អាជ្ញាធរ​កម្ពុជា​​ឃាត់ខ្លួន​អតីត​សកម្មជន​បក្សប្រឆាំង​មួយរូប​​រឿង​ញុះញង់​​

17-01-2019 12:51 pm 1226
  ស្តាប់
ស្តាប់ជាសំឡេង

​លោក​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ប្រាប់​សារព័ត៌មាន​ហ្វេ​ស​ញ៉ូ​ថា កម្លាំង​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០១៩ បាន​ឃាត់ខ្លួន​​សកម្មជន​គណបក្សសង្រ្គោះជាតិ​ម្នាក់ ឈ្មោះ​គង់ ម៉ាស់ ក្រោយ​ប្រមាថ​រាជរដ្ឋាភិបាល និង​ញុះញង់ បង្ក​អសន្ដិសុខ និង​បង្កចលាចល​ដល់​សង្គម​។ ការឃាត់ខ្លួន​នេះ ត្រូវបាន​លោក​ខៀវ សុភ័គ បញ្ជាក់ថា ធ្វើឡើង​បន្ទាប់ពី​មាន​ដីកា​ពី​តុលាការ​។​

​យ៉ាងណាក៏ដោយ​បើតាម​របាយការណ៍​សមត្ថកិច្ច បានឱ្យដឹងថា ក្រោយ​ឃាត់ខ្លួន ជននេះ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅកាន់ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​ដើម្បី​ធ្វើ​ការសាកសួរ​។ តាម​ការស្រាវជ្រាវ​វត្ថុតាង​ក្នុង​កុំព្យូទ័រ គឺមាន​ឯកសារ​សំខាន់ៗ​ជាច្រើន ដែល​ទាក់ទង​នឹង​ផែនការ​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល តាម​បញ្ជា​របស់​បុគ្គល​សម រង្សី​។ នេះ​បើតាម​របាយការណ៍​សមត្ថកិច្ច​។​

​សូមបញ្ជាក់ថា អតីត​សកម្មជន​ក្រុមប្រឆាំង​ខាងលើ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នេះ មាន​ស្រុកកំណើត​នៅ​ភូមិ​ខ្លា​លោត ឃុំ​កំពង់ត្រាច ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង​។ លោក​ត្រូវបាន​លោក​កែវ សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​បញ្ជា​ឲ្យ​បង្ហាញខ្លួន​នៅ​នាយកដ្ឋាន​សន្ដិសុខ​ផ្ទៃក្នុង​នៃ​ក្រសួងមហាផ្ទៃ ឲ្យបាន​មុន​ថ្ងៃទី​១៤ កុម្ភៈ ឆ្នាំ​២០១៩ ដើម្បី​សាកសួរ​ពាក់ព័ន្ធ​ធ្វើ​សកម្មភាព​ប្រមាថ​ប្រមុខ​រាជរដ្ឋាភិបាល និង​ញុះញង់​ដោយ​ប្រើ​ខ្សែអាត់​វីដេអូ​ផ្សព្វផ្សាយ​កន្លងមក តាម​ប្រព័ន្ធ​ហ្វេ​ស​បុក ក្នុង​គោលបំណង​ឲ្យ​សាធារណជន និង​ប្រជាពលរដ្ឋ​ឱ្យ​ស្អប់ខ្ពើម​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក​ហ៊ុន សែន​៕

ព័ត៌មានផ្សេងទៀត