គណបក្ស​​តែងតាំង​​ម្ចាស់​បង​​ស្ដេច​ថៃ​​ជា​បេក្ខភាព​​នាយករដ្ឋមន្ដ្រី​​ត្រូវ​ប្រឈម​​បញ្ហា​​ធំ​មួយទៀត​

11-02-2019 10:01 am
  ស្តាប់
ពាក្យ​​សុំតែងតាំងព្រះនាងម្ចាស់អ៊ុប៊ុលរតនា​ជាបេក្ខភាពនាយករដ្ឋមន្ដ្រី
ស្តាប់ជាសំឡេង

​គណបក្ស​ថៃ​រក្សា​ជាតិ​ដែល​ប្រកាស​តែងតាំង​ព្រះ​នាង​ម្ចាស់​អ៊ុ​ប៊ុល​រតនា ម្ចាស់​បង​ស្ដេច​ថៃ​បច្ចុប្បន្ន​ជា​បេក្ខជន​នាយករដ្ឋមន្ដ្រី ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​នៅ​ថ្ងៃទី​២៤​មីនា​ខាងមុខ អាច​នឹងត្រូវ​ហាមឃាត់​ពី​ការចូលរួម​ការបោះឆ្នោត​។ នៅ​ថ្ងៃទី​១១​កុម្ភៈ​នេះ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ថៃ ត្រូវ​ជួបពិភាក្សា​ពិចារណា​ពី​បេក្ខភាព​ព្រះ​នាង​ម្ចាស់​អ៊ុ​ប៊ុល​រតនា​។ 

​ចំពោះ​ការប្រកាស​ចូលប្រឡូក​ក្នុង​ឆាកនយោបាយ រហូត​ចង់​ក្លាយជា​នាយករដ្ឋមន្ដ្រី ធ្វើឲ្យ​មហាក្សត្រថៃ​ព្រះបាទ​ម៉ា​ហា វ៉ា​ជី​រ៉ា​ឡុងកន​ចេញ​ព្រះ​រាជ្យ​សារ​រិះគន់​ផងដែរ​។ ព្រះអង្គ​មាន​ព្រះបន្ទូល​ថា​ម្ចាស់​បង​ធ្វើ​ដូច្នេះ​ពិតជា​មិន​សមរម្យ​ឡើយ ធ្វើឲ្យប៉ះពាល់​ដល់​ប្រពៃណី​សែរា​ជ្យ​វង្ស ដែល​សែ​ស្ដេច​មិនអាច​ចូលធ្វើ​នយោបាយ​បានទេ​។ ច្បាប់​ក៏​មិន​អនុញ្ញាតឲ្យ​គណបក្សន​យោបា​យ ប្រើប្រាស់​របប​រាជាធិបតេយ្យ​ក្នុង​ការឃោសនាបោះឆ្នោត​បា​ន​ដែរ​។ ក្រោយពី​មាន​ព្រះ​រាជ្យ​សារ​របស់​មហាក្សត្រ គណបក្ស​ថៃ​រក្សា​ជាតិ​ក៏​ប្រកាស​វិញ​ថា​ប្រសិនបើជា​រឿង​ប៉ះពាល់ គណបក្ស​នឹង​ដក​បេក្ខភាព​នាយករដ្ឋមន្ដ្រី របស់​ព្រះ​នាង​ម្ចាស់​អ៊ុ​ប៊ុល​រតនា​ចេញ​វិញ​។ គណបក្ស​នឹង​គោរព​តាម​ការ​ត្រាស់បង្គាប់​ពី​ព្រះមហាក្សត្រ​ដោយ​ស្មោះត្រង់​។​

