ឆ្នាំ​២០២១​កម្ពុជា​គ្រោង​បង្ហោះ​ផ្កាយរណប​ផ្ទាល់ខ្លួន​ដើម្បី​គ្រប់គ្រង​ផ្នែក​សន្តិសុខ​តាម​បណ្តោយ​ព្រំដែន​

10-02-2019 3:28 pm 718
លោក​ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ

​នៅក្នុង​ឆ្នាំ​២០២១  ប្រទេស​កម្ពុជា​មាន​គម្រោង​បង្ហោះ​ប្រព័ន្ធ​ផ្កាយរណប ដើម្បី​សម្រួល ដល់​ការគ្រប់គ្រង​ខាង​ផ្នែក​សន្តិសុខ​ជាតិ សណ្តាប់ធ្នាប់ និង​ការគ្រប់គ្រង​នូវ​សន្តិសុខ​តាម បណ្តោយ​ព្រំដែន​ជាមួយ​បណ្តា​ប្រទេសជិតខាង​។​នេះ​បើ​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​កម្ពុជា​។​

​បើ​តាម​ការបញ្ជាក់​រប​ស់លោក​ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​បានឲ្យដឹងថា នៅពេល​ដែល​ប្រទេស​កម្ពុជា​មាន​ប្រព័ន្ធ​ផ្កាយរណប​ផ្ទាល់ខ្លួន​នោះ  វា​នឹង​ជួយ​សម្រួល​ដល់​ការងារ​បាន​ច្រើន នៅក្នុង​វិស័យ​ការពារ​ប្រទេស​។​លោក​បន្តថា បច្ចុប្បន្ននេះ បើសិន​ត្រូវ​ការតាមដាន​សន្តិសុខ​សង្គម ឫ​ក៏​បញ្ហា​ព្រំដែន គឺ​តម្រូវ​ទិញ​ទិន្នន័យ​ផ្កាយរណប​ពី​បរទេស ដូច្នេះ​រាល់​ការសម្ងាត់​ខ្លះៗ​របស់​យើង គឺ​ពិបាក​ក្នុងការ​លាក់បាំង​ពី​ម្ចាស់​ប្រព័ន្ធ​ផ្កាយរណប​របស់គេ​ណាស់ ហើយ​ការជួល​នោះ ក៏​មាន​តម្លៃ​ខ្ពស់​ថែមទៀត​ផង​។​

​បើ​តាម​លោក អ៊ឹម វុត្ថា អ្នកនាំពាក្យ​នៃ​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​បាន​បញ្ជាក់ថា ទំហំ​វិនិយោគ​នៃ​ការបាញ់​បង្ហោះ​ផ្កាយរណប​ផ្ទាល់ខ្លួន​របស់​កម្ពុជា​នេះ អាច​មាន​ទឹកប្រាក់​ប្រមាណ​ជា​១៥០​លាន​ដុល្លារ​អាមេរិក ដែល​ជា​ការវិនិយោគ​រួម​គ្នា​រវាង​ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប និង រាជរដ្ឋាភិបាល​កម្ពុជា​៕

 

 

ព័ត៌មានផ្សេងទៀត