នារដូវក្តៅ អាកាសធាតុមិនសូវល្អ សត្វភាគច្រើនអន់ចំណី ដែលធ្វើឱ្យសត្វបាក់កម្លាំងចុះទន់ខ្សោយទៅជាឈឺ ។
រោគសញ្ញា ៖
- សត្វចុះទម្ងន់
- សត្វមានសម្បុរស្រអាប់
- សត្វខ្សោយទ្រុឌទ្រោម
- សត្វស្ញោរៗ
មូលហេតុ ៖
- ចំណីមិនសូវមានគុណភាព
- ជំងឺឆ្លងផ្សេងៗ
- ឱ្យសត្វធ្វើការហួសកម្លាំងពេក
- មានព្រូន
- អាកាសធាតុក្តៅ
- ជំងឺក្រពះ
- ឱ្យសត្វស៊ីចំណីមិនទៀងទាត់
- គ្រុនក្តៅ
វិធានការការពារ ៖
នៅរដូវក្តៅ បើគុណភាពចំណីមិនសូវល្អ យើងគួរបន្ថែមចំណីដែលមានជីជាតិ ដើម្បីឱ្យសត្វស៊ីស្មៅបានច្រើន ។ វិធីធ្វើរួមមាន
១. យកផ្លែស្រម៉ទុំ៥គីឡូក្រាម កន្ទួតទុំ៥គីឡូក្រាម និងអំបិល៦ខាំកិនបញ្ចូលគ្នា
២. ដាក់ផ្លែដែលកិនហើយក្នុងធុងមួយ
៣. ចាក់ទឹកនោមគោចំនួន១៥លីត្រចូលបន្ថែម
៤. ទុកឱ្យវាឡើងមេ រយៈពេល២០ថ្ងៃ
នៅពេលដែលវាឡើងមេហើយ បញ្ច្រកឱ្យសត្វកន្លះលីត្រ មួយដងក្នុង១ថ្ងៃ រហូតដល់វាស៊ីស្មៅវិញ ។
វិធីព្យាបាល ៖
- លាយទឹកផ្លែអំពិលទុំកន្លះគីឡូ និងផ្លែស្រម៉ស្ងួតចំនួន១០គ្រាប់ ។ បើសត្វពេញវ័យបញ្ច្រកម្តងក្នុង១ថ្ងៃ រហូតដល់វាស៊ីស្មៅធម្មតា ។ ចំពោះសត្វតូច បញ្ច្រកតែចំនួន២០០មីលីលីត្រទេ ។
- លាយទឹកស៊ីអ៊ីវ១ស្លាបព្រាបាយ ទឹកប្រហែល៥ស្លាបព្រាបាយ និងម្សៅកំពឹស ឬបង្គាបុក ចំនួនកន្លះខាំ ឱ្យសត្វស៊ីម្តងក្នុង១ថ្ងៃ រយៈពេល៣ថ្ងៃ ។
- បុកវល្លិ៍បណ្តូលពេជ្រ ចំនួន១ខាំ និងមើមរំដេង១ខាំ ហើយលាយជាមួយបាយ២ខាំ ។ ពូតវាជាដុំល្មមៗ ហើយបញ្ច្រកឱ្យសត្វស៊ីមួយដងក្នុង១ថ្ងៃ រយៈពេល៣ថ្ងៃ ។
ដកស្រង់ចេញពីសៀវភៅ មេរៀនកសិករ របស់អង្គការសេដាក ៕