សិល្បៈ​ល្ខោន​តុក្កតា​កើតឡើង​តាំងពី​សម័យ​មុន​កសាង​អង្គរវត្ត​

01-02-2019 3:08 pm 2219
  ស្តាប់
ស្តាប់ជាសំឡេង

​សិល្បៈ​ល្ខោន​តុក្កតា​របស់​ខ្មែរ ត្រូវបាន​រកឃើញ​ថា បាន​កើតឡើង​តាំងពី​សម័យ​មុន​កសាង​អង្គរវត្ត​មកម្ល៉េះ នេះ​ដោយ​យោង​តាម​សិលាចារឹក​លេខ K១៥៥ ជា​សិលាចារឹក​នៅ​ប្រាសាទ​លលៃ ។ យ៉ាងណាក៏ដោយ ក្រុម​អ្នកស្រាវជ្រាវ មិន​អាច​រក​តឹកតាង​បញ្ជាក់បាន​ថា តើ​តុក្កតា​នេះ​ធ្វើ​ពីអ្វី មាន​រូបភាព​បែបណា​ទេ ។ ក្រុម​អ្នកស្រាវជ្រាវ​បាន​អះអាង​ថា ក្នុង​សង្គម​កម្ពុជា​ទាំងមូល មាន​នៅ​សេសសល់​ទម្រង់​ល្ខោន​តុក្កតា​នេះ​យ៉ាង​តិចតួច​បំផុត ឬ​អាច​និយាយបាន​ថា គ្មាន​ល្ខោន​តុក្កតា​សោះ​ក៏​ថា​បាន ។ វា​ជា​ប្រការ​មួយ​គួរ​ឱ្យ​ខ្មាស​អៀន ដែល​កម្ពុជា​មាន​ប្រវត្តិជាក់លាក់ ធ្លាប់​មាន​សិល្បៈ​តុក្កតា​រាប់ពាន់​ឆ្នាំ​មកហើយ តែ​បែរជា​គ្មាន​ទម្រង់​សិល្បៈ​តុក្កតា​នេះ​ទៅ​វិញ ក្នុងពេល​បច្ចុប្បន្ន...

​មិន​ខុស​គ្នា​ប៉ុន្មាន​ពី​ប្រវត្តិ​សិល្បៈ​សៀក ដែល​មាន​រូបចម្លាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់ នៅ​តាម​ជញ្ជាំង​ប្រាសាទ​នានា ដូចជា​ប្រាសាទបាពួន ប្រាសាទ​បាយ័ន ព្រលាន​ជល់​ដំរី ជាដើម បង្ហាញ​យើង​ជា​ភស្តុតាង​ថា ខ្មែរ​មាន​សិល្បៈ​សៀក ។ ប៉ុន្តែ រូប​ភាពជាក់ស្តែង​ពិតប្រាកដ​នៅក្នុង​សង្គម និង​ជា​ផ្លូវការ​ស្ទើរតែ​គ្មាន​សោះ តាំងពី​យូរលង់​ណាស់​មកហើយ គឺ​ទើបតែ​ត្រូវបាន​យកចិត្តទុកដាក់​សិក្សា​ស្រាវជ្រាវ និង​បង្កើត​សិល្បៈ​សៀក​ជា​ផ្លូវការ ក្នុង​អំឡុង​ឆ្នាំ​១៩៨០ ប៉ុណ្ណោះ នៅក្នុង​ប្រទេស​កម្ពុជា ។​

