មហោរី កើតចេញ​ពី​ពាក្យ មនោ​ហា​រាមនោ​ហារី ជា​វង់ភ្លេង​អ្នកប្រាជ្ញ​

08-02-2019 5:22 pm 2852
  ស្តាប់
ស្តាប់ជាសំឡេង

​ប្រភព​ពាក្យ​ដែល​ហៅថា មហោរី គឺ​កើត​ចេញពី​ពាក្យ​សំស្ក្រឹត ហៅថា មនោ​ហា​រា មនោ​ហារី ។ វង់ភ្លេង​នេះ កើតចេញ​ពី​វង់ភ្លេង​ការ​មួយ​ចំនួន​ធំ និង​មួយចំនួនទៀត ចេញពី​ភ្លេងពិណពាទ្យ​បញ្ចូល​គ្នា ។ សៀវភៅ ស្វែង​យល់​ជុំវិញ​សិល្បៈ តន្ត្រី​ខ្មែរ របស់​លោក​សាស្ត្រាចារ្យ ម៉ៅ ភឿន បោះពុម្ព​ឆ្នាំ​២០០១ បានបញ្ជាក់​ថា វង់ភ្លេង​មហោរី ជា​វង់ភ្លេង​មាន​ក្បួនខ្នាត ច្បាស់លាស់ ទាំង​ចង្វាក់ សំនៀង ពាក្យពេចន៍​ច្រៀង លន្លង់លន្លោច គួរ​ឱ្យ​ចង់​ស្តាប់ ។ វង់ភ្លេង​មហោរី មាន​ប្រភព​កើតចេញពី​ព្រះបរមរាជវាំង ដែល​មាន​សុទ្ធតែជា​អ្នកប្រាជ្ញ​បង្កើតឡើង ។ ឯ​វង់ភ្លេង​មួយទៀត គឺ​វង់ភ្លេង​មហោរី​ច្នៃ ដែល​គេ​ប្រើ​ឧបករណ៍​សំឡេង​ស្រាល បញ្ចូល​គ្នា​រវាង​ឧបករណ៍​តន្ត្រីបុរាណ ជាមួយនឹង​ឧបករណ៍​តន្ត្រី​សាកល​ផង...

​វង់ភ្លេង​មហោរី ត្រូវបាន​សន្មត់​ថា ជា​វង់ភ្លេង​គ្រឿង​ខ្មែរ តែ​មាន​លាយឡំ​ជាមួយ​ឧបករណ៍​គោះ ដំ មួយចំនួន​តូច ។ បើ​ពិនិត្យ​ជាក់ស្តែង ឧបករណ៍​ក្នុង​វង់​តន្ត្រី​នេះ​មួយចំនួនធំ ចេញពី​វង់ភ្លេង​ការ មួយចំនួន​ទៀត​ចេញ​ពី​វង់​ភ្លេងពិណពាទ្យ​បញ្ចូល​គ្នា ។ 

​ប្រភព​នៃ​ពាក្យ​ដែល​ហៅថា មហោរី គឺ​ចេញ​មកពី​ពាក្យ​សំ​ស្រឹ្កត ។ សំស្ក្រឹត ហៅថា មនោ​ហា​រាមនោ​ហារី ជា​វង់ភ្លេង​មួយ​ដែល​មាន​ឧបករណ៍​ច្រើន​មុខ ប្រគំ​ដោយ​បុរស​និង​នារី មាន​រូបចម្លាក់​នៅតាម​ថែវ​អង្គរ អ្នក​ប្រគំ​ភ្លេង មនោ​ហា​រា មនោ​ហារី នេះ នៅពេល​ប្រគំ មាន​រហូត​ដល់​គេ​បាំង​ក្លោះ​ឱ្យ​ផង​ក៏មាន ។ ជាក់ស្តែង​នៃ​ការស្រាវជ្រាវ​នូវ​ពាក្យ​សំស្ក្រឹត​មនោ​ហា​រាមនោ​ហារី មាន​សិលាចារឹក​នៅ​ប្រាសាទប្រែរូប សតវត្ស​ទី​៩ និង​នៅលើ​ផ្ទាំង​សិលាចារឹក​មួយ​ទៀត នា​សតវត្ស​ទី​១០ ដែល​លោក ហ្ស៊​ក សេ​ដែស ជនជាតិ​បារាំង​បាន​សិក្សា​ស្រាវជ្រាវ​រក​ឃើញ​ពាក្យ មនោ​ហា​រាមនោ​ហារី នេះ បាន​ក្លាយទៅជា​មហោរី មកដល់​សព្វថ្ងៃ​តែ​ម្តង ។ វង់​តន្ត្រី​មហោរី​នេះ ចំនេរ​ក្រោយមក មាន​ការរីកចម្រើន​កាន់តែ​ល្បី​សុះសាយ​ឡើង អ្នក​ប្រគំ​វង់ភ្លេង​នេះ មាន​សុទ្ធតែ​នារីៗ​ផង ។​

