មន្ត្រី​ពាក់ព័ន្ធ​និង​សហគមន៍ រួម​គ្នា​ល្បាត​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​ជា​លើកដំបូង​

11-02-2019 1:51 pm
  ស្តាប់
ស្តាប់ជាសំឡេង

​មន្ត្រី​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន ដៃគូ​អភិវឌ្ឍន៍ និង​សហគមន៍ ខេត្ត​កំពង់ធំ ខេត្ត​ក្រចេះ ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​ព្រះវិហារ កាលពី​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ បាន​ធ្វើ​ដំណើរ​ចុះ​ល្បាត​ពិនិត្យ​រួមគ្នា ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡ​ង់ ដើម្បី​ពិនិត្យ​ទីតាំង​ស្ថានភាព​ជាក់ស្តែង ក្នុង​ដែន​ជម្រក ក្នុង​គោលដៅ​រៀបចំ​ផែនការ​គ្រប់គ្រង​ឱ្យបាន​កាន់តែ​ប្រសើរ...

​លោក សៅ សុភាព រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​បាន​លើកឡើង​ថា ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ រួមទាំង​សហគមន៍​ការពារ​ព្រៃ​ឡ​ង់ បាន​ឯកភាពគ្នា​ល្បាត​រួមគ្នា​ជា​ប្រវត្តិសាស្ត្រ​លើក​ទី​១ ដើម្បី​ឱ្យ​បាន​ឃើញ​នូវ​ទិដ្ឋភាព​ស្វែងយល់​ជាក់ស្តែង ដូច្នេះ អ្វី​ដែល​បាន​មើលឃើញ និង​កត់សម្គាល់​ពី​ការចុះ​ល្បាត​នេះ នឹង​គិតគូរ​ជា​យុទ្ធសាស្ត្រ និង​ដំណោះស្រាយ ដើម្បី​រៀបចំ​យន្តការ​ទ្រទ្រង់​ដល់​ការការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​នៅ​ព្រៃ​ឡ​ង់ ។​

​លោក​បញ្ជាក់ថា ក្រុម​ល្បាត​បាន​ពិនិត្យ​ជាក់ស្តែង​ឃើញថា ធនធាន​ព្រៃឈើ ជីវៈចម្រុះ និង​ប្រព័ន្ឋ​អេកូឡូស៊ី​នៃ​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​នៅ​ល្អ ពិសេស​ត្រង់​ចំណុច​ត្រីកោណ ខេត្ត​កំពង់ធំ ខេត្ត​ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង ។ 

​លោក​បន្តថា ក្នុង​ផែនការ​គ្រប់គ្រង កម្លាំង​ឧទ្យានុ​រ​ក្ស​នៃ​ខេត្ត​ទាំងបី នឹង​ធ្វើការ​រួម​គ្នា​បង្កើត​ជា​ស្នាក់ការ​រួម ដើម្បី​ទប់ស្កាត់​បទល្មើស​នានា នៅ​តំបន់​ប្រសព្វ​គ្នា​នៃ​ភូមិសាស្ត្រ​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ ស្របតាម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​តំបន់ការពារធម្មជាតិ​កម្ពុជា ច្បាប់ និង​បទដ្ឋាន​គតិយុត្ត​ផ្សេងទៀត ។​

​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡ​ង់ បង្កើតឡើង​ដោយ​អនុក្រឹត្យ​លេខ ០៧៤ អនក្រ​.​បក ចុះ​ថ្ងៃ​ទី​០៩ ខែ​ឧសភា ឆ្នាំ​២០១៦ មាន​ផ្ទៃដី​សរុប ៤៣១.៦៨៣​ហិកតា ស្ថិតនៅ​ជាប់​ភូមិសាស្ត្រ​ខេត្ត​ក្រចេះ ខេត្ត​កំពង់ធំ ខេត្ត​ព្រះវិហារ ខេត្ត​ស្ទឹងត្រែង ។​

​ដែន​អភិរក្ស​នេះ មាន​សក្តានុពល​ធនធាន​ធម្មជាតិ និង​ជីវៈចម្រុះ​សម្បូរបែប ដែល​ជា​ជម្រាល​ផ្ទៃ​រងទឹក​ភ្លើង​សម្រាប់​ស្ទឹងសែន និង​ហូរ​ចាក់​ទៅ​ទន្លេសាប បម្រើ​ដល់​វិស័យ​កសិកម្ម ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម បរិស្ថាន និង​វប្បធម៌ ៕

ព័ត៌មានផ្សេងទៀត