សុបិន​​នៃ​​ការ​នាំចេញ​​«​អង្ករ​១​​លាន​តោន​»​​របស់​​កម្ពុជា​​កាន់តែ​​ឃ្លាត​ឆ្ងាយ​​

18-01-2019 3:56 pm 5914
អង្ករ​ដែល​ស្តុក​ក្នុង​រោង​ម៉ាស៊ីន​កែច្នៃ​អង្ករ​របស់​ក្រុមហ៊ុន​នាំចេញ​អង្ករ​ខ្មែរ​ហ៊្វូដ​កន្លងមក។រូបថតពី ភ្នំពេញប៉ុស្តិ៍

​កម្ពុជា​ធ្លាប់មាន​គោលនយោបាយ​នៃ​ការនាំចេញ​អង្ករ​មួយ​លាន​តោន ក្នុង​ឆ្នាំ​២០១៥​។ ប៉ុន្តៃ​ក្តី​សុបិន​នេះ បាន​បរាជ័យ​ដោយសារតែ​បញ្ហា ហេដ្ឋារចនាសម្ព័ន្ធ ការងារ​យឺត​យាវ​របស់​រដ្ឋាភិបាល កង្វះ​ប្រភព​ទន់​ប្រមូល​ទិញស្រូវ និង បញ្ហា​ថ្លៃដើម​ខ្ពស់​ជាដើម​។ ទោះជា​បរាជ័យ រដ្ឋាភិបា​កម្ពុជា​នៅតែមាន​មហិច្ឆតា​ឱ្យ​គោលនយោបាយ​នាំចេញ​អង្ករ​នេះ ជោគជ័យ​នៅ​ឆ្នាំ​ខាងមុខ​។​តែ​ពេលនេះ ក្តី​សុបិននេះហាក់​ដូចជា​កាន់តែ​ឃ្លាតឆ្ងាយ ដោយហេតុតែ​ការនាំចេញ​អង្ករ​កម្ពុជា បាន​ជួប​បញ្ហា​ថ្មី​ទៀត គឺ អឺរ៉ុប​កំណត់​ដក​ហូតពន្ធ​។​

​ឆ្នាំ​២០១៥ គឺជា​ឆ្នាំ​ដែល​រដ្ឋាភិបាល​កម្ពុជា កំណត់​គោលនយោបាយ​ធ្វើយ៉ាងណា​នាំចេញ​អង្ករ​មួយ​លាន​តោន​។ តែ​គោលដៅ​ប្រកបដោយ​មហិច្ឆតា​នេះ មិន​ទទួលជោគជ័យ​ទេ​។ ក្នុង​ឆ្នាំ​២០១៥ កម្ពុជា​លក់​អង្ករ​ទៅ​ក្រៅប្រទេស បាន​ចំនួន​កន្លះ​លាន​តោន​ប៉ុណ្ណោះ​។

​រដ្ឋាភិបាល​ពន្យល់ថា មាន​កត្តា​សំខាន់​ពីរ ដែល​ធ្វើឲ្យ​កម្ពុជា បរាជ័យ​ចំពោះមុខ​គោលនយោបាយ​នាំចេញ​អង្ករ​ឱ្យបាន​មួយ​លាន​តោន ក្នុង​ឆ្នាំ​២០១៥​។ សំខាន់​ទី​១ គឺ កត្តា​អត្តនោម័ត​៖ ដោយសារតែ​កម្ពុជា​ខ្វះខាត​ម៉ាស៊ីន​កិនស្រូវ ឃ្លាំង​ស្តុក​ស្រូវ និង ប្រាក់កាស ទើប​ការប្រមូល​ទិញស្រូវ​មិនអាច​ធ្វើឡើង បាន​ច្រើន​ឡើយ​។ សំខាន់​ទី​២ កត្តា​សត្យានុម័ត ដោយសារតែ​ប្រទេស​នៅក្នុង​តំបន់​មេគង្គ កំពុងតែ​ផលិត​អង្ករ​ដូចៗ​គ្នា​សម្រាប់​ការនាំចេញ​។ ការផលិត​អង្ករ​ដូចៗ​គ្នា​នេះ ធ្វើឱ្យ​ការប្រកួតប្រជែង​មាន​លក្ខណៈ​ស្វិតស្វាញ​កាន់តែខ្លាំង​។​