​ធ្ងន់​ជាង​សិល្បៈ​សៀក​ទៅទៀត សិល្បៈ​ល្ខោន​តុ​ក្កតា បើ​យោង​តាម​ឯកសារ​សិលាចារឹក ដែល​ដូនតា​យើង​បាន​សាង​ទុកឱ្យ ហើយ​ដែល​បាន​សិក្សា​ស្រាវជ្រាវ ដោយ​ហ្មត់ចត់ ដោយ​អ្នកស្រី ពៅ សាវ​រស់ បញ្ជាក់ថា ខ្មែរ​មាន​សិល្បៈ​តុក្កតា​នេះ តាំងពី​សម័យ​មុន​កសាង​ប្រាសាទអង្គរវត្ត​មកម្ល៉េះ ។ នេះ​បើ​ផ្អែក​លើ​ឯកសារ​សិលាចារឹក​លេខ K១៥៥ ជា​សិលាចារឹក​នៅ​ប្រាសាទ​លលៃ កាលបរិច្ឆេទ​ចុង​សតវត្ស​ទី​៩ (៨៩៣) រជ្ជកាល​ព្រះបាទ​យ​សោ​វរ្ម័ន ជំនឿ​ព្រហ្មញ្ញសាសនា ដែល​មានចែង​ពី​សិល្បៈការិនី សម្តែង​សិល្បៈ​តុ​ក្កតា ឧទ្ទិស​ថ្វាយ​ចំពោះ​អាទិទេព​សូរៈ​ស្វតិ «Svarasvati» អាទិទេព​តំណាង​វោហារ​ពីរោះ និង​សិល្បៈ «The goddess of Eloquence and Arts» នោះ ។ គ្រាន់តែ​យើង​មិន​បាន​ដឹង​ប្រាកដថា តើ​តុក្កតា​នោះ ធ្វើ​អំពី​អ្វី​? មាន​រូបភាព​យ៉ាង​ណា​? ជា​តុក្កតា​ដែល​ជើត​ដោយ​ដងសន្ទូច ដូច​ស្បែក​តូច ឬ​អាយ៉ង ឬក៏​តុក្កតា​ដែល​ប្រើ​ខ្សែ​ព្យួរ​សម្រាប់​ញាក់ ឬក៏​មាន​លក្ខណៈផ្សេង​ប៉ុណ្ណោះ​?

​ក្នុង​ការសិក្សា​ស្រាវជ្រាវ​រក​ព័ត៌មាន​ជាច្រើន​ឆ្នាំ ស្តី​ពី​ទស្សនិយភាព​ល្ខោន​តុក្កតា​នេះ កាល​ពី​ច្រើន​ឆ្នាំមុន​សង្ក្រាន្ត​ឆ្នាំ​១៩៧០ បាន​ផ្ទុះឡើង​នោះ យើង​ធ្លាប់​ឮ​លោក​សាស្ត្រាចារ្យ ប៉ុល សំអឿន សាស្ត្រាចារ្យ​សាលា​ល្ខោន​ជាតិ រួច​ក្រោយមក លោក​បង្រៀន​នៅ​មហាវិទ្យាល័យ​សិល្បៈ​នាដ​សាស្ត្រ បាន​មានប្រសាសន៍ថា កាលពី​នៅ​តូចៗ លោក​ធ្លាប់បាន​មើលល្ខោន​តុក្កតា​ធ្វើ​អំពី​ដី​ដុត ដែល​អ្នកស្រុក​និយម​ហៅថា ហ៊ី​ដុំ​ដី នៅឯ​ស្រុកកំណើត​របស់​លោក ក្នុង​ខេត្ត​បាត់ដំបង ហើយ​ក្រោយមក តុក្កតា​ហ៊ី​ដុំ​ដី​នេះ ក៏​បាន​បាត់បង់​ទៅ​ដោយ​មិន​ដឹង​មូលហេតុ​អ្វី​ឡើយ ។​

​មួយទៀត ក្រោយ​ពី​របប​ប្រល័យពូជសាសន៍​ដួលរលំ​ទៅ យើង​បាន​ទទួលដំណឹង​ថា មាន​ភូមិ​មួយ​ឈ្មោះ ភូមិ​កំពង់​ត្រ​យ៉ង ក្នុង​ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប ដែល​ស្ថិតនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ប្រាសាទអង្គរវត្ត​នោះ ធ្លាប់​មាន​ទំនៀម​ធ្វើ​រូប​តុក្កតា​អំពី​ឈើ តុក្កតា​អំពី​ក្រណាត់​ញាត់​សំឡី​គ ហើយ​ធ្លាប់​បាន​សម្តែង​ជូន​អ្នកស្រុក​មើល​ម្តងម្កាល​ដែរ ប៉ុន្តែ មិន​ញឹកញាប់​ទេ ។​

