កិច្ចជំនួបដែលអន្ដរជាតិកំពុងតាមដានយ៉ាងយកចិត្ដទុកដាក់ គឺជំនួបលើកទីពីររវាងប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ជាមួយមេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន នឹងធ្វើឡើងនៅថ្ងៃទី២៧និង២៨ខែកុម្ភៈនេះហើយ។ កន្លងមកលោកដូណាល់ ត្រាំបានប្រកាសពីប្រទេស ដែលជ្រើសសម្រាប់ធ្វើជាម្ចាស់ផ្ទះកិច្ចជំនួប គឺប្រទេសវៀតណាម។ ប៉ុន្ដែមិនបានបញ្ជាក់ថានៅទីកន្លែងណាមួយនៃប្រទេសវៀតណាមទេ។
ទើបតែកាលពីថ្ងៃសុក្រលោកដូណាល់ ត្រាំ បានសរសេរបញ្ជាក់នៅលើប្រព័ន្ធធ្វីតទ័ររបស់លោកថា ទីក្រុងហាណូយគឺជាកន្លែងដែលលោកត្រូវជួបលោកគីម។ លោកបន្ថែមថា ពិតជាទន្ទឹងរង់ចាំកិច្ចជំនួបលើកទីពីរនេះ ដើម្បីជាផលប្រយោជន៍នៃបុព្វហេតុសន្ដិភាព។ លោកសង្កត់ធ្ងន់ថា មន្ដ្រីរបស់លោកបានជួបជាមួយមន្ដ្រីកូរ៉េខាងជើង ដែលការពិភាក្សាគ្នាសម្រេចបានលទ្ធផលជាច្រើន ក្នុងនោះមានការកំណត់កាលបរិច្ឆេទសម្រាប់រៀបចំកិច្ចជំនួបរបស់លោកនិងលោកគីមផងដែរ៕