​បើទោះជា​បរាជ័យ​ក្នុង​ឆ្នាំ​២០១៥  រដ្ឋាភិបា​កម្ពុជា នៅតែមាន​ចិញ្ចឹមចិត្ត ធ្វើយ៉ាងណា​ឱ្យ​គោលនយោបាយ​នាំចេញ​អង្ករ​នេះ ជោគជ័យ​នៅ​ឆ្នាំ​ខាងមុខ​។ រដ្ឋាភិបាល​កម្ពុជា មាន​ការប្រឹងប្រែង​កំណែទម្រង់​ជាច្រើន ធ្វើយ៉ាងណា​ឱ្យ​គោលនយោបាយ​នាំចេញ​អង្ករ​ជោគជ័យ តាមរយៈ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ការបញ្ចុះ​តម្លៃ​ភ្លើងអគ្គិសនី បង្កើត​ម៉ាស៊ីនកិនស្រូវ និង ឃ្លាំង​ស្តុក​ស្រូវ ពោលគឺ​ធ្វើយ៉ាងណា កាត់បន្ថយ​តម្លៃ​ដើម​ផលិត​សម្រាប់​កសិករ​។​

​កិច្ចខិតខំ​ប្រឹងប្រែង​នេះ ធ្វើឱ្យ​ការនាំចេញ​អង្ករ​កម្ពុជា​ទៅខាង​ប្រទេស មាន​ការកើនឡើង​ជា​បន្តបន្ទាប់ ហើយ​អង្ករ​កម្ពុជា​មាន​ការទទួល​ស្គាល់​គុណភាព​ពី​អន្តរជាតិ​ថា ជា​អង្ករ​លេខ ១ ខ្ពស់ជាង​អង្ករ​ថៃ និង វៀតណាម​។ ប៉ុន្តែ​មកដល់​២០១៨ ការនាំចេញ​អង្ករ​របស់​កម្ពុជា ផ្តើម​បន្ត​ធ្លាក់ចុះ បើ​ធៀប​ជា​មួយឆ្នាំ​២០១៧​។​

​ភាគី​ពាក់ព័ន្ធ​ពន្យល់ថា ការធ្លាក់ចុះ​នេះ បង្ក​មកពី​តម្លៃ​ការផលិត​ខ្ពស់ រារាំង​ការប្រកួតប្រជែង​នៅលើ​ទីផ្សារ​អន្តរជាតិ សមត្ថភាព​នៃ​ការ​ទិញស្រូវ​នៅតែមាន​កម្រិត ដែល​ម្ចាស់​រោង​ម៉ាស៊ីន​កិនស្រូវ ឬ​ក្រុមហ៊ុននាំចេញ​អង្ករ ត្រូវ​ការប្រកួតប្រជែង​តម្លៃ​ស្រូវ​ជាមួយ​ឈ្មួញ មកពី​ប្រទេសជិតខាង​។ កង្វះ​ដើមទុន​ដែល​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ​មិនអាច​ទិញស្រូវ​ក្នុងតម្លៃ​ខ្ពស់ និង ជាពិសេស បារម្ភ​ពី​វិធានការ​របស់​អឺរ៉ុប លើ​ការយកពន្ធ​អង្ករ​ពី​កម្ពុជា​។​

​ក្តីបារម្ភ​របស់​ឈ្មួញ​អ្នក​នាំចេញ​អង្ករ ស្របពេល​ដែល​កម្ពុជា​មាន​ជម្លោះ​នយោបាយ​ផ្ទៃក្នុង ហើយ​ប្រទេស​លោក​ប្រជាធិបតេយ្យ​មាន សហភាព​អឺរ៉ុប និង អាមេរិក ព្រមាន​ដាក់ទណ្ឌកម្ម តាមរយៈ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA តាម​ការអំពាវនាវរ​បស់​អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែលជា​បក្សប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា​។​