​ក្រៅ​ពី​ព័ត៌មាន​ស្តីពី​សិល្បៈ​តុក្កតា ដែល​សម្តែង​ជា​ទស្សនិយភាព ដោយ​មាន​អ្នក​ជើ​ត មាន​វង់​តន្ត្រី​ប្រគុំ​ជូន និង​មាន​ពាក្យ​ចរចា​របៀប​ល្ខោន​បែបនេះ ក្រុម​អ្នក​កត់ត្រា ក៏​ធ្លាប់បាន​មើល​ផងដែរ កាល​នៅ​ពី​តូច ក្នុង​ពិធី​បុណ្យ​បញ្ចុះសីមា​វត្ត ដែល​អ្នក​ធ្វើ​រូប​តុក្កតា​ទាំងនោះ មកពី​ខេត្ត​កំពង់ឆ្នាំង ។ ពួកគេ​ធ្វើ​រូប​តុក្កតា​ដែល​រួម​ជា​ទិដ្ឋភាព​ភូមិ​ស្ថាន ស្រុក​ស្រែចម្ការ បង្ហាញ​ពី​ទេសភាព និង​សកម្មភាព​ក្នុងភូមិ​ស្រុក ដែល​មាន​វត្តមាន​អារាម មាន​វាលស្រែ មាន​ដើមត្នោត គុម្ព​ឫស្សី បឹង​ត្រពាំង មាន​ព្រះសង្ឃ​និមន្ត​បិណ្ឌបាត មាន​ដូនចាស់​រាប់បាត្រ​ព្រះសង្ឃ នារីៗ​ជា​ជួរ​ស្ទូង​ស្រូវ មាន​គោ​ក្របី​ស៊ី​ស្មៅ​ក្នុង​វាលស្រែ មាន​មាន់​បណ្តើរកូន និង​កូនក្មេង​តូចៗ​លេងល្បែង​ផ្សេងៗ ឬ​បក្សី​ទំ​លើ​ចុងឈើ​ជាដើម ដែល​គេ​រៀបចំ​ដាក់​តាំង​នៅ​លើ​តុ ឬ​គ្រែ​យ៉ាង​ធំ ហើយ​រូបភាព​ទាំងនោះ ចង​ភ្ជាប់​ដោយ​ខ្សែ​ដែល​អាច​ឱ្យ​ធ្វើ​សកម្មភាព​បាន ។ ប៉ុន្តែ ចលនា​ទាំងនោះ ជា​ចលនា​ច្រំ​ដែលៗ ដូច​ជា​ព្រះសង្ឃ​បើក​គម្រប​បាត្រ យាយ​ចាស់​រាប់បាត្រ រួច​ដក​ដៃ​មក​វិញ ទើប​ព្រះសង្ឃ​គ្រប​បាត្រ ។ នារីៗ​ឱន​ស្ទូង​រួច​ងើប ឱន​ងើបៗ សត្វ​គោក្របី​ឱន​ស៊ី​ស្មៅ រួច​ងើប​ក្បាល​មើល​ព្រះសង្ឃ សត្វ​ស្លាប​ទំ​លើ​ចុងឈើ​ទទះ​ស្លាប​រួច​ដាក់​ស្លាប​មកវិញ សត្វ​មាន់​ឱន​ចឹក​ចំណី​ជាដើម ។​ល​។ ហើយ​ខ្សែចំណង​រូប​ទាំងអស់នេះ ត្រូវ​ចង​ភ្ជាប់​ទៅនឹង​ខ្សែ​មេ​មួយ រួច​ចង​ភ្ជាប់​ទៅ​នឹង​ច្រវាក់​កង់ ដែល​អាចរ​វៃ​បាន ។ កាលណា​គេ​រវៃ​ច្រវាក់​កង់​នោះ​ទៅ រូប​ទាំង​អស់​ដូច​រៀបរាប់​ខាងលើ ធ្វើ​សកម្មភាព​ច្រំ​ដែល​បែប​នេះ​ជា​រៀងរហូត ។ គឺ​អាស្រ័យ​ដោយ​សកម្មភាព​ច្រំ​ដែលៗ​របៀប​ជា​ម៉ាស៊ីន ដូច្នេះហើយ​ទើប​អ្នកមើល​មួយចំនួន​ក្នុង​សម័យ​នោះ និយម​ហៅ​តុក្កតា​នោះ​ថា ជា​ល្ខោន​យន្ត ។​

