មន្ត្រី​ជំនាញ​ចាប់ផ្តើម​ពិនិត្យ​វាយតម្លៃ​តំបន់​ប្រឈម​ខ្ពស់​ទៅ​នឹង​កង្វះ​ទឹក​ប្រើប្រាស់​ក្នុង​ខេត្ត​បាត់ដំបង​

19-01-2019 4:41 pm 4156
  ស្តាប់
ស្តាប់ជាសំឡេង

​ឆ្លើយតប​ទៅនឹង​ឥទ្ធិពល​បាតុភូត អែល នី​ណូ ដែល​នឹង​ធ្វើឱ្យ​កម្ពុជា​កើនឡើង​កម្តៅ​ចន្លោះ​ពី ៤០-៤២ អង្សា ពិសេស​នៅក្នុង​អំឡុង​ខែ​មេសា និង​ឧសភា លោក ចាន់ យុ​ត្ថា រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ចុះ​ទៅ​ត្រួតពិនិត្យ និង​វាយតម្លៃ​ក្នុងស្រុក​៣ និង​តំបន់​ប្រភពទឹក​៣​សំខាន់ៗ​ផ្សេងទៀត នៅ​ខេត្ត​បាត់ដំបង ។ វិធានការ​ផ្សេងៗ ត្រូវបាន​កំណត់  ដើម្បី​ត្រៀម​បង្ការ និង​ទប់ស្កាត់ ។ 
​បើ​តាម​លោក ចាន់ យុ​ត្ថា បានឱ្យដឹងថា ក្រៅ​ពី​ខេត្ត​បាត់ដំបង ក៏​មាន​ខេត្ត​បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ និង​ព្រះវិហារ​ផងដែរ នឹង​ទទួលរង​នូវ​បញ្ហា​ប្រឈម​ខ្លាំង ។ យ៉ាងណាក៏ដោយ លោក​បញ្ជាក់ថា ឥទ្ធិពល អែល នី​ណូ នេះ នឹង​មាន​នៅ​លើ​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​កម្ពុជា...

​បន្ទាប់ពី​បាន​ចុះ​ពិនិត្យ​វាយតម្លៃ​លើ​សក្កា​នុព​ល​ទឹក ក្នុង​ខេត្ត​បាត់ដំបង​រយៈពេល​ពីរ​ថ្ងៃ ចាប់​ថ្ងៃទី​១៨ - ១៩ ខែ​មករា រួចមក ពិសេស​ចំពោះ​បណ្តា​ស្រុក​ដែល​អាច​មាន​បញ្ហា​ប្រឈម​ខ្ពស់ នឹង​កង្វះ​ទឹក​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ ដូចជា ស្រុក​រុក្ខ​គិរី ស្រុក​មោងឫស្សី ស្រុក​គាស់ក្រឡ លោក ចាន់ យុ​ត្ថា រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ធ្វើ​ការណែនាំ​ដល់​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត និង​អាជ្ញាធរ​ឃុំ​-​ស្រុក ពាក់ព័ន្ធ ចំនួន​៣​ស្រុក និង​ប្រភពទឹក​សំខាន់ៗ​ចំនួន​៣​ផ្សេងទៀត ។​

​ក្នុងនោះ រួមមាន ៖

១. ចំពោះ​ស្រុក​មោងឫស្សី ៖ ប្រភព​ទឹក​សម្រាប់​ប្រើប្រាស់​ក្នុង​ស្រុក​មោងឫស្សី គឺ​អាងទឹក​បាសាក់ ដែល​បច្ចុប្បន្ន អាងទឹក​នេះ នៅសល់​ទឹក​ប្រមាណ​២​លាន​ម៉ែត្រគូប​ប៉ុណ្ណោះ ។ 

