មេ​បក្ស​ប្រឆាំង​វេណេហ្ស៊ូអេឡា​​​ប្ដេជ្ញា​មិនឲ្យ​​អាមេរិក​​​មក​ជួយ​ទម្លាក់​​ប្រធានាធិបតី​​ឡើយ​

09-02-2019 1:50 pm
មេ​បក្ស​ប្រឆាំង​វេ​ណេ​ហ្ស៊ូ​អេ​ឡា​លោក​ជូ​អាន ហ្គៃ​ដូ

មេ​បក្ស​ប្រឆាំង​វេ​ណេ​ហ្ស៊ូ​អេ​ឡា​លោក​ជូ​អាន ហ្គៃ​ដូ បានប្រកាស​ថ្មីៗ​នេះ​ថា លោក​នឹង​មិន​អនុញ្ញាត​ឲ្យ​អាមេរិក​ចូលមក​អន្ដរាគមន៍ បង្ខំ​ឲ្យ​លោក​ប្រធានាធិបតី​ម៉ា​ឌូ​រ៉ូ​ចុះចេញ​ពី​តំណែង​ឡើយ​។ លោក​ក៏​បាន​ប្រកាស​នឹង​ស្វែងរក​ដំណោះស្រាយ កាត់បន្ថយ​វិបត្ដិ​មនុស្សធម៌​។ ថ្លែង​ប្រាប់​សារព័ត៌មាន​AFP បុរស​វ័យ​៣៥​ឆ្នាំ​ដែល​បាន​ប្រកាស​តែងតាំង​ខ្លួនឯង​ជា​ប្រធានាធិបតី​បណ្ដោះអាសន្ន​វេ​ណេ​ហ្ស៊ូ​អេ​ឡា​រូបនេះ អះអាងថា​លោក​នឹង​ធ្វើ​គ្រប់យ៉ាង​ដែល​ចាំបាច់​បំផុត ដើម្បី​ជួយសង្គ្រោះ​ជីវិត​មនុស្ស​។ លោក​ទទួលស្គាល់ថា​ការអន្ដរាគមន៍​របស់​អាមេរិក គឺជា​ប្រធានបទ​ដ៏​ចម្រូងចម្រាស​មួយ​។​

​លោក​ហ្គៃ​ដូ​បន្ថែម​ថា លោក​នឹង​ធ្វើ​គ្រប់យ៉ាង​ដើម្បី​គ្រប់គ្រង​ស្ថិរភាព​យ៉ាប់យ៉ឺន ឈាន​ទៅ​ដោះស្រាយ​បញ្ហា​ក្នុង​ភាពអាសន្ន​។ លោក​ព្យាយាម​នាំ​យក​ចំណី​អាហារ​និង​ថ្នាំពេទ្យ​ពី​អាមេរិក ប៉ុន្ដែ​រថយន្ដ​ដឹក​ជំនួយ​ត្រូវ​ជាប់គាំង​ត្រឹម​ព្រំដែន​ប្រទេស​កូឡុំប៊ី ដោយសារ​រដ្ឋាភិបាល​លោក​ម៉ា​ឌូ​រ៉ូបិទ​ស្ពាន​មិនឲ្យ​ឆ្លងកាត់​ចូល​។ លោក​ថា​ប្រសិនបើ​នៅ​តែ​បែប​នេះ​ទៀត មនុស្ស​ប្រមាណ​៣​សែន​នាក់​អាច​នឹង​បាត់បង់​ជីវិត​។ តែ​យ៉ាងណាមិញ​លោក​ប្ដេជ្ញា នឹង​ព្យាយាម​ដោះស្រាយ​បញ្ហា​កំពុង​ប្រឈម​។​

​គួរបញ្ជាក់​ថា បច្ចុប្បន្នវេណេ​ហ្ស៊ូ​អេ​ឡា​កំពុង​ប្រឈម​វិបត្ដិ​នយោបាយ​ធ្ងន់ធ្ងរ​។ ខាង​រដ្ឋាភិបាល​មាន​មហាអំណាច​ចិន រុស្ស៊ី និង​បណ្ដា​ប្រទេស​មួយចំនួន​ទៀត​គាំទ្រ​។ រីឯ​ខាង​ប្រឆាំង​មាន​អាមេរិក​និង​បណ្ដា​ប្រទេស​ប្រមាណ​៤០​គាំទ្រ​។ ម្ខាងៗ​សុទ្ធ​តែ​ចង់​ឈ្នះ​រៀងៗ​ខ្លួន​ដើម្បី​បាន​អំណាច​ក្នុង​ដៃ ក្រោម​ហេតុផល​ស្ដារ​ប្រទេស​ឡើងវិញ​ពី​វិបត្ដិ​សេដ្ឋកិច្ច​។ តែ​លទ្ធភាព​នៃ​ការរក​ដំណោះស្រាយ​ហាក់​នៅ​ជាប់គាំង ស្រប​ពេល​ប្រជាជន​កំពុង​ជួប​បញ្ហា​ស្បៀងអាហារ​និង​សុខភាព​ធ្ងន់ធ្ងរ​៕

ព័ត៌មានផ្សេងទៀត