ពាណិជ្ជកម្ម​៖​អាមេរិក​-​ចិន​បន្ត​ការចរចា​ជុំ​ថ្មីសប្តាហ៍ក្រោយ​

10-02-2019 4:21 pm 985
  ស្តាប់
ស្តាប់ជាសំឡេង

​ការចរចា​ជុំ​ថ្មី​ត្រូវ​ចាប់ផ្តើម​នៅ​សប្តាហ៍​ក្រោយនេះ ដោយនៅ​ថ្ងៃ​ចន្ទ​នឹងមាន​ការជួបពិភាក្សារ​វាង​មន្ត្រី​កម្រិត​ទាប ដឹកនាំ​ដោយ​អនុប្រធាន​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​លោក Jeffrey Gerrish​។ ក្រោយមក​ទើប​រៀបចំ​កិច្ចចរចា​កម្រិត​ខ្ពស់​នៅ​ថ្ងៃ​សុក្រ រវាង​មន្ត្រី​ចិន​និង​តំណាង​ពាណិជ្ជកម្ម​អាមេរិក​ដឹកនាំ​ដោយ​លោក Robert Lighthizer និង​លេខាធិការ​ក្រសួង​រតនាគា​រលោក Steven Mnuchin។​

​កិច្ចប្រជុំ​លើក​នេះ​ផ្តោតលើ​ការការពារ​កម្មសិទ្ធិបញ្ញា​។ ការចរចា​ជុំ​ថ្មី គ្រោង​ធ្វើឡើង​ក្រោយពី​ការចរចា​នៅ​ទីក្រុង​វ៉ាស៊ីនតោន​គ្មាន​លទ្ធផល​។ លោក​Lighthizer​និយាយ​នៅក្នុង​កិច្ចប្រជុំ​កាលពី​សប្តាហ៍​មុន​ថា អាមេរិក ជា​អ្នក​ផលិត​បច្ចេកវិទ្យា និង​ការច្នៃប្រឌិត​ដ៏​អស្ចារ្យ ហើយ​ដឹង​ពី​របៀប​និង​អាថ៌កំបាំង​នៃ​ការធ្វើ​ពាណិជ្ជកម្ម​។ អ្វីៗ​ទាំងនោះ ត្រូវតែ​ទទួលបាន​ការការពារ​។​

​មន្ត្រី​អាមេរិក​និង​ចិន កំពុង​ព្យាយាម​ចរចា ធ្វើយ៉ាងណា​អាច​រកបាន​កិច្ចព្រមព្រៀង​រួមមួយ ឲ្យបាន​មុន​ថ្ងៃ ទី​១​ខែ​មីនាឆ្នាំ​២០១៩​។ ពោល លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក​និង​លោក​ស៊ី ជី​ង​ពី​ន​ប្រធានាធិបតី​ចិន​កាលពី​ចុង​ឆ្នាំមុន បាន​ព្រមព្រៀង​ផ្អាក​តំឡើង​ពន្ធ​លើ​ទំនិញ​គ្នា​ទៅវិញទៅមក រយៈពេល​៩០​ថ្ងៃ ដើម្បី​ទុក​ឱកាស ឲ្យ​ពួក​មន្ត្រី​ទាំងសងខាង​ពិភាក្សា​ដោះស្រាយ​បញ្ហា​។ 

លោក​ត្រាំ​បាន​និយាយ​ក្នុងពេល​ថ្មីៗ​នេះ​ថា លោក​គ្មាន​ផែនការ​ពន្យារពេល​ចរចា​ឡើយ បើ​ទោះ​បើ​ដល់ពេល​កំណត់​ហើយ ភាគី​ទាំងពីរ​នៅតែ​មិនអាច​ស្វែងរក​បាន​កិច្ចព្រមព្រៀង​រួម​ក៏ដោយ​។ ផ្អែក​តាម​លក្ខខណ្ឌ​ដែល​បាន​និយាយ​គ្នា បើ​មិនអាច​ចរចា​ដោះស្រាយ​បញ្ហា​បាន​ដោយ​ជោគជ័យ​ក្នុង​រយៈពេល​៣​ខែ​ទេ នោះ​លោក​ត្រាំ​នឹង​បន្ត​តំឡើង​ពន្ធ​លើ​ទំនិញ​ចិន នាំចូល​អាមេរិក​រាប់ពាន់​លាន​ដុល្លារ​បន្តទៀត​។​

​គួរ​ជម្រាបជូន​ថា នៅក្នុង​ឆ្នាំ​២០១៨ អាមេរិក​និង​ចិន បាន​តំឡើង​ពន្ធ​លើ​ទំនិញ​គ្នា​ទៅវិញទៅមក ក្នុងតម្លៃ​រាប់ពាន់​លាន​ដុល្លារ​។ លោក​ត្រាំ​ជា​អ្នក​ចាប់ផ្តើម​តំឡើង​ពន្ធ​លើ​ទំនិញ​ចិន​មុន ដើម្បី​ដាក់​សម្ពាធ​ឲ្យ​ចិន ងាក​មក​ធ្វើ​ពាណិជ្ជកម្ម ដោយ​យុត្តិធម៌​។ តាម​ជំហរ​របស់​អាមេរិក នឹង​តំឡើង​ពន្ធ​លើ​ទំនិញ​ចិន​ជា​បន្តបន្ទាប់ រហូត​ប្រទេស​ទាំងពីរ ឈានដល់​កិច្ចព្រមព្រៀង​មួយ ដែល​អាច​ទទួលយកបាន​ទាំងអស់គ្នា​៕

ព័ត៌មានផ្សេងទៀត