​លក្ខណៈពិសេស នៃ​ភ្លេង​មហោរី គឺជា​វង់ភ្លេង​មួយ ដែល​មាន​ក្បួនខ្នាត ជាក់លាក់ ច្បាស់លាស់ ទាំង​សាច់​បទ ទាំង​ចង្វាក់ ទាំង​សំនៀង ទាំង​ពាក្យពេចន៍​នៃ​ចម្រៀង ប្រកប​ដោយ​កំណាព្យ​កាព្យ​ជួន​រស់​រវើក​យ៉ាង​ប្រណិត ។ សំឡេង និង​សំនៀង​ស្រទន់​រំភើប លន្លង់លន្លោច អណ្តែង​គ្រលួច មូល​ក្រអួន ។ ស្តាប់ទៅ ច្រើន​លើក​ពី​អ្វីៗ​ពិត​នៅ​ក្នុង​ខ្លួន​មនុស្ស អ្វី​ដែល​មើលឃើញ​ច្បាស់​នឹង​ភ្នែក មាន​ការប្រៀបធៀប​ទៅ​នឹង​ឧបមាណ​វិធី មានការ​សរសើរ​ពី​ធម្មជាតិ ពី​មេឃ ផ្កាយ ព្រះ​ចន្ទ បារមី ពី​ព្រះទ័យ​សន្តោស​នៃ​ព្រះមហាក្សត្រ ពី​មន្ត្រី ពី​សម្រស់​នារី ពី​ខ្យល់​បក់ ព្រៃព្រឹក្សា ពី​មច្ឆា​ជាតិ ពី​រលក​ពពក​រសាត់​។​ល​។ ដែល​អាច​ទាញ​នូវ​មនោសញ្ចេតនារ​ម្មណ៍​ឱ្យ​អណ្តែតអណ្តូង ស្រមើ​ស្រ​ម៉ៃ ក្នុង​ក្តី​សង្ឃឹម ឱ្យមក​បម្រើ​នូវ​ជីវិត​ពិត ឱ្យ​សុខ​ផ្លូវកាយ​ផ្លូវចិត្ត ឬ​អាច​បែរ​ឆ្ពោះទៅរក​ភាព​ត្រេកត្រអាល និង​កាមគុណ​ផង ។​

​ក៏​ព្រោះ​ដោយសារតែ អ្នក​ប្រគំ ឬ​សម្តែង​ក្នុង​វង់ភ្លេង​នេះ សុទ្ធតែ​មាន​សមត្ថភាព​កម្រិត​ខ្ពស់ ឯ​អ្នក​និយម​ចូលចិត្ត​ស្តាប់​វិញ ក៏​សុទ្ធតែ​មាន​ការចេះដឹង​ជ្រៅជ្រះ ។ តន្ត្រី​មហោរី​នេះ មិន​ទាមទារ​តែ​ទៅលើ​ភ្នែក ឬ​ត្រចៀក​ប៉ុណ្ណោះ​ទេ គឺ​ទាមទារ​ទៅលើ​ខួរក្បាល​ពោរពេញ​ទៅដោយ​ចំណេះ​គ្រប់បែបយ៉ាង ។​

​អ្វី​ដែល​យើង​អាចនិយាយបាន ពេល​ណា​គេ​កំពុង​ស្តាប់ ឬ​ក្រោយ​ពី​ពេល​ស្តាប់ភ្លេង​នេះ នឹង​ធ្វើឱ្យ​អារម្មណ៍​របស់​គេ​នឹក​មមៃ បន្ត​មិនចេះចប់ ពីរោះ ប្រាកដ​ជា​ពីរោះ ពីរោះ​នូវ​សោភ័ណ​របស់​បទ​នីមួយៗ បង្ហាញ​ជាក់ស្តែង​ច្បាស់​ពី​លក្ខណៈ​បច្ចេកទេស នៃ​ឧបករណ៍​នី​មួយៗ ដែល​កំពុង​ប្រគំ​មាន​ពាក់ព័ន្ធ​រវាងផ្លូវ​ឧបករណ៍ និង​ទេពកោសល្យ ទឹកដៃ​បញ្ជា​ឧបករណ៍ ។ 

