អតីត​​បក្សប្រឆាំង​​ត្រៀម​ចូល​​ស្រុក ​ខណៈ​​រដ្ឋាភិបាល​​ត្រៀម​​ចាត់​វិធាន​ការ​​

21-01-2019 2:56 pm
  ស្តាប់
លោកសម រង្ស៊ី ពេលវិលត្រឡប់មកកម្ពុជាវិញ កាលពីឆ្នាំ២០១៣។ រូបភាពពី ខេបូឌាដេលី
ស្តាប់ជាសំឡេង

​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃទី​២០ មករា បាន​បើ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ដ្រៃយ៍​របស់ខ្លួន​ជា​លើកដំបូង ចាប់តាំងពី​ត្រូវ​តុលាការ​រំលាយ​កាលពី​ថ្ងៃទី​១៦ វិច្ឆិកា ឆ្នាំ​២០១៧​។​ជា​កិច្ចប្រជុំ​ធ្វើឡើង​ក្រោម​ការដឹកនាំ​ដោយ​លោក សម រង្ស៊ី​។ ជា​លទ្ធផល​គណៈកម្មាធិកា​រ​អចិន្ដ្រៃយ៍​អតីត​បក្សប្រឆាំង បានសម្រេច​គាំទ្រ​ការដាក់​សម្ពាធ​របស់​ស​ហ​ភាព​អឺរ៉ុប​មកលើ រដ្ឋាភិបាល​កម្ពុជា និង ប្រកាស​ត្រៀមកម្លាំង​ដើម្បី​ទទួល​លោក សម រង្ស៊ី ចូល​កម្ពុជា​វិញ​។ ប៉ុន្តែ​រដ្ឋាភិបាល ចាត់ទុក​ការសម្រេច​នេះ គ្រាន់តែ​ជា​សង្គ្រាមចិត្តសាស្ត្រ ហើយ​រដ្ឋាភិបាល​នឹងមាន​វិធានការ ប្រសិនបើ​មាន​ចលនា​នេះ កើតមានឡើង​។

​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ដ្រៃយ៍​របស់ខ្លួន​ជា​លើកដំបូង ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​១៥​រូប បាន​ជជែក​គ្នា​លើ​របៀបវារៈ​ចំនួន​៣​សំខាន់ៗ​រួមមាន ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា រៀបចំ​ផែនការ​សកម្មភាព​របស់ប​ក្ស​រយៈពេល​៣​ខែ​ខាង​មុន និង ទី​៣ បញ្ហា​ផ្សេងៗ​។ កិច្ចប្រជុំ​របស់​អតីត​បក្សប្រឆាំង ធ្វើឡើង​នៅ​ទីក្រុង​ឡូ​វែល រដ្ឋ​ម៉ាស្សាឈូសេត នៃ​សហរដ្ឋអាមេរិក ក្រោម​ការដឹកនាំ​ដោយ​លោក សម រង្ស៊ី​។​

​ការពិភាក្សាគ្នា​អស់​រយៈពេល​៣​ម៉ោង ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​សេចក្តីសម្រេច​គាំទ្រ​មួយ​ដោយ​គាំទ្រ​ការតែងតាំង​លោក សម រង្ស៊ី ជា​ប្រធានស្តីទី​បណ្តោះអាសន្ន និង ប្រកាស​គាំទ្រ​វិធានការ​របស់​សហភាព​អឺរ៉ុប ក្នុង​ការជំរុញ​ដាក់​សម្ពាធ​លើ​រាជរដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។ សេចក្តីសម្រេច​របស់​គណៈ​កម្មា​ធិ​ការ​អចិន្ត្រៃយ៍​ក៏មាន​ដែរ គម្រោង​រៀបចំ​ដំណើរ​វិលត្រឡប់​ចូល​មាតុភូមិ​វិញ​របស់លោក សម រង្ស៊ី  ដោយ​បែងចែក​ការងា​រទ​ទូល​ខុសត្រូវ​ទាំង​នៅ​ក្រៅប្រទេស និង នៅក្នុង​ស្រុក​ប្រទេស​។ នេះ​បើតាម​លោក អេង ឆៃអ៊ាង​។​

​យ៉ាងណាក៏ដោយ លោក អេង ឆៃអ៊ាង ពុំបាន​បញ្ជាក់​នោះទេ ថា​ដំណើរ​វិលត្រឡប់​របស់​លោក សម រង្ស៊ី នឹង​ត្រូវធ្វើឡើង​នៅពេលណា​។ លោក សម រង្ស៊ី នៅ​ថ្ងៃទី​១ មករា ឆ្នាំ​២០១៩ លោក​ធ្លាប់បាន​អះអាងថា លោក​នៅតែ​ជឿជាក់ថា នឹង​បាន​ជួបជុំ​អ្នកគាំទ្រ​របស់ខ្លួន​វិញ ក្នុង​ឆ្នាំ ២០១៩ នេះ​។​