​មួយចំណែក​ទៀត នៅក្នុង​ចន្លោះ​ឆ្នាំ​១៩៨៥ - ១៩៩០ ក្រុម​អ្នក​កត់ត្រា ក៏​បាន​ជួប​នឹង​កសិករ​ម្នាក់ មកពី​ខេត្ត​កំពង់ចាម ដែល​ចេះ​ធ្វើ​រូប​តុក្កតា​អំពី​ឈើ ហើយ​បាន​សុំឱ្យ​លោក​ធ្វើ​រូប​ទាំងនោះ មួយចំនួន ដាក់​តាំង​នៅ​រានហាល​កណ្តាលវាល​មុខផ្ទះ ព្រោះ​រូប​តុក្កតា​ទាំងនោះ ត្រូវការ​ទីវាល ត្រូវការ​ខ្យល់ ដើម្បី​ជំរុញ​ឱ្យមាន​ចលនា​បាន ។ រូប​ទាំង​នោះ មាន​រូប​យក្ស និង​ស្វា​កាន់ដំបង​ច្បាំង​គ្នា រូប​បុរស​កិនស្រូវ​នឹង​ត្បាល់​កិន រូប​នារី​បុក​ស្រូវ នារី​អុំ​អង្ករ​ជាដើម ដែល​សុទ្ធតែ​ធ្វើ​អំពី​ឈើ ហើយ​មាន​សំលៀក​បំពាក់​តាម​តួអង្គ​យក្ស ស្វា ឬ​កសិករ​ខ្មែរ ។ រូប​ទាំង​នេះ ត្រូវ​វាយ​បញ្ឈរ​ជាប់​លើ​រនង​ឈើ​មួយ​យ៉ាង​វែង​មាំ ហើយ​ដៃ​ដែល​មាន​សន្លាក់​ត​ភ្ជាប់​គ្នា​ពី​ដើម​ដៃ​ទៅ​កំភួនដៃ ឬ​អន្លើ​ដទៃទៀត ដែល​ចង់ឱ្យ​ធ្វើ​ចលនា​បាន​នោះ ត្រូវ​ចង​នឹង​សរសៃអំបោះ​ភ្ជាប់​ទៅ​នឹង​ស្លឹកត្នោត​មួយ​សន្លឹក​ធំ ស្ងួត​ល្អ ហើយ​ខាងចុង​នៃ​ស្លឹកត្នោត​ម្ខាង​ទៀត ក៏​ចង​ដោយ​អំបោះ​ដូចគ្នា រួច​ទាញ​យក​អំបោះ​នោះ​ទៅ​ចង​ព្យួរ​បញ្ឈរ​នឹង​រនង​ឈើ​មួយទៀត ដែល​ដាក់​ពី​ខាងលើ ក៏​ចង​ដោយ​អំបោះ​ដូចគ្នា រួច​ទាញ​យក​អំបោះ​នោះ ទៅ​ចង​ព្យួរ​បញ្ឈរ​នឹង​រនង​ឈើ​មួយ​ទៀត ដែល​ដាក់​ពី​ខាងលើ ស្របគ្នា​នឹង​រនង​ដែល​វាយ​រូប​តុក្កតា​ភ្ជាប់​នោះ ដោយ​លៃ​ខ្សែ​ឱ្យ​ធូរ​ល្មម ដើម្បី​ឱ្យ​ខ្យល់​បក់​មក​ប៉ះ​ស្លឹកត្នោត ស្លឹកត្នោត​កំរើក រួច​ទាញ​រូប​តុក្កតា​ទាំងនោះ ឱ្យមាន​ចលនា​ឡើង ។ 

​សូមបញ្ជាក់​ថា រូប​នីមួយៗ ប្រើ​ខ្សែ​និង​ស្លឹកត្នោត​មួយ​ដាច់ៗ​ពីគ្នា ។ បើ​ខ្យល់​បក់​មក​ខ្សោយ​នោះ ចលនា​នៃ​រូប​តុក្កតា​នោះ ក៏​រង្វើលៗ​ទៅ​តាម​កម្លាំង​ខ្យល់ ។ ប៉ុន្តែ ពេលណា​ដែល​មាន​ខ្យល់​បក់​មក​ខ្លាំង ចលនា​នៃ​រូប​ទាំង​នោះ កាន់តែ​ញាប់​រន្ថើន​ឡើងៗ​ផងដែរ ។ ឯ​ចលនា​នោះ​វិញ គឺជា​ចលនា​ច្រំ​ដែលៗ ដូចជា​យក្ស ស្វា​វាយ​ដំបង បុរស​ឈ្ងោក​ខំ​រុញ​ត្បាល់​កិន រួច​ងើប​មក​វិញ ។​ល​។​