​ទោះបីជា​មាន​ការឆ្លើយតប​ដោយ​ព្រម​ដក​បេក្ខភាព​ព្រះ​នាង​ចេញ​មែន ប៉ុន្ដែ​គណបក្ស​ថៃ​រក្សា​ជាតិ​នៅ​ប្រឈម​នឹង​ការប្ដឹង​ឲ្យ​រំលាយ​គណបក្ស​ចោល​តែម្ដង ដើម្បី​រារាំង​មិនឲ្យ​ចូលរួម​ការបោះ​ឆ្នោត​។ កាលពី​ថ្ងៃទី​១០​កុម្ភៈ​សកម្មជន​ម្នាក់​បាន​និយាយថា នឹង​ដាក់ពាក្យ​ប្ដឹង​ដកហូត​គណបក្ស​ថៃ​រក្សា​ជាតិ មិនឲ្យ​ចូលរួម​ការបោះ​ឆ្នោត​ទេ​។ ការធ្វើ​ដូច្នេះ​ដោយសារតែ​ព្រះបរមរាជវាំង​បានប្រកាស​ហើយ​ថា គណបក្ស​នេះ​បាន​រំលោភ​លើ​ច្បាប់បោះឆ្នោត​។​

​គួរ​បញ្ជាក់ថា ការបោះឆ្នោត​នៅ​ថ្ងៃទី​២៤​មីនា​ខាងមុខ គឺជា​ការបោះឆ្នោត​លើកដំបូង​របស់​ថៃ ចាប់តាំងពី​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​អ្នក​ស្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា​ក្នុង​ឆ្នាំ​២០១៤​។ ក្រោយ​រដ្ឋប្រហារ​យោធា​បាន​ចូល​ក្ដាប់​អំណាច​ដល់​បច្ចុប្បន្ន មាន​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា​ជា​នាយករដ្ឋមន្ដ្រី​។ នៅ​ថ្ងៃ​បោះឆ្នោត​ខាងមុខ​លោក​ប្រា​យុទ្ធ ក៏​ចូលរួម​ប្រជែង​យក​តំណែង​នាយករដ្ឋមន្ដ្រី​ជាថ្មី​ដែរ ដែល​គេ​រំពឹងថា​លោក​នឹង​បន្ដ​ជា​នាយករដ្ឋមន្ដ្រី​ដឹកនាំ​ប្រទេស​ថៃ​ដដែល​។ 

​ដោយឡែក​គណបក្ស​ថៃ​រក្សា​ជាតិ ដែល​តែងតាំង​ព្រះ​នាង​ម្ចាស់​អ៊ុ​ប៊ុល​រតនា​ជា​បេក្ខភាព​នាយករដ្ឋមន្ដ្រី ជា​សម្ព័ន្ធមិត្ដ​រឹងមាំ​គណ​បក្ស​ភឿ​ថៃ​របស់​ត្រកូល​ស៊ីណាវ៉ាត្រា​។ ករណី​ដែល​បក្ស​នេះ​ចូល​ប្រជែង នោះ​លោក​ប្រា​យុទ្ធ​ពិតជា​ជួប​ដៃគូ​ខ្លាំង ដោយសារតែ​អ្នកគាំទ្រ​ត្រកូល​ស៊ីណាវ៉ាត្រា​មិនទាន់​អស់​សំឡេង​នៅឡើយ​។ វត្ដ​មាន​គណបក្ស​ថៃ​រក្សា​ជាតិ​ដូចជា​តំណាងឲ្យ​គណបក្ស​ត្រកូ​ល​ស៊ីណាវ៉ាត្រា​អ៊ីចឹង​ដែរ ប៉ុន្ដែ​យ៉ាងណាក៏ដោយ​លទ្ធភាព​នៃ​ការចូល​ប្រជែង​របស់​ព្រះ​នាង​ម្ចាស់​អ៊ុ​ប៊ុល​រតនា​មាន​តិចតួច​បំផុត​។ មិន​ទំនង​ថា​ព្រះ​នាង​អាច​ចូលរួម​ការបោះឆ្នោត​បាន​ឡើយ ស្របពេល​គណបក្ស​របស់​ព្រះនាង​កំពុងប្រឈ​មនឹង​ការរារាំង​ថែមទៀត​នោះ​៕

ព័ត៌មានផ្សេងទៀត