លោក​សម រង្ស៊ី​​ព្រមាន​ដល់​​អ្នកវិនិយោគ​​ចិន​​នៅ​កម្ពុជា ​

11-02-2019 11:18 am
  ស្តាប់
ស្តាប់ជាសំឡេង

​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក​សម រង្ស៊ី បាន​ផ្ញើ​សារ​ព្រមាន​ដល់​អ្នកវិនិយោគ និង​ជន​ជាតិចិន ដែលមាន​វត្ត​មាននៅ​កម្ពុជា ពី​ស្ថានការណ៍​នយោបាយ  ដែល​លោក​អះអាងថា នឹង​កាន់តែ​តានតឹង​ឡើងៗ ចាប់ពីពេលនេះ​ទៅ ។ លោក​ព្រមាន​ជា​ប្រយោល​ថា ព្រឹត្តិការណ៍​ថ្មី​ដ៏​សំខាន់ អាច​កើតមានឡើង​គ្រប់ពេលវេលា ក្នុង​ឆ្នាំ ២០១៩ នេះ ដោយសារតែ​ប្រជារាស្ត្រ​ខ្មែរ មានបំណង​ចង់​ប្តូរ​លោក​ហ៊ុន សែន ចេញ​។​

​លោក​ប្រាប់​អ្នក​វិនយោគគិន និង​ជន​ជាតិចិន​កំពុង​រកស៊ី និង​រស់នៅ​កម្ពុជា ត្រូវ​ពិនិត្យឡើងវិញ រាល់​សកម្មភាព និង​គម្រោង​ទាំងឡាយ​របស់ខ្លួន ហើយ​លោក​សម រង្ស៊ី ក៏​តម្រូវឲ្យ​ពួកគេ ដោះស្រាយ​បញ្ហា​ទាំងឡាយ ដែល​ពួកគេ​បាន​បង្ក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ជា​អ្នករងគ្រោះ ដោយសារ​ពួកគេ​។ លោក​សម រង្ស៊ី ទាមទារ​ឲ្យ​ក្រុម​វិនយោគចិន​ត្រូវតែ​ប្រគល់​សង​ឲ្យ​ម្ចាស់​ដើម​វិញ នូវ​ដីធ្លី ដែល​ពួកគេ​បាន​ឃុបឃិត​ជាមួយ​អាជ្ញាធរ​។​

​ប៉ុន្តែ​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក​ផៃ ស៊ី​ផាន ហៅ​ការព្រមាន​ទៅ​អ្នកវិនិយោគ​ចិន និង​ជន​ជាតិចិន ដែល​កំពុង​រកស៊ី និង​រស់នៅ​កម្ពុជា ពី​សំណាក់​លោក​សម រង្ស៊ី​ពេលនេះ ថា​ជា​ការធ្វើ​វិទ្ធង្សនា​សេដ្ឋកិច្ច និង​មាន​ចេតនា​ញុះញង់ ឲ្យមាន​ការបះបោរ​ប៉ុណ្ណោះ​។ តែ​លោក​ថា សារ​ព្រមាន​នេះ គ្មាន​ឥទ្ធិពល​ទេ ហើយ​ពេលនេះ ក៏​គ្មាន​អ្នកណា​ចាប់​អារ ម្មណ៍​នឹង​សារ​លោក​សម រង្ស៊ី ទៀត​ដែរ .....

​សំឡេង​លោក​ផៃ ស៊ី​ផាន​៖

​លោក​សម រង្ស៊ី និយាយថា ពលរដ្ឋ​ខ្មែរ​ទាំងមូល មាន​ការក្តៅក្រហាយ​ចំពោះ​អ្នក​វិយោគ​ចិន និង​ជន​ជាតិចិន ទាំងនោះ​។ លោក​ប្រាប់​ឲ្យ​ចិន​ទាំងនោះ​ត្រូវ​ចេះ​សម្តែង​ការគោរព ចំពោះ​ជនជាតិខ្មែរ ដែលជា​ម្ចាស់​ស្រុក​ផង​។ បើ​មិន​ដូច្នោះ​ទេ លោក​សម រង្ស៊ី ព្រមាន​ថា អាច​ប្រឈមមុខ​ពី​ការផ្ទុះ​កំហឹង ពី​សំណាក់​ជនជាតិខ្មែរ​ជា​ម្ចាស់​ស្រុក នៅពេលដែល​ព្រឹត្តិការណ៍​នយោបាយ​ថ្មី នឹង​កើតមានឡើង​ក្នុង​ឆ្នាំ ២០១៩ នេះ​។​

​លោក​ផៃ ស៊ី​ផាន អះអាងថា ច្បាប់​របស់​កម្ពុជា​លើ​ការវិនិយោគ មិនមែន​សម្រាប់តែ​អ្នក​វិយោគ​ចិន និង​ជន​ជាតិចិន​ប៉ុណ្ណោះ​ទេ គឺ​កម្ពុជា​ស្វាគមន៍​គ្រប់​វិនិយោគិន​បរទេស​ទាំងអស់​។​ប៉ុន្តែ​លោក​ទទួលស្គាល់ថា កំណើន​សេដ្ឋកិច្ចជាតិ រហូតដល់​ជា​៧%​ជា​រៀងរាល់ឆ្នាំ គឺ​ដោយសារ​មាន​ការរួមចំណែក​នៃ​វិនិយោគិន​ចិន​៕

ព័ត៌មានផ្សេងទៀត