វេ​ណេ​ហ្ស៊ូ​អេ​ឡា​​បិទ​ស្ពាន​​មិនឲ្យ​​រថយន្ដ​ជំនួយ​​អាមេរិ​កចូល​ប្រទេស​

08-02-2019 2:50 pm 2029
រូបភាពស្ពានដែលត្រូវកងទ័ពវេណេហ្ស៊ូអេឡាដាក់របាំងរារាំង

​រថយន្ដ​ដឹក​ជំនួយ​មនុស្សធម៌​របស់​អាមេរិក ដែល​ក្នុងនោះ​មាន​ស្បៀងអាហារ​និង​ថ្នាំពេទ្យ​ជាដើម ធ្វើដំណើរ​ឆ្ពោះទៅកាន់​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា បាន​ជាប់គាំង​ទៅមុខ​លែងរួច​ត្រឹម​ព្រំដែន​ប្រទេស​កូឡុំប៊ី ដោយសារតែ​កងទ័ព​វេ​ណេ​ហ្ស៊ូ​អេ​ឡា​បិទ​ស្ពាន​មិនឲ្យ​ឆ្លងកាត់​ចូល​។ រថយន្ដ​ជាច្រើន​គ្រឿង​ត្រូវ​ចត​នៅក្បែរ​ស្ពាន​Tiendita ជា​ស្ពាន​ត្រូវ​កងទ័ព​វេ​ណេ​ហ្ស៊ូ​អេ​ឡា​បិទ​នោះឯង​។ ប្រធានាធិបតី​នី​កូឡាស ម៉ា​ឌូ​រ៉ូ​បាន​ប្រកាស​មិនឲ្យ​រថយន្ដ​ជំនួយ​ទាំងនោះ​ចូល​ក្នុងប្រទេស​ឡើយ​។ ស្របពេល​ជាមួយគ្នា មេបក្ស​ប្រឆាំង​ដែល​ប្រកាស​តែងតាំង​ខ្លួនឯង​ជា​ប្រធានាធិបតី​បណ្ដោះអាសន្ន លោក​ជូ​អាន ហ្គៃ​ដូ បាន​ព្រមាន​ថា​ប្រជាជន​វេ​ណេ​ហ្ស៊ូ​អេ​ឡា​មួយចំនួន​នឹង​ដាច់ពោះ​ស្លាប់ ដោយសារតែ​គ្មាន​ជំនួយ​មនុស្សធម៌​ពី​អន្ដរជាតិ​។​

សូមបញ្ជាក់ថា ពេលនេះ​វេ​ណេ​ហ្ស៊ូ​អេ​ឡា​កំពុង​ជួប​វិបត្ដិនយោបាយ​យ៉ាងធ្ងន់ធ្ងរ ខណៈ​ប្រធានាធិបតី​បច្ចុប្បន្ន​រង​សម្ពាធ​ឲ្យ​ចុះ​ចេញពី​តំណែង​។ រីឯ​មេ​បក្សប្រឆាំង​វិញ​ប្រកាស​ចង់បាន​តំណែង​ប្រធានាធិបតី ក្រោម​ការគាំទ្រ​ពី​សហរដ្ឋអាមេរិក និង​បណ្ដា​ប្រទេស​លោកខាងលិច​មួយចំនួន​ទៀត​។ លោក​ម៉ា​ឌូ​រ៉ូ​ប្រធានាធិបតី​វេ​ណេ​ហ្ស៊ូ​អេ​ឡា ក៏មាន​ចិន​និង​រុស្ស៊ី​នៅ​ពីក្រោយ​ផងដែរ​៕

ព័ត៌មានផ្សេងទៀត