​ក្រៅពីនេះ នៅ​ទូទាំង​ប្រទេស យើង​សង្កេតឃើញ​មាន​រូប​តុក្កតា​ផ្សេង​ទៀត​ខ្លះ​ដែរ ប៉ុន្តែ ជា​រូប​ដែល​មិនសូវមាន​ចលនា​រស់​រវើក​ទេ ដូចជា រូប​ព្រះឥន្ទ្រ ឬ​ទេវតា​ជិះ​ដំរី ឬ​ជិះសេះ រូ​ម​ផ្សំ​នឹង​ការប្រើ​រំសេវ​ឱ្យ​លាន់ឮ​សំឡេង​ផង ដែល​គេ​ច្រើន​ប្រើ​ជា​ឆ្នួន ក្នុង​ពិធី​បូជាសព ព្រះគ្រូ​ចៅអធិការ​ជាដើម ឬ​បើ​មិន​ដូច្នោះ​ទេ ជា​រូប​តុក្កតា​នឹងថ្កល់​គ្មាន​ចលនា​កម្រើក​បាន ដែល​ច្រើន​មាន​រូបភាព​យក​តាម​លំនាំ​របាំ​ក្បាច់បុរាណ​ខ្មែរ ក្នុង​សំលៀកបំពាក់​តាម​តួអង្គ​នាយ​រោង តួអង្គ​នាង យក្ស​និង​ស្វា​ជាដើម ដែល​ភាគច្រើន ច្រើន​ជា​រូប​ដាក់តាំង​លម្អ​នៅ​តាម​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍ នានា​តែ​ប៉ុណ្ណោះ ។​

​ជារួម បើ​គិត​មកដល់​ពេល​ដែល​ក្រុម​អ្នក​កត់ត្រា បាន​កត់ត្រា​អំពី​ទម្រង់​ល្ខោន​តុក្កតា​ចុងក្រោយ​នេះ ខ្ទង់​ខែមិថុនា ឆ្នាំ​២០០៣ យើង​អាច​និយាយបាន​ថា នៅក្នុង​សង្គម​កម្ពុជា​ទាំងមូល មាន​សេសសល់​ទម្រង់​ល្ខោន​តុក្កតា​នេះ យ៉ាង​តិចតួច​បំផុត ឬក៏​អាច​និយាយថា គ្មាន​ល្ខោន​តុក្កតា​សោះ​ក៏​ថា​បាន ។ ផ្ទុយទៅវិញ មក​ដល់​កាល​វេលា​ដូចគ្នានេះដែរ យើង​សង្កេតឃើញ​សិល្បៈ​ល្ខោន​តុ​ក្កតា ក៏ដូចជា​គំនូរជីវចល មាន​ការរីកចម្រើន​យ៉ាងខ្លាំងបំផុត នៅក្នុង​ពិភពលោក​យើង​នេះ ព្រោះ​មាន​ប្រទេស​ជាច្រើន ទាំង​នៅ​អឺរ៉ុប អាមេរិក អាហ្វ្រិក ឬ​តំបន់​ដទៃ​ទៀត មាន​ទម្រង់​សិល្បៈ​នេះ​យ៉ាង​សំបូរបែប ហើយ​ជា​ទី​ពេញនិយម​បំផុត ពី​គ្រប់​ស្រទាប់​ទស្សនិកជន ពិសេស​ពី​កុមារ​ក្នុង​គ្រប់​ប្រទេស រហូតដល់​ប្រទេស​ជឿនលឿន​ខ្លះ បង្កើត​ជា​វិទ្យាស្ថាន​អន្តរជាតិ សិល្បៈ​តុក្កតា ដូចជា នៅ​ស្ត្រា​សូ​រ្យ ប្រទេស​បារាំង ដែល​មាន​និស្សិត​ចម្រុះ​ជាតិ​សាសន៍ ទៅ​សិក្សា​រៀនសូត្រ ហើយ​ដែល​ក្រុម​អ្នក​កត់ត្រា ក៏​ធ្លាប់បាន​ទៅធ្វើ​ទស្សនកិច្ច​ផងដែរ ។​

