ថ្ងៃ​អនាគត​កម្ពុជា​នឹង​ពង្រឹងសមត្ថភាព​ដើម្បី​ឈាន​រុករក​ប្រេង​ដោយ​ខ្លួនឯង​

17-01-2019 5:42 pm 4538
  ស្តាប់
ស្តាប់ជាសំឡេង

​កម្ពុជា​នឹង​ទាញ​យក​ដំណក់​ប្រេង​លើកដំបូង​របស់​ខ្លួន នៅ​ចុងឆ្នាំ​២០១៩ ខាងមុខ នៅ​តំបន់​ប្រេង​ប្លុក​A នៃ​ដែនសមុទ្រ​កម្ពុជា ចំងាយ​ប្រមាណ​១៧០​គីឡូម៉ែត្រ ពី​ខេត្ត​ព្រះសីហនុ ដែល​ជា​កំពង់ផែ​ដ៏​សំខាន់​មួយ​នៅ​ភាគ​និរតី នៃ​ប្រទេស​កម្ពុជា​។ នេះ​បើ​តាម​ការបញ្ជាក់​ជាថ្មី ពី​សំណាក់​លោក​ជៀប សួរ អគ្គនាយក​ប្រេងកាត នៃ​ក្រសួង​រ៉ែ និង​ថាមពល ប្រាប់​ដល់​វិទ្យុ​វា​យោ នៅ​ថ្ងៃ​ទី​១៧ ខែ​មករា​នេះ​។​

​លោក​ជៀប សួរ មានប្រសាសន៍ថា នៅពេល​កម្ពុជា​ក្លាយជា​ប្រទេស​ផលិត​ប្រេង​នោះ កម្ពុជា​រំពឹង​ទទួលបាន​អត្ថប្រយោជន៍​យ៉ាងច្រើន តាមរយៈ​ចំណូល​សារពើពន្ធ​, មាន​សន្ដិសុខ​ថាមពល​, កំណើន​ឧស្សាហកម្ម​ពាក់ព័ន្ធ​,​ជំរុញ​កំណើន​សេដ្ឋកិច្ច ក្នុងនោះ នឹង​ទាក់ទាញ​វិនិយោគិន​ក្នុង និង​ក្រៅ​ស្រុក​, បង្កើន​ផលិតផល​ក្នុងស្រុក​សរុប​,​បង្កើន​ការងារ​ដល់​ប្រជាពលរដ្ឋ​និង​ចំណេះដឹង និង​បង្កើន​ចំណូល​ប្រជាពលរដ្ឋ ផងដែរ​។​

សំឡេង​

​ក្រុមហ៊ុន​ប្រេង និង​ឧស្ម័ន KrisEnergy Ltd ជា​ក្រុមហ៊ុន​ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​លើ​វិស័យ​មួយ​នេះ មាន​ភាគហ៊ុន​៩៥​ភាគរយ និង​រដ្ឋាភិបាល​កម្ពុជា​៥​ភាគរយ​។ ក្រុមហ៊ុន​ធ្លាប់​បាន​ប្រកាសថា ខ្លួន​រំពឹង​នឹង​ផលិត​ប្រេង​ឆៅ​៧​ពាន់​ធុង​ក្នុង​មួយ​ថ្ងៃ​។​

​លោក​អគ្គនាយក​ប្រេងកាត មានប្រសាសន៍​បន្ថែម​ថា ចំពោះ​ការផ្តល់​អាជ្ញាប័ណ្ណ​ដល់​ក្រុមហ៊ុន​Kris Energy Ltd​នេះ មាន​កុងត្រា​រយៈពេល​២៥​ឆ្នាំ​។ ក្នុង​លក្ខខណ្ឌ​ដែល​ការ​បូម​ប្រេង​នៅ​មិនទាន់​អស់ ក្រោយ​បញ្ចប់​កុងត្រា​ក្រុមហ៊ុន​អាច​នឹង​មាន​លទ្ធភាព​ពិភាក្សា​ជាមួយនឹង​ក្រសួង​ក្នុង​ការផ្តល់​កុងត្រា​រយៈ​៥​ឆ្នាំ​ម្តង​។​

