លោក​ដូណាល់ ត្រាំ​៖​​ការបញ្ជូន​ទ័ព​​ទៅ​វេ​ណេ​ហ្ស៊ូ​​អេ​ឡា​ជា​​ជម្រើស​មួយ​

04-02-2019 9:20 am 3586
  ស្តាប់
ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ
ស្តាប់ជាសំឡេង

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​និយាយថា ការបញ្ជូន​ទ័ព​ទៅកាន់​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​គឺជា​ជម្រើស​មួយ​។ ក្នុងពេល​ផ្ដល់​បទសម្ភាសន៍​ដល់​បណ្ដាញ​សារព័ត៌មាន​CBS ចាក់ផ្សាយ​កាលពី​ថ្ងៃអាទិត្យ លោក​ត្រាំ​ថា​បាន​បដិសេធ​សំណើសុំ​ជួប​របស់​ប្រធានាធិបតី​នី​កូឡាស ម៉ា​ឌូ​រ៉ូ កាលពី​ប៉ុន្មាន​ខែ​មុន ហើយ​លោក​ក៏​គ្មាន​បំណង​ចង់​ជួប​លោក​ម៉ា​ឌូ​រ៉ូ​ដែរ​។ កន្លងមក​រដ្ឋបាលរ​បស់​លោក​ដូណាល់ ត្រាំ ធ្លាប់​ប្រកាស​នឹងមិន​អន្ដរាគមន៍​យោធា ដើម្បី​បណ្ដេញ​លោក​ម៉ា​ឌូ​រ៉ូ​ចេញពី​តំណែង​ឡើយ ប៉ុន្ដែ​ពេលនេះ​លោក​ត្រាំ​ចាត់ទុក​ការប្រើ​កងទ័ព​ជា​ជម្រើស​មួយ​។​

​ស្ថិតក្នុង​កាលៈទេសៈ​បច្ចុប្បន្ន ភាព​តានតឹង​នឹង​ផ្ទុះឡើង​កាន់តែខ្លាំង រវាង​សហរដ្ឋអាមេរិក​ជាមួយ​ចិន​និង​រុស្ស៊ី បើ​អាមេរិក​សម្រេច​បញ្ជូន​ទ័ព​ទៅ​វេ​ណេ​ហ្ស៊ូ​អេ​ឡា​មែន​។ អាមេរិក​គាំទ្រ​ក្រុមប្រឆាំង​ដឹកនាំ​ដោយ​លោក​ជូ​អាន ហ្គៃ​ដូ រីឯ​រុស្ស៊ី​និង​ចិន​គាំទ្រ​លោក​នី​កូឡាស ម៉ា​ឌូ​រ៉ូ​។ វិបត្ដិ​នៅវេ​ណេ​ហ្ស៊ូ​អេឡារីក​រាលដា​លកាន់​តែ​ខ្លាំង រហូត​មាន​សហគមន៍​អន្ដរជាតិ​ចូលមក​ពាក់ព័ន្ធ ប៉ុន្ដែ​លោក​ម៉ា​ឌូ​រ៉ូ​នៅតែ​ជា​ប្រធានាធិបតី​ដដែល ទោះ​រង​សម្ពាធ​ឲ្យ​ចុះ​ចេញពី​តំណែង​។ 

​លោក​ម៉ា​ឌូ​រ៉ូ​បាន​ស្បថ​ចូល​កាន់តំណែង​ជាថ្មី​កាលពី​ឆ្នាំមុន ក្រោយ​ការបោះឆ្នោត​អ​វត្ដ​មាន​បក្សប្រឆាំង​។ បក្សប្រឆាំង​មិន​ទទួលស្គាល់​រដ្ឋាភិបាល​បច្ចុប្បន្ន​ដឹកនាំ​ដោយ​លោកម៉ា​ឌូ​រ៉ូ​ឡើយ ហើយ​លោក​ហ្គៃ​ដូ​មេ​បក្សប្រឆាំង​បានប្រកាស​តែងតាំង​ខ្លួនឯង ជា​ប្រធានាធិបតី​បណ្ដោះអាសន្ន​កាលពី​ខែ​មុន ដោយ​សន្យា​នឹង​រៀបចំ​ការបោះឆ្នោត​សារជាថ្មី​។ សម្រាប់​លោក​ម៉ា​ឌូ​រ៉ូ លោក​នៅតែ​ប្រកាន់​គោលជំហរ​បើកទ្វារ​ចរចា​ជាមួយ​បក្សប្រឆាំង​ជានិច្ច ហើយ​ស្នើសុំ​កុំឲ្យ​អាមេរិក​លូកដៃ​ក្នុង​កិច្ចការ​ផ្ទៃក្នុង​វេ​ណេ​ហ្ស៊ូ​អេ​ឡា​។​

​លោក​ម៉ា​ឌូ​រ៉ូ​បាន​និយាយ​ប៉ុន្មាន​ថ្ងៃមុន លោក​មិន​ចង់ឲ្យ​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ត្រូវ​រងគ្រោះ ហើយ​ក្លាយជា​ប្រទេស​វៀតណាម​ទី​ពីរ ដោយសារតែ​អាមេរិក​ចូលមក​អន្ដរាគមន៍​ទេ​។ ដូច្នេះ​លោក​ទទូច​សុំឲ្យ​ប្រជាជន​អាមេរិក​ត្រូវ​រារាំង​លោក​ត្រាំ ព្រោះ​ពួកគេ​មានអំណាច​ជាង​លោក​ត្រាំ​។ ចិន​ជាមួយ​រុស្ស៊ី​ជា​អ្នកគាំទ្រ​រដ្ឋាភិបាល​លោក​ម៉ា​ឌូ​រ៉ូ ក៏​សុំ​កុំឲ្យ​អាមេរិក​ចូល​ជ្រែតជ្រែក​កិច្ចការ​ផ្ទៃក្នុ​ង​វេ​ណេ​ហ្ស៊ូ​អេ​ឡា ព្រោះ​ជា​រឿង​ខុសច្បាប់​អន្ដរជាតិ​៕

ព័ត៌មានផ្សេងទៀត