តួ​ក​គី​ប្រតិកម្ម​នឹង​ចិន ក្រោយ​ជនជាតិ​អ៊ុយ​ហ្គួ​ម្នាក់​ស្លាប់​នៅ​ស៊ីន​ជាំ​ង​

10-02-2019 10:31 am
លោក​Abdurehim Heyit

​ក្រសួងការបរទេស​តួ​ក​គី បានចេញ​សេចក្តីថ្លែងការណ៍​ស្តីបន្ទោស​លើ​ចិន ក្រោយពី​ទទួលដំណឹង​ថា​អ្នកលេង​ឧបករណ៍​ភ្លេង​Dutar ជនជាតិ​អ៊ុយ​ហ្គួ ដើមកំណើត​តួ​ក​គី​ម្នាក់ បាន​ស្លាប់បាត់​បង់ជីវិត នៅ​តំបន់​ស៊ីន​ជាំ​ង​ប្រទេស​ចិន​។ តួ​ក​គី​បាន​និយាយ​ចំៗ​ថា វា​លែង​ជា​ការសម្ងាត់​តទៅ​ទៀតហើយ ដែលថា​ជនជាតិ​អ៊ុយ​ហ្គួ ជាង​១​លាន​នាក់ ត្រូវបាន​ចាប់ខ្លួន​ដោយ​បំពាន និង​រង​នូវ​ការធ្វើ​ទារុណកម្ម​យ៉ាង​ព្រៃផ្សៃ ហើយ​អ្នក​ដែល​មិន​ត្រូវបាន​ចាប់ឃុំខ្លួន​វិញ រស់នៅ​ស្ថិតនៅក្រោម​សម្ពាធ​យ៉ាងធ្ងន់ធ្ងរ​។ 

​នៅក្នុង​សេចក្តីថ្លែងការណ៍​ដដែល​ឲ្យដឹងទៀតថា ព័ត៌មាន​ពី​ការស្លាប់​របស់លោក​Abdurehim Heyit បានបង្ហាញ​កាន់តែច្បាស់​ពី​ការរំលោភបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​ស៊ីន​ជាំ​ង​។ តួ​ក​គី​បាន​អំពាវនាវ​ឲ្យ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres ចាត់វិធានការ ដើម្បី​បញ្ចប់​សោកនាដកម្ម​មនុស្ស​នៅ​ទីនោះ​។​

គួរ​ជម្រាបជូន​ថា លោក​Abdurehim Heyit ជា​អ្នកលេង​ឧបករណ៍​ភ្លេង​Dutar​យ៉ាង​ស្ទាត់ជំនាញ​មួយរូប ក្រោយពី​បានទទួល​ការបណ្តុះបណ្តាល​ផ្នែក​តន្ត្រី​នៅ​ទីក្រុង​ប៉េកាំង​។ តាម​ការដឹង​មក​ថា លោក​ត្រូវបាន​ចាប់ឃុំខ្លួន ដោយសារតែ​ការសម្តែង​បទ​ចម្រៀង​មួយ​បទ មាន​ទំនុកច្រៀង​ប្រឆាំងនឹង​ចិន​។

សូមបញ្ជាក់ថា អ៊ុយ​ហ្គួ ជា​ជនជាតិភាគតិច កាន់សាសនា​អ៊ីស្លាម រស់នៅ​យ៉ាងច្រើន ក្នុង​តំបន់​ស៊ីន​ជាំ​ង​ស្ថិតនៅ​ភាគ​ខាងជើង​ឆៀង​ខាងលិច​នៃ​ប្រទេស​ចិន​។ ពួកគេ​រស់នៅ​ដោយ​ស្ថិតនៅក្រោម​ការឃ្លាំមើល​យ៉ាង​យកចិត្តទុកដាក់​ពី​សំណាក់​អាជ្ញាធរ​ចិន​។ ឃ្លាំង​មើល ព្រោះ​ចិន​បារម្ភ​ខ្លាច​មាន​ការបង្ក​ភាពចលាចល​នៅក្នុង​តំបន់​នេះ​៕​

ព័ត៌មានផ្សេងទៀត