​លោក ចាន់ យុ​ត្ថា បាន​ណែនាំ​ដល់​លោក អ៊ុក គង់ អភិបាលស្រុក​ស្តីទី និង​លោក​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត ត្រូវមាន​វិធានការ​គ្រប់គ្រង​ថែរក្សា​ទឹក​នេះ​ឱ្យបាន​ល្អ ទន្ទឹមនេះ អាជ្ញាធរ​ស្រុក និង​មន្ទីរ ត្រូវ​ត្រៀម​ក្នុងការ​ស្វះស្វែង​រក​ប្រភពទឹក​ផ្សេង​បន្ថែមទៀត ទើប​អាច​ទ្រទ្រង់​ការប្រើប្រាស់​នា​រដូវប្រាំង​ខាងមុខ​នេះ​បាន ។ 

​ឆ្លើយតប​ទៅនឹង​ការណែនាំ​នេះ លោក អ៊ុក គង់ អភិបាលស្រុក​ស្តីទី បាន​លើកឡើង​ថា នៅ​ថ្ងៃ​ទី​២១ ខែ​មករា នេះ ស្រុក​នឹង​រៀបចំ​កិច្ចប្រជុំ​មួយ ដោយ​មាន​ការចូលរួម​ពី​ការិយាល័យ​ពាក់ព័ន្ធ ព្រម​ទាំង​ក្រុមហ៊ុន​ផលិត​ទឹកស្អាត​ក្នុងស្រុក ដើម្បី​ត្រៀម​លក្ខណៈ​ឱ្យបាន​ល្អ​ចំពោះ​ការងារ​នេះ ។ 

​លោក ឡុង ផល​គុណ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត​បាត់ដំបង បាន​លើកឡើង​ថា សម្រាប់​ស្រុក​មោងឫស្សី ខាង​មន្ទីរ​បាន​ធ្វើ​ការសិក្សា​រួចហើយ អំពី​ទីតាំង​ដែល​មាន​ទឹក​ក្រោម​ដី ក្នុងករណី​ដែល​ប្រភព​ទឹក​នៅ​ក្នុង​អាងទឹក​បាសាក់ មិន​អាច​ផ្គត់ផ្គង់​ការប្រើប្រាស់​បាន​គ្រប់គ្រាន់ មន្ទីរ​នឹង​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក ក្រុមហ៊ុន​ផលិត​ទឹកស្អាត ដើម្បី​ខួងអណ្តូង​ទាញ​យក​ទឹក​ក្រោម​ដី​មកប្រើប្រាស់​បន្ថែម ។​

២. ចំពោះ​ស្រុក​គាស់ក្រឡ ៖ ពិនិត្យ​លើ​ស្ថានភាព​ជាក់ស្តែង​ដែល​មន្ទីរ​ធនធានទឹក និង​ឧតុនិយម បាន​កំពុង​ដោះស្រាយ គឺ​អាច​ទ្រទ្រង់​សភាពការណ៍​រាំងស្ងួត​បាន ។ វិធានការ​នោះ គឺ​ការ​ទាញ​ទឹក​យក​ពី​ប្រឡាយ​មេ​កង្ហត បញ្ចូល​ទៅក្នុង​ប្រឡាយ​មេ ជី​ម៉ក់ ហើយ​នៅ​ផ្នែក​ខាង​ចុង​ប្រឡាយ​ដែល​មាន​សភាព​ឡើង​ខ្ពស់​ប្រមាណ​៤​គីឡូម៉ែត្រ គឺ​មន្ទីរ​បាន​ដំឡើង​ម៉ាស៊ីន​ខ្នាត​មធ្យម ៦៥​សេះ ០១​គ្រឿង ដើម្បី​អន្តរា​គម​ជាប្រចាំ បូមទឹក​បញ្ជូន​ទៅកាន់​ទីប្រជុំជន​ស្រុក​គាស់ក្រឡ ។​

