លោក​ដូណាល់ ត្រាំ​​ត្រូវ​ធ្វើការ​​ធ្ងន់ ​ក្នុង​​​ជំនួប​​លើក​ទី​ពីរ​​ជាមួយ​​លោក​គីម ជុង​អ៊ុន​?

22-01-2019 4:44 pm
ប្រធានាធិបតីអាមេរិក​​និងមេដឹកនាំកូរ៉េខាងជើង​​ក្នុងកិច្ចជំនួប​កន្លងមក

​កិច្ចប្រជុំ​កំពូល​លើក​ទី​ពីរ​រវាង​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ ជាមួយ​មេដឹកនាំ​វ័យក្មេង​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន នឹង​ធ្វើឡើង​នៅ​ចុងខែ​កុម្ភៈ​ខាងមុខ ប៉ុន្ដែ​មិនទាន់​ប្រកាស​ពី​ទីតាំង​ត្រូវ​ជួបគ្នា​ទេ​។ កិច្ច​ជំនួប​លើក​ទី​ពីរ​នេះ ក្រុមអ្នកវិភាគ​លើកឡើងថា ចាំបាច់​ត្រូវតែ​ស្វែងរក​ការរីកចម្រើន​ពិតប្រាកដ ពាក់ព័ន្ធ​នឹង​ការរំលាយ​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង បើ​ចង់​គេច​ចេញពី​ការរិះគន់​។ ហេតុដូច្នេះ លោក​ដូណាល់ ត្រាំ​ពិតជា​ត្រូវ​ធ្វើការ​ធ្ងន់​ជាង​កិច្ច​ជំនួប​លើកទីមួយ ស្របពេល​ក្រសែភ្នែក​អន្ដរជាតិ​រាប់លាន កំពុង​ទន្ទឹងរង់ចាំ​មើល​លទ្ធផល​។ តើ​លោក​ត្រាំ​គួរ​ធ្វើ​អ្វីខ្លះ ទើប​រំពឹង​ទទួលបាន​ជោគជ័យ​?

​ជា​បន្ដ​សូម​ស្ដាប់​សេចក្ដីរាយការណ៍​ពី​ពេញ ផេង នៅក្នុង​នាទី​វិភាគ​ព្រឹត្ដិការណ៍​អន្ដ​រ​ជាតិ​ដូចតទៅ​៖

សំឡេង៖

​រម្លឹក​បន្ដិច​ពី​កិច្ច​ជំនួប​ជា​ប្រវត្ដិសាស្ដ្រ​លើកទី​​មួយ ដែល​ប្រព្រឹត្ដទៅ​កាលពី​ថ្ងៃទី​១២​ខែមិថុនា​ឆ្នាំ​២០១៨​នៅ​ប្រទេស​សិង្ហ​បុរី បង្ហាញឲ្យឃើញពី​ការព្យាយា​ម​ផ្សះផ្សារ​ភាព​ប្រេះស្រាំ រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​គូសត្រូវ​កូរ៉េខាងជើង​។ ជា​លើកដំបូង​ដែល​មេដឹកនាំ​ប្រទេស​ទាំងពីរ​បាន​ជួបគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម ដោយ​កាលសម័យ​សង្គ្រាមត្រជាក់ អាមេរិក​និង​កូរ៉េខាងជើង​មាន​និន្នាការ​ផ្ទុយគ្នា​ស្រឡះ ហើយ​មាន​ការគាំទ្រ​សម្ព័ន្ធមិត្ដ​ពីរ​ផ្សេងគ្នា​ទៀត​។ បណ្ដាញ​សារព័ត៌មាន​អន្ដរជាតិ​បានបង្ហាញ​ព្រោងព្រាត នូវ​រូបភាព​ចាប់ដៃ​រវាង​លោក​ដូណាល់ ត្រាំ​និង​លោក​គីម ជុង​អ៊ុន ប្រកបដោយ​ភាព​រួសរាយ​រាក់ទាក់ មើលទៅ​ដូចជា​សម្ព័ន្ធមិត្ដ​ចាស់វស្សា តែ​ធាតុពិត​ធ្លាប់​គំរាមកំហែង​គ្នា​ស្ទើរតែ​ផ្ទុះអាវុធ​។ 