​សហភាព​អឺរ៉ុប គឺជា​ទីផ្សារ​ទី​១ សម្រាប់​ឱ្យ​កម្ពុជា​នាំ​អង្ករ​ចូល​ដោយ​មិន​កំណត់​ថ្លៃ​ពន្ធ​នាំចូល​។ តាម​ការបង្ហាញ​របស់​ក្រសួងកសិកម្ម​កម្ពុជា ក្នុង​ឆ្នាំ​២០១៨ អង្ករ​របស់​កម្ពុជា នាំទៅ​ទីផ្សារ​អឺរ៉ុប មាន​ចំនួន​សរុប​ជាង ២៦ ម៉ឺន​តោន ខណៈ​ប្រទេស​ចិន​ដែល​ធ្លាប់​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​កម្ពុជា​ថា ទិញ​អង្ករ​កម្ពុជា​ឱ្យបាន​៣០​ម៉ឺន​តោន​មាន​ត្រឹមតែ ១៧​ម៉ឺន​តោន​។​

​ប៉ុន្តែ​ចាប់ពី​ថ្ងៃទី​១៨ មករា ឆ្នាំ​២០១៩​នេះ​តទៅ អង្ករ​កម្ពុជា​នាំទៅ​អឺរ៉ុប នឹងត្រូវ​កំណត់​ដក​ហូតពន្ធ ១៧៥ អឺរ៉ូ ឬ​ស្មើនឹង​ប្រមាណ ២០០ ដុល្លារ​អាមេរិក នៅក្នុង​អង្ករ​១​តោន​។​ការកំណត់​យកពន្ធ​អង្ករ ១​តោន ២០០ ដុល្លារ​អាមេរិក​នេះ កម្ពុជា​អាច​ត្រូវ​ខាត​បង់ប្រាក់​ប្រមាណ​៥០​លាន​ដុល្លារ​អាមេរិក ក្នុង​មួយឆ្នាំ សម្រាប់​អង្ករ​នាំទៅ​អឺរ៉ុប​។​

​អ្នកជំនាញ​សេដ្ឋកិច្ច​មួយចំនួន មើលឃើញថា ឧស្សាហកម្ម​ស្រូវ​អង្ករ​របស់​កម្ពុជា អាច​នឹង​ងាក​ទៅ​លក្ខខណ្ឌ​មិនល្អ ដោយសារ​កង្វះ​សមត្ថភាព​ប្រកួតប្រជែង ហើយ​កសិករ​កម្ពុជា​មួយ​ចំនួន​ធំ​អាច​នឹងរង​ផលប៉ះពាល់ នឹង​ត្រូវតែ​ពឹងផ្អែក​លើ​អ្នកទិញ​ស្រូវ​ពី​ប្រទេសជិតខាង​។ ដូច្នេះ​គោលដៅ​ប្រកបដោយ​មហិច្ឆតា ក្នុង​ការនាំចេញ​អង្ករ​ឱ្យបាន​មួយ​លាន​តោន​របស់​កម្ពុជា អាច​កាន់តែ​ឃ្លាតឆ្ងាយ​។​

​តែ​យ៉ាងណា បញ្ហា​ស្រូវ​អង្ករ​បច្ចុប្បន្ន អាច​ជាការ​តេស្ត​សមត្ថភាព​រដ្ឋាភិបាល​កម្ពុជា​ផង និង ជា​សារ​ដល់​ក្រសួង​ពាន់​ព័ន្ធ​ឱ្យ​រួមគ្នា​ធ្វើការ ដើម្បី​សង្គ្រោះ​វិស័យ​ស្រូវ​អង្ករ​ខ្មែរ​។ ដូច្នេះ​ចាប់ពី​អំណេះត​ទៅ ក្រសួង​ពាន់​ព័ន្ធ​កម្ពុជា គួរ​នាំគ្នា​ជួយ​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ចជាតិ ហើយ​គួរ​លុបបំបាត់ចោល​គំនិត​គិតតែ​ពី​តំណែង​និង​ក្រុមគ្រួសារ​ខ្លួន​។ ប្រសិនបើ​កម្ពុជា​នៅតែ​ភ័យខ្លាច​នឹង​បញ្ហា បានន័យថា ខ្លាច​ការអភិវឌ្ឍ​សមត្ថភាព​ខ្លួនឯង សម្រាប់​ពេលអនាគត​៕

 


ព័ត៌មានផ្សេងទៀត