សំឡេង​

​ឆ្លើយ​នឹង​សំណួរ​ថា តើ​ទៅ​ថ្ងៃ​អនាគត​កម្ពុជា​ធ្លាប់​មានក្តី​រំពឹងថា នឹង​អភិវឌ្ឍន៍​ខ្លួន ដើម្បី​មាន​សមត្ថភាព​ក្នុង​ការឈាន​ទៅ​រុករក និង​ទាញ​យក​ប្រេង​ដោយ​ខ្លួនឯង​ដែរ​ទេ​? លោក​ជៀប សួរ មានប្រសាសន៍​បញ្ជាក់​ថា នៅពេល​ដែល​កម្ពុជា​ពង្រឹង​សមត្ថភាព​មន្ត្រី​ជំនាញ​បាន​ហើយ ប្រាកដ​ណាស់​ថា កម្ពុជា​នឹង​ឈាន​ទៅ​រុករក​លើ​វិស័យ​ប្រេង​នេះ​ដោយ​ខ្លួនឯង​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ កម្ពុជា​នឹង​នៅតែ​បន្ត​ស្វាគមន៍​សម្រាប់​ការវិនិយោគ​របស់​វិស័យ​ឯកជន​។​

​សំឡេង

​គួរ​ជម្រាបជូន​ថា កិច្ចព្រមព្រៀង​សម្រាប់​ការអភិវឌ្ឍន៍​អណ្តូងប្រេង​កាត់​នៅ​ប្លុក A នៃ​ដែនសមុទ្រ​កម្ពុជា ដែល​បាន​ចុះហត្ថលេខា ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២៣​ខែ​សីហា​នេះ រាជរដ្ឋាភិបាល​កម្ពុជា អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន គ្រីស​អេ​នើ​ជី ធ្វើ​ផលិតកម្ម​លើក​ទី​១​របស់ខ្លួន គឺ​ជំហាន 1A និង 1B នៃ​ប្លុក A ដែល​មាន​ផ្ទៃក្រឡា​១៩៨​គីឡូម៉ែត្រ​ការ៉េ នៃ​ទំហំ​ប្លុក A ទាំងមូល​ចំនួន ៣,០៨៣​គីឡូម៉ែត្រ​ការ៉េ​។ តំបន់​កិច្ចសន្យា​ប្លុក A របស់​កម្ពុជា ស្ថិតនៅ​ក្នុង​អាង​សមុទ្រ​ខ្មែរ ក្នុង​តំបន់​ឈូង​សមុទ្រ​ថៃ ដែល​មាន​ជម្រៅ​ទឹក​ចន្លោះ​ពី​៥០​ម៉ែត្រ ទៅ​៨០​ម៉ែត្រ​។

​បរិមាណ​សក្តានុពល​ធ​ន​ធាន​ប្រេងកាត ដែល​ត្រូវបាន​សិក្សា​រកឃើញ និង​រំពឹង​ទុក​សម្រាប់​ដំណាក់កាល​ដំបូង នៅ​តំបន់​ប្លុក A ត្រូវបាន​ប៉ាន់ស្មាន​ថា អាច​មាន​លើស​ពី​៣០​លាន​បារ៉ែល ដែល​អាច​មាន​លទ្ធភាព​ពាណិជ្ជកម្ម​គ្រប់គ្រាន់ ដើម្បី​ជំរុញ​កម្ពុជា​ឲ្យក្លាយ​ជាប្រទេស ផលិត​ប្រេង​ឆៅ​មួយ​ផង​ដែរ​ទៅ​ថ្ងៃ​អនាគត​៕

ព័ត៌មានផ្សេងទៀត