​កាលនោះ​ក៏​សម្រេចបាន​លទ្ធផល​គួរឲ្យ​កត់សម្គាល់ដូច​ជា ទីមួយ​៖ អាមេរិក​និង​កូរ៉េខាងជើង​ប្ដេជ្ញា​បង្កើត​ទំនាក់ទំនង​ថ្មី​ជាមួយគ្នា អនុលោម​តាម​បំណងប្រាថ្នា​របស់​ប្រជាជន​ប្រទេស​ទាំងពីរ ដើម្បី​សន្ដិភាព​និង​វិបុលភាព​។​ទី​ពីរ​៖ អាមេរិក​និង​កូរ៉េខាងជើង​ប្ដេជ្ញា​នឹង​ខិតខំ​ឲ្យអស់​ពី​សមត្ថភាព កសាង​សន្ដិភាព ស្ថិរភាព នៅលើ​ឧបទ្វីប​កូរ៉េ​។ ទី​បី​៖ លោក​ដូណាល់ ត្រាំ​និង​លោក​គីម ជុង​អ៊ុន បានបញ្ជាក់​ឡើងវិញ​ពី​សេចក្ដីប្រកាស​រួម ដែល​លោក​គីម ជុង​អ៊ុន​និង​លោក​មូន ជែ​អ៊ីន​ប្រធានាធិបតី​កូរ៉េខាងត្បូ​ង បាន​ព្រមព្រៀង​ក្នុង​កិច្ចប្រជុំ​អន្ដរ​កូរ៉េ កាលពី​ខែមេសា​ឆ្នាំ​២០១៨ ដោយ​កូរ៉េខាងជើង​ប្ដេជ្ញា​នឹង​រំលាយចោល​នុយក្លេអ៊ែរ​ចេញពី​ឧបទ្វីប​កូរ៉េ​ទាំងស្រុង​។ ទី​បួន​៖ អាមេរិក​និង​កូរ៉េខាងជើង​ប្ដេជ្ញា​ដោះស្រាយ​បញ្ហា​អ្នកទោស​នៅ​សេសសល់ និង​ធ្វើ​មាតុភូមិនិវត្ដន៍​អ្នកទោស​ដែល​បានកំណត់​អត្ដសញ្ញាណ​រួចរាល់​។​

​រឿង​ចម្បង​បំផុត គឺ​ការជំរុញ​ដំណើរការ​រំលាយ​កម្មវិធី​នុយក្លេអ៊ែ​រ ចេញពី​ឧបទ្វីប​កូរ៉េ​ឲ្យបាន​ឆាប់​។ ប៉ុន្ដែ​គ្រប់យ៉ាង​មិន​ដូច​ការរំពឹងទុក ការរំលាយ​នុយក្លែអ៊ែរ​ដំណើរការ​យឺតយ៉ាវ​បំផុត​។ ផ្ទុយទៅវិញ ម្ខាងៗ​មិនជា​ចុះសម្រុង​គ្នា ឆ្ពោះទៅ​សម្រេច​លទ្ធផល​តាម​ការចង់បាន​ទេ​។ ក្រុម​អ្នក​រិះគន់​លើកឡើងថា កូរ៉េខាងជើង​មិនបាន​រំលាយ​អាវុធ​នុយក្លេអ៊ែរ​តាម​ការសន្យា​ឡើយ ខណៈ​អាមេរិក​វិញ​នៅ​បន្ដ​ដាក់​សម្ពាធ​លើ​កូរ៉េខាងជើង​ដដែល​។

