អ៊ីរ៉ង់​បង្ហាញ​សមត្ថភាព​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​

03-02-2019 4:38 pm
  ស្តាប់
ស្តាប់ជាសំឡេង

​ទូរទស្សន៍​រដ្ឋ​អ៊ីរ៉ង់​រាយការណ៍​ថា ប្រទេស​អ៊ីរ៉ង់​បានបង្ហាញ​កាំជ្រួច​មី​ស៊ី​ល​ថ្មី​មួយ ដែលមាន​សមត្ថភាព​ហោះ​បាន​ចម្ងាយ​១,៣០០​គីឡួម៉ែត្រ ក្នុងអំឡុងពេល​ប្រារព្ធ​ខួប​នៃ​បដិវត្តន៍​ឥស្លាម កាលពី​ថ្ងៃ​សៅរ៍​។ អ៊ីរ៉ង់​បានប្រកាស​ពី​ភាពជោគជ័យ នៅក្នុង​ការ​ធ្វើតេស្ត​នេះ​ផងដែរ ដោយ​នៅក្នុង​ការបាញ់​សាកល្បង​នោះ មី​ស៊ី​ល Hoveizeh អាច​ហោះ​បាន​ចម្ងាយ​១,២០០​គីឡូម៉ត្រ​។​

​ការ​ធ្វើតេស្ត​មី​ស៊ី​ល​របស់​អ៊ីរ៉ង់​នេះ ធ្វើឡើង​ក្រោយ​អ្នកនាំពាក្យ​កងកម្លាំងប្រដាប់អាវុធ​អ៊ីរ៉ង់ លោក Abolfazl Shekarchi បញ្ជាក់​ជំហរ នៅតែ​រក្សា​ការអភិវឌ្ឍ​និង​ធ្វើតេស្ត​មី​ស៊ី​ល​របស់ខ្លួន ដោយ​មិនចាំបាច់ សុំ​ការអនុញ្ញាត​ពី​ប្រទេស​ណាមួយ​ឡើយ​។ ព្រោះ​អ៊ីរ៉ង់​ចាត់ទុកថា ការអភិវឌ្ឍ​និង​ធ្វើតេស្ត​មី​ស៊ី​ល​នេះ វា​ស្របទៅតាម​គន្លង​គោលនយោបាយ​ការពារ​ប្រទេស​អ៊ីរ៉ង់​។ អ៊ីរ៉ង់​ធានាថា ការបង្កើន​អំណាច​មី​ស៊ី​ល​របស់​សាធារណៈរដ្ឋ​អ៊ីស្លាម​មួយ​នេះ នឹងមិន​ធ្វើឲ្យមាន​ការប៉ះពាល់ ដល់​ប្រយោជន៍​ប្រទេស​ដទៃ​ណាមួយ​ឡើយ​។​

​បើទោះបី​អ៊ីរ៉ង់​អះអាង​បែបនេះ​ក៏ដោយ សម្រាប់​អាមេរិក​នៅតែ​ចាត់ទុកថា ការ​ធ្វើតេស្ត​មី​ស៊ី​ល​ឆ្លង​ទ្វីប​របស់​អ៊ីរ៉ង់ រំលោភ​លើ​ដំណោះស្រាយ របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។ ប៉ុន្តែ​អ៊ីរ៉ង់​ធ្លាប់​បញ្ជាក់ថា គ្មាន​ដំណោះស្រាយ​ណាមួយ នៅឯ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បាន​ហាមឃាត់​កម្មវិធី​មី​ស៊ី​ល ឬ​ការសាកល្បង​មី​ស៊ី​ល​របស់​អ៊ីរ៉ង់​នោះទេ​។ 

​បន្ថែម​លើ​នេះ អ៊ីរ៉ង​នៅបាន​រិះគន់​អាមេរិក ដែល​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ដោយ​ឯកតោភាគី និង​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ប្រឆាំង​អ៊ីរ៉ង់ ព្រមទាំង​កៀគរ​ប្រទេស​ដ៏​ទៃ​ឲ្យធ្វើតាម​ខ្លួន ទាំង​ដែល​គេ​មិន​ចង់​។ បើទោះបីជា​អ៊ីរ៉ង់​ស្ថិតក្រោម​សម្ពាធ តាមរយៈ​ការដាក់ទណ្ឌកម្ម​ពី​ប្រទេស​លោកខាងលិច រយៈពេល​៤០​ឆ្នាំ​ក្តី ក៏​អ៊ីរ៉ង់​នៅតែ​អាច​សម្រេចបាន​នូវ​សមិទ្ធផល ដ៏​គាប់ប្រសើរ នៅក្នុង​វិស័យ​ការពារជាតិ​របស់ខ្លួន​។ មន្ត្រី​អ៊ីរ៉ង់​អះអាងថា សព្វថ្ងៃនេះ​ប្រទេស​អ៊ីរ៉ង់ ស្ថិតក្នុង​ចំណោម​មហាអំណាច​កំពូល​របស់​ពិភពលោក ក្នុង​ការផលិត​មី​ស៊ី​ល អភិវឌ្ឍ​ប្រព័ន្ធ​រ៉ា​ដា​,​រថពាសដែក​និង​យាន​អាកាស​គ្មាន​មនុស្ស​បើក (UAVs)៕

ព័ត៌មានផ្សេងទៀត