ថ្លែងជាសាធារណៈតាមរយៈបណ្តាញតេឡេក្រាម អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន បានលើកឡើងថា ទម្រាំមានថ្ងៃនេះ កម្ពុជាបានឆ្លងកាត់ដំណាក់កាលប្រវត្តិសាស្ត្រដ៏ជូរចត់ជាច្រើន តាមរយៈការលូកដៃរបស់បរទេសចូលកិច្ចការផ្ទៃក្នុងកម្ពុជា។ លោកថា នៅទសវត្សរ៍ឆ្នាំ៧០ ពួកគេមកបង្កើតសង្គ្រាម៥ឆ្នាំនៅកម្ពុជា ទម្លាក់គ្រាប់បែករាប់លានតោន ធ្វើឲ្យប្រជាជនកម្ពុជា ស្លាប់រាប់សែននាក់។ នៅចុងទសវត្សរ័ឆ្នាំ៧០គេនាំគ្នាគាំទ្រ និងឧបត្ថម្ភរបបខ្មែរក្រហម ឲ្យកាប់សម្លាប់ប្រជាជនកម្ពុជាអស់រាប់លាននាក់ទៀត។
លោកសុខ ឥសានបន្ថែមថា នៅទសវត្សរ៍ឆ្នាំ៨០គេនាំគ្នាដាក់ទណ្ឌកម្មសេដ្ឋកិច្ច នយោបាយមកលើកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលបានបូជាជីវិតដើម្បីរំដោះប្រជាជនឲ្យរួចផុតពីការកាប់សម្លាប់នៃរបបប្រល៍យពូជសាសន៍។ លោកចំអកទៅបរទេស ដែលព្រមានកម្ពុជា ពេលនេះថា កុំអាងអីដាក់សម្ពាធមកលើកម្ពុជា វាសុំាសម្រាប់ប្រជាជនកម្ពុជាទៅហើយ ហើយកម្ពុជាមិនស្ថិតនៅជាភូមិសាស្ត្រនយោបាយរបស់ពួកបរទេសណាទៀតឡើយ។
លោកសុខ ឥសាន ប្រាប់ថា ស្ថិតនៅចំពោះមុខស្ថានភាពនេះ កម្ពុជា គ្មានអ្វីក្រៅពីត្រូវខិតខំរើបម្រះដើម្បីរស់ដោយខ្លួនឯង មិនពឹងលើដង្ហើមគេទាំងស្រុងនោះឡើយ។ ដូច្នេះ បរទេសទាំងឡាយ ឈប់លូកដៃ កកូរកកាយផ្ទៃក្នុងកម្ពុជាទៀត។
លោកនិយាយថា គោលការណ៍លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋគឺជារឿងដែលរដ្ឋាភិបាលកម្ពុជាត្រូវតែពង្រឹងដើម្បីធានារក្សាសន្តិភាព ស្ថិរភាពនយោបាយ និងសុខសុវត្ថិភាពនៅកម្ពុជា។ លោកបញ្ជាក់ថា បើបរទេសណា ចង់មានទំនាក់ទំនងល្អជាមួយកម្ពុជា ហើយដាក់លក្ខខណ្ឌថាត្រូវតែដោះលែងលោកកឹម សុខា ឲ្យរួចខ្លួននោះគឺជាការចង់បង្គាប់បញ្ជា ជាការលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជា និងជាការរំលោភគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា។
ពាក់ព័ន្ធនឹងការព្រមានដាក់ទណ្ឌកម្មមកលើកម្ពុជា ក៏ត្រូវបានលើកហ៊ុន សែន ថា ល្បែងគំរាមដាក់ទណ្ឌកម្មមកលើកប្រទេសទន់ខ្សោយពីប្រទេសមានអំណាច ល្មមត្រូវបញ្ចប់ហើយ។ លោកហ៊ុន សែន បញ្ជាក់ថា កម្ពុជាមិនចង់ធ្វើសត្រូវជាមួយប្រទេសណាមួយនោះទេ គឺចង់ធ្វើមិត្តភក្តិជាមួយប្រទេសទាំងអស់នៅលើពិភពលោក។ ប៉ុន្តែលោកហ៊ុន សែន អះអាងថា មិនខ្លាចការដាក់ទណ្ឌកម្ម ពីសំណាក់អន្តរជាតិនោះទេ។ ព្រោះលោកធ្លាប់ដឹកនាំប្រទេស ក្រោមការហ៊ុមព័ទ្ធសេដ្ឋកិច្ចដ៏លំបាកនេះ រួចមកហើយ។
ប្រតិកម្មរបស់លោកសុខ ឥសាន ក៏ដូចការថ្លែងរបស់លោក ហ៊ុន សែន ថ្មីៗនេះ គឺស្របពេលដែលសហភាពអឺរ៉ុប កំពុងតែរៀបចំនីតិវិធីដាក់ទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជា ដោយផ្តាច់ការអនុគ្រោះពន្ធEBA ក្នុងករណីដែលរដ្ឋាភិបាលកម្ពុជា មិនស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ ដោយដោះលែងលោកកឹម សុខា និងឲ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញទេនោះ៕