​ចំណែក​នៅក្នុង​ទ្វីប​អាស៊ី​ទាំងមូល ឬ​ប្រទេស​ជិតខាង​យើង​វិញ មាន​ប្រទេស​ជាច្រើន ដែល​មាន​ល្ខោន​តុ​ក្កតា ដូចជា​ប្រទេស​ចិន ជប៉ុន ឥណ្ឌា ឥណ្ឌូនេស៊ី ភូមា ថៃ ឬ​ដូចជា​ប្រទេស​វៀតណាម ដែល​មាន​តុក្កតា​សម្តែង​ក្នុង​ទឹក ដ៏​ល្បីល្បាញ​ជា​មោទកភាព ដ៏​អស្ចារ្យ​របស់​ជាតិ​គេ ។​

​ផ្ទុយទៅវិញ ជា​ប្រការ​គួរឱ្យ​ខ្មាសអៀន ប្រទេស​កម្ពុជា ដែល​មាន​ប្រវត្តិ​ជាក់លាក់ ជា​ប្រទេស​ដែល​ធ្លាប់​មាន​សិល្បៈ​តុក្កតា​រាប់ពាន់​ឆ្នាំ​មកហើយ (​នៅ​តាម​ប្រាសាទ​ទេវស្ថាន​នានា​) បែរជា​គ្មាន​ទម្រង់​សិល្បៈ​តុក្កតា​នេះ​ទៅវិញ ក្នុងពេល​បច្ចុប្បន្ន​នេះ ។​

​ការ​ពោល​ពាក្យ​ខាងក្រោយ​នេះ មិនមែន​បានសេចក្តីថា យើង​បញ្ជាក់​អំពី​គំនិត​ទុ​ទិ​ដ្ឋិ​ទេ ប៉ុន្តែ ផ្ទុយទៅវិញ គឺ​ជា​កម្លាំង​ជម្រុញ​ឱ្យ​យើង​រាល់​គ្នា​ជា​ជនជាតិខ្មែរ ប្រឹង​ត្រិះរិះ​ពិចារណា​រក​គ្រប់​វិធី ដើម្បី​បង្កលក្ខណៈ​ងាយស្រួល ឬ​ផ្តល់​លទ្ធភាព​គ្រប់គ្រាន់​សមរម្យ ដល់​មនុស្ស​ខ្មែរ ដែល​មាន​ទេពកោសល្យ​ច្នៃប្រឌិត ពិសេស​ដល់​អតីត​និស្សិត​របស់​យើង ដែល​ធ្លាប់បាន​សិក្សា​រៀនសូត្រ​វិជ្ជា​នេះ ឱ្យ​គ្នា​មានចិត្ត​ក្លាហាន សប្បាយរីករាយ​ក្នុងការ​ធ្វើ​ស្នាដៃ ដើម្បី​បម្រើ​ជាតិ​មាតុភូមិ​របស់​យើង ។​

​ធ្វើ​យ៉ាងនេះ​បាន​យើង​សង្ឃឹមថា សិល្បៈ​ល្ខោន​តុ​ក្កតា នឹង​រស់​ឡើង​វិញ ក្នុង​រូបភាព​ជា​ខ្មែរ រួមចំណែក​នៅក្នុង​ការ​បង្ក​ការសប្បាយ​រីករាយ​ឱ្យ​សង្គម​ខ្មែរ​ផង រួមចំណែក​ក្នុង​ការអប់រំ​កសាង​ធនធានមនុស្ស​ខ្មែរ​ផង និង​រួមចំណែក​ក្នុង​ការលើកកម្ពស់​សីល​ធម៌​សង្គម​ខ្មែរ ដោយ​មាន​ប្រសិទ្ធិភាព​ក្នុង​កាល​អនាគត ៕

ព័ត៌មានផ្សេងទៀត