៣. ចំពោះ​ស្រុក​រុក្ខ​គិរី ៖ យោង​លើ​ស្ថានភាព ផ្ទៃ​ដី​មាន​ស្ថានភាព​ខ្ពស់ជាង​បណ្តា​ស្រុក​ដទៃ ទន្ទឹម​នឹង​នៅ​ក្នុង​ភូមិសាស្ត្រ​ស្រុក ពុំ​មាន​ទីតាំង​ប្រភព​ទឹកធំ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ក៏​បាន​ស្រាវជ្រាវ​រួចហើយ អំពី​ទីតាំង​ដែល​អាច​ទាញយក​ទឹក​ក្រោម​ដី​មក​ប្រើប្រាស់ ដូចនេះ ប្រសិនបើ​មាន​ការ​ប្រឈម​នៅពេល​ខាងមុខ មន្ទីរ​នឹង​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី ដើម្បី​រៀបចំ​ខួងអណ្តូង​បន្ថែម ។​

​ក្រៅ​ពី​បណ្តា​ស្រុក​ដែល​អាច​ប្រឈម​ខ្លាំង​ខាង​លើ ក៏​មាន​បណ្តា​ប្រភពទឹក​សំខាន់ៗ​ចំនួន​៣​ផ្សេងទៀត នឹង​ប្រឈម​ដូច​គ្នា​ផង​ដែរ ក្នុងនោះ​រួមមាន ៖

១. ទំនប់​ពហុ​បំណង ឬ​ហៅ​ថា ទំនប់​សេក​សក ៖ ស្ថិត​នៅក្នុង​ស្រុក​រតន​មណ្ឌល ដែល​បច្ចុប្បន្ន នៅសល់​ទឹក​ប្រមាណ​១២០​លាន​ម៉ែត្រគូប ។ លោក ចាន់ យុ​ត្ថា បាន​ណែនាំ​ដល់​ប្រធាន​មន្ទីរ ត្រូវ​គ្រប់គ្រង​ប្រភព​ទឹក​នេះ​ឱ្យបាន​ល្អ សម្រាប់​ប្រើប្រាស់​ក្នុង​ស្រុក​រតនមណ្ឌល ស្រុក​សំឡូត ស្រុក​សង្កែ ស្រុក​គាស់ក្រឡ ស្រុក​បាណន់ ក្រុង​បាត់ដំបង និង​ស្រុក​ឯក​ភ្នំ ។​

២. អាង​កំពីងពួយ ៖ បច្ចុប្បន្ន នៅសល់​ទឹក​ប្រមាណ​១០០​លាន​ម៉ែត្រគូប ទឹក​ដែល​នៅ​សេសសល់ គឺ​ជា​គោលដៅ​សម្រាប់​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​នៅក្នុង​ស្រុក​បាណ​ន់ និង​ស្រុក​ថ្មគោល ។​

៣. ទំនប់​តា​ហែ​ន ៖ ទឹក​ក្នុង​ស្ទឹង​ប​វេល ត្រង់​ចំណុច​សំណង់​កាត់​ស្ទឹង​តា​ហែ​ន ទឹក​នៅ​មាន​កម្ពស់​២៨​ម៉ែត្រ ។ លោក ចាន់ យុ​ត្ថា បាន​ណែនាំ​បន្ថែម​ដល់​លោក​ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តបាត់ដំបង ឱ្យ​យកចិត្តទុកដាក់​គ្រប់គ្រង​ប្រភពទឹក​នេះ ឱ្យបាន​ល្អ​បំផុត ព្រោះថា ទឹក​នេះ មិនមែន​ជា​គោលដៅ​ប្រើប្រាស់ នៅក្នុង​ស្រុក​ប​វេល ខេត្ត​បាត់ដំបង​ខ្លួនឯង​ប៉ុណ្ណោះ​ទេ តែ វា​ជា​ប្រភពទឹក​តែមួយ​គត់​សម្រាប់​ជួយ​ទៅ​ដល់​ស្រុក​មង្គលបុរី និង​ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​ផងដែរ ។​