​ឧបករណ៍​ខ្លះ​ជា​អ្នក​ហៅ ឧបករណ៍​ខ្លះ​ជា​អ្នកឆ្លើយ​ខ័ឌ្គ​ឃ្លា​វែង​ម្នាក់​ម្តង ខ័ឌ្គ​ឃ្លា​ខ្លី​ម្នាក់​ម្តង ខ័ឌ្គ​ផ្លាស់ប្តូរ ខ័ឌ្គ​ប្រដេញ ខ័ឌ្គ​ជាន់​ដាន​បន្លឺ​ឧបករណ៍​នី​មួយៗ ឬ​ដៀវ ប្រើ​សុទ្ធតែ​ទេពកោសល្យ​ដ៏​ប៉ិនប្រសព្វ​របស់​តន្ត្រីករ​ម្នាក់ៗ ធ្វើឱ្យ​បទ​នីមួយៗ មាន​គុណធម៌ និង​ខ្លឹមសារ​ល្អ​ប្រពៃ ។ ចំណោម​អ្នក​ស្តាប់​ទាំងឡាយ តែង​មាន​ស្មារតី​ត្រិះរិះ​ពិចារណា នឹកឃើញ​ទៅដល់​បុព្វបុរស​របស់ខ្លួន ដែល​ស្ថាបនា​នូវ​មហា​សមិទ្ធិ​ជា​អច្ឆរិយវត្ថុ​ដ៏​មាន​តម្លៃ​ទុក​ជា​គ្រឹះ និង​ជា​ក្បួនខ្នាត​ឱ្យ​កូនចៅ​ជំនាន់​ក្រោយ ព្រមទាំង​បាន​បង្ហាញ​ពី​និស្ស័យ​របស់​ខ្មែរ​ជំនាន់​នោះ ដែល​ធ្លាប់​មាន​វប្បធម៌ និង​អរិយធម៌​ខ្ពង់ខ្ពស់ ធ្លាប់​មាន​ទំនាក់ទំនង​ផ្នែក​វប្បធម៌​ជាមួយនឹង​បណ្តា​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍ ដូច​មាន​ចារ​នៅក្នុង​ឈ្មោះ​បទ​ភ្លេង​មួយចំនួន​ជាអាទ៍ ដូច​បទ អំបូរ​មន អំបូរ​ជ្វា អំបូរ​ចិន អំបូរ​ក្លឹង្គ អំបូរ​ភូមា អំបូរ​លាវ ។​ល​។ ក្រៅពីនេះ មាន​ទំនាក់ទំនង​នៅ​ក្រៅ​ប្រទេស​ឆ្ងាយ​ទៀត ដូចជា ប្រទេស​បារាំង និង​ជប៉ុន ជាដើម ។​

​វង់​តន្ត្រី​មហោរី​មាន​ភារកិច្ច​ចំនួន​ពីរ​ធំៗ គឺ ទី​១. សម្រាប់​ប្រគំ​បម្រើ​ក្នុង​វង់​ល្ខោន​មហោរី និង​ទី​២. សម្រាប់​ប្រគំ​អបអរសាទរ គោរព​ក្នុង​ព្រះរាជ​ពិធី​បួងសួង ពិធី​ចុះ​ផែ អកអំបុក​សំពះ​ព្រះ​ខែ ឬ​ពិធីជប់លៀង​ទទួលភ្ញៀវ​រដ្ឋ និង​សម្រាប់​ប្រគំ​កំដរ​ក្នុង​វង់ភ្លេង​គែន​ផង ។ 

​ឧបករណ៍​តន្ត្រី​មហោរី មានដូចជា រនាត​ឯក រនាត​ធុង រនាត​ថោង​ធុង ទ្រ​សោ ទ្រ​ឆេ ទ្រ​អ៊ូ ទ្រអ៊ូ​ធំ ក្រពើ​ឯក ក្រ​ពើគ ខ្លុយ​តូច ខ្លុយ​ធំ ថូនរ​មនា ឈឹង និង​អ្នកចម្រៀង​មួយចំនួនទៀត ។​

