លោក​សម​រង្ស៊ី​៖ ខ្ញុំ​ជា​មនុស្ស​ម្នាក់​គត់​ដែល​បាន​ជំរុញ​ឱ្យ​អន្តរជាតិ​ដាក់ទណ្ឌកម្ម​

15-01-2019 9:13 am 1009
  ស្តាប់
ស្តាប់ជាសំឡេង

​លោក សម រង្ស៊ី បញ្ជាក់ថា លោក​ជា​មនុស្ស​តែ​ម្នាក់​គត់ ដែល​បាន​ជម្រុញ​ឱ្យ​អន្តរជាតិ​ដាក់ទណ្ឌកម្ម​មកលើ​រប​បលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដូច្នេះ​លោក​ថា បើសិនជា​លោក​ហ៊ុន សែន ចង់​បញ្ចៀស​ទណ្ឌកម្ម​ទាំងនោះ លោក​ហ៊ុន សែន គួរតែ​ចាប់ផ្តើម​ចរចា​ជាមួយ​សហភាព​អឺរ៉ុប ដើម្បី​បើកផ្លូវ​ឱ្យ​លទ្ធិប្រជាធិបតេយ្យ​រស់​ឡើងវិញ...

​ថ្លែង​នៅ​លើ​ទំព័រ​ហ្វេ​សប៊ុក​របស់ខ្លួន នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​មករា លោក សម រង្ស៊ី បាន​ប្រាប់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ថា ខឹង​គោ កុំទៅ​វ៉ៃ​រទេះ ។ បើ​ខឹង​ទណ្ឌកម្ម​ពី​សហភាព​អឺរ៉ុប កុំទៅរ​ករឿង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ រាប់លាន​នាក់​នៅ​កម្ពុជា ។ 

​លោក​សម រង្ស៊ី បញ្ជាក់ថា លោក​ជា​មនុស្ស​តែ​ម្នាក់​គត់ ដែល​បាន​ជំរុញ​យ៉ាង​សកម្ម ឱ្យ​សហគមន៍​អន្តរជាតិ ដាក់ទណ្ឌកម្ម​មកលើរ​បប​ផ្តាច់ការ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ។ 

​លោក​ថា បើ​លោក ហ៊ុន សែន ចង់​បញ្ចៀស​ទណ្ឌកម្ម​ទាំងនោះ ព្រោះ​លោក​នាយករដ្ឋមន្ត្រី​ចេះ​គិតគូរ​ពី​សុខុមាលភាព​ប្រជារាស្ត្រ​ខ្មែរ លោក​ហ៊ុន សែន គ្រាន់តែ​បញ្ឈប់​នយោបាយ​គាបសង្កត់​មក​លើ​ប្រជារាស្ត្រ ហើយ​ចាប់ផ្តើម​ចរចា​ជាមួយ​សហភាព​អឺរ៉ុប ដើម្បី​បើកផ្លូវ​ឱ្យ​លទ្ធិប្រជាធិបតេយ្យ រស់​ឡើង​វិញ​នៅ​កម្ពុជា​ទៅ​វា​បាន​ទៅ​ហើយ ។​

​កាលពី​ថ្ងៃ​ទី​១៤ ខែ​មករា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​៣ ឆ្លងកាត់​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល ថា ការដាក់ទណ្ឌកម្ម​លើ​កម្ពុជា ស្មើ​នឹង​សម្លាប់​បក្សប្រឆាំង ។

លោក​បញ្ជាក់ថា បើ​មាន​ការដាក់ទណ្ឌកម្ម​ម​កលើ​កម្ពុជា កម្ពុជា​ក៏​នឹង​អនុវត្ត​ច្បាប់​តឹងរឹង ជាមួយ​ក្រុមប្រឆាំង ហើយ​ប្រទេស​អឺរ៉ុប​ដែល​ដាក់ទណ្ឌកម្ម គ្មាន​សិទ្ធិ​អ្វី​មក​និយាយ​លើ​ការអនុវត្ត​ច្បាប់​កម្ពុជា​ទៀត​នោះ​ដែរ ។ 

​យ៉ាងណាម៉ិញ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន តាមរយៈ​ប្រព័ន្ធ​តេ​លេក្រា​ម នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​មករា ថា ការដឹកនាំ​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ក្នុង​រយៈពេល​រាប់​សិប​ឆ្នាំ​មកនេះ ត្រូវបាន​ពលរដ្ឋ​កម្ពុជា​គាំទ្រ​កាន់តែ​ច្រើនឡើងៗ ដោយសារ​តែ​បាន​ធ្វើឱ្យ​ប្រទេសជាតិ មាន​ការអភិវឌ្ឍ រីកចម្រើន​លើ​គ្រប់​វិស័យ ។​

​លោក​ថា ទន្ទឹម​នឹង​មោទកភាព​ជាតិ​នេះ ក៏​នៅ​មាន​ខ្មែរ​មួយចំនួន និង​ជនបរទេស​ខ្លះ ដោយ​ការ​ច្រណែន ឈ្នានីស និង​ដោយសារ​មាន​សតិអារម្មណ៍​មនោគមវិជ្ជា​គ្រប់មុខ បាន​ធ្វើ​មើលមិនឃើញ​នូវ​សច្ចភាព​នៃ​ការដឹកនាំ​ប្រទេស​របស់​លោក​នាយករដ្ឋមន្ត្រី ហើយ​បែរជា​វាយតម្លៃ​បិទ​ភ្នែក​បែប​អវិជ្ជមាន ផ្ទុយ​ពី​ការពិត និង​ថែម​ទាំង​ដាក់​កំហុស​លើ​លោក ហ៊ុន សែន ថែម​ទៀត ៕

ព័ត៌មានផ្សេងទៀត