​ព្រោះតែ​ការរំលាយ​នុយក្លេអ៊ែរ​ជាប់គាំង សេត​វិមាន​បានប្រកាស​កាលពី​ថ្ងៃទី​១៨​មករា​ថា លោក​ត្រាំ​នឹង​ជួប​លោក​គីម​ម្ដងទៀត​នៅ​ចុង​ខែកុម្ភៈ​។ ទីក្រុង​វ៉ាស៊ីនតោន​នៅតែ​រំពឹងថា កូរ៉េខាងជើង​នឹង​បោះបង់​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ ដែល​គេ​បាន​អភិវឌ្ឍ​ជាច្រើន​ឆ្នាំ​មក​នោះ​។ តែ​សម្រាប់​អ្នកវិភាគ​វិញ​យល់ថា ការងារ​ដ៏​លំបាក​បានចាប់ផ្ដើម​ហើយ​។ ផ្អែកលើ​កាលៈទេសៈ​បច្ចុប្បន្ន មេដឹកនាំ​ទាំងពីរ​ត្រូវតែ​បង្ហាញឲ្យឃើញពី​ផលប្រយោជន៍​ជាក់ស្ដែង​មួយចំនួន ពី​កិច្ចខិតខំ​ប្រឹងប្រែង​ផ្នែក​ការទូត ក្នុងអំឡុង​កិច្ចប្រជុំ​លើក​ទី​ពីរ​។ មិន​អ៊ីចឹង​ទេ​ច្បាស់​ណាស់​នឹង​ត្រូវគេ​ចាត់ទុកជា​កិច្ចចរចា​គ្មាន​ការពិត គ្មាន​មូលដ្ឋាន​ច្បាស់លាស់​។​

​លោក​គីម ស៊ុង​ហាន​(Kim Sung-han) សាស្ដ្រាចារ្យ​នៅ​សាកលវិទ្យាល័យ​ទំនាក់ទំនង​អន្ដរជាតិ​កូរ៉េ បាន​និយាយថា រាល់​កិច្ចខិតខំ​ប្រឹងប្រែង​ទាំងអស់ ត្រូវតែ​ប្រើប្រាស់​ដើម្បី​នាំយក​កូរ៉េខាងជើង​ចូល​តុ​ចរចា ភ្ជាប់​ជាមួយនឹង​បញ្ជី​អាវុធ​នុយក្លេអ៊ែរ​ពេញលេញ​មួយ​ផង​។ ករណីនេះ​ទាមទា​រឲ្យមន្ដ្រី​តំណាង​ប្រទេស​ទាំងពីរ ត្រូវ​ពិភាក្សាគ្នា​ឲ្យបាន​ហ្មត់ចត់​មុន​កិច្ច​ជំនួប​មេដឹកនាំ​ចាប់ផ្ដើម​។ ត្រូវ​ស្វែងរក​ចំណុចរួម និង​បញ្ចូល​របៀបវារៈ​សំខាន់ៗ​សម្រាប់​មេដឹកនាំ​ទាំងពីរ​ពិភាក្សា​។ បើ​ធ្វើដូច្នេះបាន​ជា​ជំហាន​មាន​ប្រយោជន៍​មួយ​។ 

​ចំពោះ​ការរំលាយ​នុយក្លេអ៊ែរ​ត្រូវ​កំណត់ថា គួរ​អនុវត្ដ​តាម​វិធីសាស្ដ្រ​ណាខ្លះ មាន​រយៈពេល​យូរ​ប៉ុណ្ណា កុំឲ្យ​ដូច​កិច្ចប្រជុំលើក​ទី​មួយគ្រា​ន់តែ​សន្យា ប៉ុន្ដែ​មិនដឹង​មូលដ្ឋាន​ច្បាស់​។ ចំណុច​មួយទៀត លោក​ត្រាំ​មិនគួរ​ដក​ទណ្ឌកម្ម ឬ​ព្រមព្រៀង​បញ្ចប់សង្គ្រាម​កូរ៉េ​ឆ្នាំ​១៩៥០-៥៣​ជា​ផ្លូវការ​ឡើយ​។ ត្រូវឲ្យ​កូរ៉េខាងជើង​បញ្ចូល​ក្នុង​បញ្ជី​មួយ​ជាក់លាក់ ពាក់ព័ន្ធ​នឹង​អាវុធ​នុយក្លេអ៊ែរ​សម្រាប់​រំលាយចោល​។ 