​បើ​ស្រប​តាម​ការពិនិត្យ ជាទូទៅ វង់​តន្ត្រី​នេះ ជា​វង់ភ្លេង​អ្នកប្រាជ្ញ មាន​ប្រភព​កើតឡើង​ពី​ក្នុង​ព្រះបរមរាជវាំង អ្នកប្រាជ្ញ​ជុំវិញ​ស្តេច ជា​អ្នក​រួមចំណែក​បង្កើត​ឡើង ។ នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា វង់ភ្លេង​នេះ មិនសូវ​សំបូរ​ទេ ។ មាន​ច្រើន នៅក្នុង​រាជធានី ទី​រួម​ខេត្ត ស្រុក ឃុំ មាន​មួយៗ ប៉ុន្តែ​ទឹកដៃ​សម្តែង​នៅ​មាន​កម្រិត​នៅឡើយ ដោយឡែក មាននៅ​តាម​ដំណាក់​ព្រះអង្គម្ចាស់ ផ្ទះ​មន្ត្រី​ធំៗ មាន​មេទ័ព​ជាដើម ។ ឯ​ប្រជារាស្ត្រ​មាន​តិច​បំផុត ។ 

​ក្រៅពី​វង់ភ្លេង​មហោរី យើង​ក៏​សូម​លើក​បង្ហាញ​ពី​វង់ភ្លេង​មហោរី​ច្នៃ ។ វង់ភ្លេង​នេះ គេ​ប្រើ​ឧបករណ៍​សំឡេង​ស្រាល ក្នុងនោះ មាន​ឧបករណ៍​តន្ត្រីបុរាណ​មួយចំនួន​បញ្ចូល​ជាមួយ​នឹង​ឧបករណ៍​តន្ត្រី​សាកល​ផង ។

ឧបករណ៍​តន្ត្រីបុរាណ​មាន ទ្រ​អ៊ូ ខ្លុយ​តូច ខ្លុយ​ធំ ស្គរ​ថូនរ​មនា និង​ឈឹង ។ ផ្នែក​ឧបករណ៍​សាកល​មាន វី​យ៉ូ​ឡុង ហ្គី​តា​អាកូស្ទីក បង់​ហ្ស៊ោ បង់​ហ្ស៊ោ​អាល់​តូ អា​ម៉ូ​នី​ញ៉ូម​តូច អា​ម៉ូ​នី​ញ៉ូម​ធំ អុង​ទីវ និង​អ្នក​ច្រៀង ។

ឧបករណ៍​ទាំងពីរ​ផ្នែក​បញ្ចូល​គ្នា​នេះ គេ​សន្មត់​ឱ្យឈ្មោះ​ថា វង់ភ្លេង​មហា​រី​ច្នៃ គឺ​ច្នៃ​ឧបករណ៍​បញ្ចូល​គ្នា​តែប៉ុណ្ណោះ ឯ​បទ​ភ្លេង និង​ចម្រៀង​នៅ​ដដែល វង់ភ្លេង​មហោរី​ច្នៃ មានកំណើត​ចេញពី​បរម​រាជវាំង ដូច​វង់ភ្លេង​មហោរី​សុទ្ធ​ដែរ ព្រោះ​សមាសភាព​តន្ត្រីករ ក៏​ជា​អ្នក​មាន​សមត្ថភាព និង​ទេពកោសល្យ​ខ្ពស់ ។​

​សូរ​សំនៀង​ទឹក​ដម នៃ​បទ​ភ្លេង​នីមួយៗ កាលណា​គេ​ប្រគំ​ឡើង សូរ​សំឡេង​បែប​ទន់ភ្លន់ ពីរោះ ផ្អែម​ល្ហែម ប្រៀប​បាន​នឹង​នារី​ភេទ​ម្នាក់ ដែល​មាន​រូបរាង​ស្រស់ប្រិមប្រិយ គ្រប់​លក្ខណ៍ គួរ​ចាប់ចិត្ត​ចេតនា និង​គួរឱ្យ​ចង់​ស្តាប់​នូវ​សំនៀង​នោះ​ផង ។​

​ភារកិច្ច​នៃ​វង់​មហា​រី​ច្នៃ​នេះ សម្រាប់​ប្រគំ​កំដរ ក្នុង​ពិធីបុណ្យ​ជាតិ​ផ្សេងៗ ឬ​ប្រគំ​កំដរ​បរិយាកាស​ក្នុង​ពិធីជប់លៀង  ដោយឡែក​សម្រាប់​បម្រើ​ក្នុង​វង់​ល្ខោន​ប្រាមោទ្យ​តែម្តង ក្រៅពីនេះ សម្រាប់​ប្រគំ លេង​កម្សាន្ត​នៅ​ពេល​ណា​ក៏បាន ៕

ព័ត៌មានផ្សេងទៀត