​គូសបញ្ជាក់ថា យោង​តាម​សារាចរ​ណែនាំ​របស់​រដ្ឋាភិបាល ស្តីពី​ការចាត់វិធានការ​ថែរក្សា​ទឹក​ទុក ចុះ​ថ្ងៃ​ទី​១៧ ខែ​មករា បញ្ជាក់ថា កម្ពុជា​នឹង​ទទួលរង​ដោយ​ប្រយោល​នូវ​ឥទ្ធិពល​បាតុភូត អែល នី​ណូ ដែល​នឹង​ធ្វើឱ្យ​រដូវប្រាំង​នៅ​កម្ពុជា ពិសេស​នៅក្នុង​ខែ​មេសា និង​ឧសភា មាន​ភាព​ក្តៅ​ហួត​ហែង សីតុណ្ហភាព​អតិបរមា អាច​ហក់​ឡើងដល់​៤០-៤២​អង្សា​សេ ។ 

​តំបន់​ខ្លះ មាន​ភ្លៀង​កក់ខែ​តិច មាន​បាតុភូត​ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់​កើតឡើង​ច្រើន និង​រដូវវស្សា​មក​ដល់​យឺត​ជាង​បណ្តា​ឆ្នាំ​កន្លង​ទៅ ជាដើម ។​ល​។​

​លិខិត​ដដែល​បាន​ណែនាំ​ថា សម្រាប់​ការងារ​បង្កបង្កើនផល​ស្រូវប្រាំង​ឆ្នាំនេះ គឺ​អាច​ធ្វើបាន​តែ​១​ដង​ប៉ុណ្ណោះ ដោយ​មិន​អាច​ធ្វើ​ស្រូវប្រាំង​លើក​ទី​២​បានទេ ទោះបីជា​ទឹក​នៅ​តាម​បណ្តា​អាង​ដែល​បាន​រក្សាទុក និង​កន្លែង​មួយ​ចំនួន​ដែល​មាន​ទឹកធម្មជាតិ​ក៏ដោយ គួរ​គប្បី​រក្សា​ទឹក​នោះ​ទុក​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ និង​ការដាំ​ដំណាំ​រួមផ្សំ​ផ្សេង​ទៀត​ក្រៅពី​ស្រូវ ។​

​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ ត្រូវ​ចូលរួម​ចាត់វិធានការ​ថែរក្សា​ទឹក​ទុក​ឱ្យ​បានល្អ ដើម្បី​ផ្គត់ផ្គង់​សម្រាប់​តែ​ការប្រើប្រាស់​ប្រចាំថ្ងៃ​ប៉ុណ្ណោះ រហូតដល់​ពេល​មាន​ភ្លៀង​ធ្លាក់​ជាធម្មតា​ឡើងវិញ ។​

​លោក ចាន់ យុ​ត្ថា រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​មួយ​ថា ឥទ្ធិពល​បាតុភូត អែល នី​ណូ គឺ​បណ្ដាលមកពី​ការកើនឡើង​សីតុណ្ហភាព​នៅលើ​ផ្ទៃសមុទ្រ ហើយ​សីតុណ្ហភាព​កើនឡើង​នៅលើ​ផ្ទៃ​សមុទ្រ​នេះ បណ្ដាលមកពី​ឧស្សាហកម្ម​ធំៗ​នៅលើ​ពិភពលោក ។​

​លោក​បន្តថា សម្រាប់​កម្ពុជា ខេត្ត​ដែល​នឹង​ទទួលរង​ឥទ្ធិពល​ខ្លាំង​ជាង​គេ គឺ​នៅ​តំបន់​ទំនាប​កណ្ដាល​ភាគ​ពាយ័ព្យ​របស់​កម្ពុជា ដែល​រួមមាន​ខេត្ត​បាត់ដំបង បន្ទាយមានជ័យ សៀមរាប និង​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង រួម​មាន​ឧត្តរមានជ័យ និង​ព្រះវិហារ ។ តំបន់​ទាំង ២ នេះ អាច​នឹង​មាន​កម្ដៅ​រហូត​ដល់ ៤០ ឬ​៤២​អង្សា​សេ ។ ប៉ុន្តែ​ឥទ្ធិពល អែល​នី​ណូ នេះ នឹង​មាន​នៅ​លើ​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស ៕

ព័ត៌មានផ្សេងទៀត