​អ្នកវិភាគ​ខ្លះ​និយាយថា ប្រសិនបើ​គ្មាន​កិច្ចព្រមព្រៀង​ច្បាស់លាស់ ការរិះគន់​ប្រឆាំង​ភាពស្មោះត្រង់​របស់​ក្រុង​ព្យុងយ៉ាង និង​ការរិះគន់​ប្រឆាំង​ភាពកម្សោយ​របស់​អាមេរិក នឹង​ផ្ទុះឡើង​ជាថ្មី​។ ករណី​ដែល​កិច្ចប្រជុំ​លើក​ទី​ពីរ សម្រេចបាន​លទ្ធផល​ស្រដៀង​គ្នា​នឹង​កិច្ចប្រជុំ​លើកទីមួយ ពិតជា​ពិបាក​សម្រាប់​លោក​ត្រាំ ក្នុង​ការការពា​រគោល​នយោបាយ​ស្ដីពី​កូរ៉េខាងជើង​របស់លោក​។ កូរ៉េខាងជើង​អាច​នឹង​ព្រម​បិទ​ទីតាំង​ធ្វើតេស្ដ​មី​ស៊ី​ល ស្ថិតក្រោម​ការត្រួតពិនិត្យ​ពី​អន្ដរជាតិ​បាន លុះត្រាតែ​ទីក្រុង​វ៉ាស៊ីនតោន​បន្ធូរបន្ថយ​ទណ្ឌកម្ម និង​ព្រម​ប្រកាស​បញ្ចប់​ជា​ផ្លូវការ​សង្គ្រាម​កូរ៉េ​ប៉ុណ្ណោះ​។ ហេតុនេះ​លោក​ត្រាំ​ត្រូវមាន​ទំនុកចិត្ដ​លើ​ខ្លួនឯងថា លោក​អាច​រក​ការដោះដូរ​ដែល​អាច​ជំនួស​ឲ្យ​ការបន្ធូរបន្ថយ​ទណ្ឌក​ម្ម​។​

​សរុបមក បើ​ចង់​ទទួលបាន​ជោគជ័យ​ក្នុង​កិច្ច​ជំនួប​លើក​ទី​ពីរ មិនមែនជា​រឿង​ងាយស្រួល​ឡើយ​សម្រាប់​លោក​ដូណាល់ ត្រាំ​។ កូរ៉េខាងជើង​មិនមែនជា​ប្រទេស​អាមេរិក​អាច​គំរាម អាចដាក់​សម្ពាធ​បាន​តាមចិត្ដ​ឯណា​។ ស្រួល​មិន​ស្រួល​កូរ៉េខាងជើង​ដើរ​ចេញពី​តុ​ចរចា ត្រឡប់​ទៅ​អភិវឌ្ឍ​កម្មវិធី​មី​ស៊ី​ល​ជាថ្មី​ក៏​មិនដឹង​។ ភាព​វ័យឆ្លាត លក្ខខណ្ឌ​ប្រកប​ដោ​ភាព​យោគយល់​ប៉ុន្ដែ​ម៉ឺង​ម៉ា​ត ត្រូវតែមាន​ដាច់ខាត​ក្នុង​កិច្ចប្រជុំ ចៀសវាង​ក្រោយ​ជួបគ្នា​ហើយ​បន្សល់ទុក​វិបត្ដិ​ជាប់គាំង​ដដែល​។ អ្វីដែល​បានលើកឡើង​ទាំង​អំបាលម៉ាន គ្រាន់​ជា​ការប្រមើលមើល​ទុក​មុន និង​ជា​គំនិត​របស់​អ្នកតាមដាន​ស្ថានការណ៍ លទ្ធផល​ជាក់ស្ដែង​មានតែ​រង់ចាំ​រហូត​បញ្ចប់​កិច្ច​ជំនួប​លើក​ទីពីរ របស់លោក​ដូណាល់ ត្រាំ​និង​លោក​គីម ជុង​អ៊ុន​សិន​៕

ព័ត៌មានផ្សេងទៀត