សាលាក្រុង​៖​រាល់​សំណង់​ដែល​សង់​លើ​ចិញ្ចើម​ផ្លូវ​នៃ​មហាវិថី​សហព័ន្ធរុស្ស៊ី​ត្រូវ​រុះរើ​ចេញ​ដើម្បី​កែលម្អ​ជាថ្មី​

10-02-2019 12:10 pm
  ស្តាប់
ស្តាប់ជាសំឡេង

​រដ្ឋបាល​រាជធានី​ភ្នំពេញ តាមរយៈ​សេចក្តីជូនដំណឹង​របស់​ខ្លួន ចុះ​ថ្ងៃ​ទី ៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩ បានឲ្យដឹងថា ដើម្បី​រៀបចំ​កែលម្អ​សោភ័ណភាព និង​សណ្តាប់ធ្នាប់​នៅលើ​ចិញ្ចើមផ្លូវ​សាធារណៈ​សងខាង​តាម​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី ចាប់ពី​មហាវិថី​ព្រះ​នរោត្តម ដល់​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ឲ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ​នោះ សាលាក្រុង​បាន​អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ ម្ចាស់​អាជីវកម្ម និង​គ្រប់​ស្ថាប័នរដ្ឋ​-​ឯកជន​ទាំងអស់​ដែល​បាន​សាងសង់​សំណង់​នៅតាម​បណ្តា​យ​មហាវិថី​ខាងលើនេះ ត្រូវ​រុះរើ​ចេញ ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ​។​

​នៅ​ក្នុង​សេចក្តីជូនដំណឹង​ដដែល ក៏​បានឲ្យ​ដឹង​បន្ថែមថា មូលហេតុ​ដែល​សាលាក្រុង​សម្រេចចិត្ត​អោយ​ប្រជាពលរដ្ឋ​និង​ម្ចាស់​អាជីវកម្ម​រុះរើ នូវ​សំណង់​របស់ខ្លួន​នេះ ដោយសារ​តែ​កន្លងមក​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​សង្កេតឃើញថា ចិញ្ចើមផ្លូវ​សាធារណៈ​ទាំងសងខាង តាម​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី ចាប់ពី​មហាវិថី​ព្រះ​នរោត្តម​ដល់​មុខ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ មាន​សភាព​ចាស់​ទ្រុឌទ្រោម ដោយសារ​តែ​បងប្អូន​ប្រជាពលរដ្ឋ និង​ម្ចាស់​អាជីវកម្ម​មួយចំនួន​បាន​ប្រើប្រាស់​ធ្វើ​ជា​ទីតាំង​លក់ដូរ ធ្វើ​ចរាចរណ៍​លើ​ការ៉ូឡា និង​មួយចំនួន​ទៀត​បាន​រៀបចំ​ក្រាល​ការ៉ូឡា ជា​លក្ខណៈ​ឯកជន និង​ជួសជុល​នៅពេល​ដែល​រង​ការខូចខាត​ម្តងៗ​ដោយ​ខ្លួនឯង មិន​ស្រប​តាម​បទដ្ឋាន​បច្ចេកទេស ដែល​ធ្វើឲ្យ​ចិញ្ចើម​ផ្លូវ​មាន​កម្រិត​កម្ពស់​មិន​ស្មើគ្នា បណ្តាល​ឲ្យ​បាត់បង់​សោភ័ណភាព ព្រមទាំង​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ​ផង​ដែរ​។​

​ទន្ទឹម​នឹង​នេះ​ផង​ដែរ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​បាន​ស្នើឲ្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌ​ពាក់ព័ន្ធ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ និង​មន្ទីរ អង្គភាព ជំនាញ​ដែល​ពាក់ព័ន្ធ​ទាំងអស់ ត្រូវតែ​សហការ​អនុវត្ត និង​សម្របសម្រួល​សណ្តាប់ធ្នាប់ ក្នុងការ​ធ្វើ​ចរាចរណ៍​លើ​កំណាត់​ផ្លូវ​ខាងលើនេះ​ផងដែរ​៕

ព័ត៌មានផ្សេងទៀត