លោកប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងព្រុចស៊ែល ប្រទេសបែលហ្ស៊ិក នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានដដែលបានគូសបញ្ជាក់ថា ក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប នឹពិភាក្សាគ្នាអំពីវិស័យសេដ្ឋកិច្ចសហប្រតិបត្តិការមួយចំនួន ដែលមានផលប្រយោជន៍រួម ដើម្បីសម្រេចបាននូវគោលបំណងរួមមួយ នៃសមារណកម្មតំបន់ប្រកបដោយសន្តិភាព ស្ថិរភាព និងវិបុលភាប។ ក្រៅពីនេះលោកប្រាក់ សុខុន មានគម្រោងនឹងជួបទ្វេភាគី ជាមួយមន្ត្រីសហភាពអឺរ៉ុបមួយចំនួនផងដែរ៕