​អតីត​គណបក្សប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា ដែល​ប្រើ​ស្លាក​សញ្ញា និង ឈ្មោះ​គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​ដាក់ចេញ​នូវ​លក្ខណៈ​ចំនួន​៥ ដោយ​អះអាងថា ដើម្បី​ស្តារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ ក្នុងនោះ មានដូចជា ទាមទារ​ឱ្យ​ទម្លាក់ចោល​ការចោទប្រកាន់ និង ដោះលែង​លោក កឹម សុខា​, ទម្លាក់ចោល​ការចោទប្រកាន់ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់​, បើកផ្លូវ​ឱ្យ​អតីត​គណបក្ស​សង្គ្រោះ​ជាតិរស់​ឡើងវិញ​,​ប្រគល់​តំណែង​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់ រហូត​រាជធានី​-​ខេត្ត​មកវិញ និង ចុងក្រោយ​រៀបចំ​ការបោះឆ្នោត​ឡើងវិញ ទាំង​បោះឆ្នោត​ថ្នាក់ជាតិ និង បោះឆ្នោះ​ព្រឹទ្ធសភា​។​

​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក​ផៃ ស៊ី​ផាន ថ្លែងប្រាប់​វិទ្យុ​វាយោ​ថា ការសម្រេច​របស់​អតីត​គណបក្សប្រឆាំង គឺ​គ្រាន់តែ​ដើម្បី​ទាញ​ប្រជាប្រិយភាព និង ជា​សង្គ្រាមចិត្តសាស្ត្រ​តែប៉ុណ្ណោះ​។ ប៉ុន្តែ​លោក​ថា រដ្ឋាភិបាល​កម្ពុជា នឹង​ចាត់វិធានការ​ឆ្លើយតប​យ៉ាងរឹងមាំ ក្នុងន័យ​ការពារ​ផលប្រយោជន៍​ជាតិ និង រដ្ឋាភិបាល​ស្របច្បាប់ ប្រសិនបើ​ចលនា​នេះ​កើតមានឡើង​។​

​គួរ​បញ្ជាក់ថា ការប្រកាស​ចូល​កម្ពុជា​វិញ ពី​សំណាក់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ មិនមែនជា​លើក​ទី​១​ទេ​។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាន​ថ្លែង​ចំហ​ក​ទៅកាន់​ថ្នាក់ដឹកនាំ​អតីត​បក្សប្រឆាំង​វិញ​ថា លោក​សម្តែង​ការស្វាគមន៍  ស្វាគមន៍ ដើម្បី​ចូល​ពន្ធនាគារ​។​សម្រាប់​លោក​ហ៊ុន សែន លោក​បាន​ប្រាប់​ទៅខាង​ព្រលានយន្តហោះ​ឱ្យ​ត្រៀម ស្វាគមន៍​រួចរាល់​ជាស្រេច​ហើយ តែ​លោក​មិន​ជឿថា លោក​សម រង្ស៊ី ហ៊ាន​វិល​ចូល​ស្រុក​វិញ​នោះទេ ព្រោះ​មេដឹកនាំ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី កំពុងមាន​ក្តីក្តាំ​ជាច្រើន​នៅក្នុង​តុលាការ​។​

​ប៉ុន្តែ​យ៉ាងណា ជា​ថ្ងៃ​នេះដែរ​ក៏មាន​ក្រុម​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​នៅ​អាមេរិក​ផ្សេងទៀត បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ថា រាល់​ការសម្រេច​ទាំងឡាយណា ក្រោម​ការដឹកនាំ​ដោយ​លោក សម រង្ស៊ី មិនអាច​យកជាការបាន​ទេ​។ មិនអាច​ដោយសារតែ​ការសម្រេច ធ្វើឡើង​តែ​ក្រុម​របស់លោក សម រង្ស៊ី ខ្វះ​ការចូលរួម​ពី​ក្រុម​លោក កឹម សុខា​។ ក្រុម​អ្នកគាំទ្រ​បក្សប្រឆាំង​នៅ​អាមេរិក បញ្ជាក់​ជាថ្មី​ថា លោក សម រង្ស៊ី មិនមែនជា​ប្រធានស្តីទី​បក្ស​ទេ ដរាបណា​លោក កឹម សុខា មិនទាន់​ផ្ទេរសិទ្ធិ​មេបក្ស​ឱ្យ​៕

ព័ត៌មានផ្សេងទៀត