្នាត​មីក្រូ តូច និង​មធ្យម នៅ​កម្ពុជា ព្រមទាំង​ការ​ផ្តល់នូវ​ធាតុ​ចូល ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ជាពិសេស GIZ អំពី​បញ្ហា​ប្រឈម​នានា របស់​សហគ្រាស​ខ្នាត​មី​ក្រ តូច និង​មធ្យម នៅ​កម្ពុជា ដើម្បី​ធ្វើជា​មូលដ្ឋាន​ក្នុង​ការកំណត់​នូវ សូចនាករ​ថ្មី​មួយ ក្នុង​គោលបំណង​បង្ក​លទ្ធភាព​ងាយស្រួល ដល់​សហគ្រាស​ខ្នាត​មីក្រូ តូច និង​មធ្យម ឲ្យមាន​លទ្ធភាព​អភិវ​ឌ្ឍ​ន៍​កែលម្អ​ខ្សែចង្វាក់​ផលិតកម្ម និង​ពង្រីក​អាជីវកម្ម​របស់ខ្លួន​។ តែ​លោក​សុន សេង​ហួត ស្នើឲ្យ​សហគ្រាស​ខ្នាត​មីក្រូ តូច និង​មធ្យម​ខ្លួនឯង​ផ្ទាល់ ត្រូវខិតខំ​ប្រឹងប្រែង​ពង្រឹង និង​អភិវឌ្ឍន៍​ខ្លួន​បន្ថែម ព្រមទាំង​ព្យាយាមរ​កនូវ​បច្ចេកទេស បច្ចេកវិទ្យា គ្រឿងចក្រ គ្រឿង​ម៉ាស៊ីន​ទំនើប និង​ទាន់សម័យ​ក្នុង​ផលិតកម្ម ដើម្បី​បង្កើន​ផលិតភាព និង​ការប្រកួតប្រជែង លើ​ទីផ្សារ​ក្នុងស្រុក និង​ក្រៅ​ស្រុក​។​

​លោក​ឡាំ គីម​ឡេង អគ្គនាយក​សហគ្រាស​ធុន​តូច និង​មធ្យម និង​សិប្បកម្ម សាទរ​ការបង្កើត​គម្រោង​នេះ​ឡើង​។​លោក​ថា គម្រោង​នេះ​ផ្តោត​សំខាន់​ទៅលើ​ការ ពង្រឹងសមត្ថភាព​គ្រប់គ្រង បច្ចេកទេស​ផលិតកម្ម​ល្អ អនាម័យ​ល្អ ដើម្បី​បង្កើន​ផលិតភាព ប្រសិទ្ធភាព ប្រសិទ្ធ​ផល ក្នុង​ខ្សែរ​ចង្វាក់​ផលិតកម្ម​៕

ព័ត៌មានផ្សេងទៀត